ព័ត៌មានទាន់ហេតុការណ៍៖

រកការងារធ្វើមិនបានហើយ ថែមទាំងវង្វេងរកផ្លូវចូលផ្ទះអត់ឃើញទៀត

ចែករំលែក៖

ភ្នំពេញ៖ នាងក្រមុំម្នាក់បានចាកចេញពីស្រុកកំណើតនៅឯខេត្តកំពង់ឆ្នាំង មកកាន់រាជធានីភ្នំពេញដើម្បីរកការងាររោងចក្រធ្វើហើយ នាងបានមកដល់ភ្នំពេញនាវេលាយប់ និងបានស្នាក់នៅផ្ទះជួលជាមួយប្អូនស្រីបង្កើត និងប្អូនជីដូនមួយ លុះព្រឹកឡើងនាងបានទៅ ធ្វើតេស្តរកការងារធ្វើនៅរោងចក្រកាត់ដេរមួយកន្លែង ប៉ុន្តែខណៈនោះធ្វើតេស្តមិនជាប់ឡើយ នាងក៏បានត្រឡប់ទៅកាន់ផ្ទះជួលវិញ ប៉ុន្តែស្រាប់តែវង្វេង រកមិនឃើញ។

បន្ទាប់ពីបានឃើញនាងដើរ នៅក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១២និង១៥នាទី ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧ ប្រជាពលរដ្ឋបាននាំនាងទៅកាន់ប៉ុស្ដិ៍នគរបាល កាកាបទី២ ដើម្បីឲ្យនគរបាលជួយអន្តរាគមន៍ទាន់ពេល។

ស្រ្តីខាងលើនោះ ឈ្មោះវង្ស សុភាក់ អាយុ២៨ឆ្នាំ នាងមានទីលំនៅផ្ទះលេខA178 ក្នុងភូមិរកាទង ឃុំទួលខ្ពស់ ស្រុកទឹក ផុស ខេត្តកំពង់ឆ្នាំង នាងមានគូដណ្ដឹងដែលជាអ្នកស្រុកជាមួយគ្នា និងត្រៀមរៀបការនាពេលប៉ុន្មានខែខាងមុខនេះ និងបានមកស្នាក់នៅ ផ្ទះជួលជាមួយ ប្អូនស្រីឈ្មោះ វង្ស តរុណ្ណា ដែលជាកម្មការិនីរោងចក្រកាត់ដេរ។

ក្រោយមកនាងបានស្នាក់នៅផ្ទះជួលជាមួយប្អូនស្រី១យប់ ប៉ុន្តែនាងមិនបានស្គាល់ថា ផ្ទះជួល នោះស្ថិតនៅក្នុងភូមិណានោះឡើយ

លុះដល់វេលាព្រឹកថ្ងៃទី២ ខែតុលា ក្រោយពេលដែលប្អូនរបស់នាងចេញទៅធ្វើការបាត់អស់ នាងបាននៅក្នុង បន្ទប់ជួលនោះតែ ម្នាក់ឯងប៉ុណ្ណោះ ។ លុះក្រោយមកនាងបានចេញពីបន្ទប់នោះដែរ ដោយជិះម៉ូតូកង់បី១គ្រឿងជាមួយមិត្តភក្ដិប្អូន នាង ទៅកាន់រោងចក្រមួយដើម្បីរកធ្វើតេស្ត ហើយនាងភ្លេចមិនបានយកលេខទូរស័ព្ទ ប្អូនស្រីតាមខ្លួនឡើយ ពេលនោះនាងធ្វើតេស្ដអត់ ជាប់ទេ ក៏បានជិះម៉ូតូឌុប១គ្រឿងត្រឡប់មកផ្ទះជួលវិញម្នាក់ឯង ក៏ស្រាប់តែវង្វេងរកផ្លូវនិងផ្ទះជួលនោះលែងឃើញបែបនេះតែម្ដង។

បន្ទាប់មកនាងបាន ចុះចេញពីម៉ូតូឌុបនិងបានដើររកចុះឡើងៗទាំងភាពហេវហត់ ហើយដោយសារតែឃើញនាងវង្វេងបែបនេះ ទើបប្រជាពលរដ្ឋនាំនាងប្រគល់ឲ្យនគរបាល ទីស្នាក់ការគោលដៅសុវត្ថិភាព ប៉ុស្ដិ៍កាកាប២ជួយអន្តរាគមន៍រកផ្ទះជួល៕ សុខាសែនជ័យ


ចែករំលែក៖