ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិនបើករថយន្តBMWបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៣កង់

ចែករំលែក៖

ភ្នំពេញ៖​ របាំងថ្មពុះចែកទ្រូងផ្លូវ៣កង់បានដួលរាបស្មើដល់ដី ដោយសារបុរសជាជនជាតិចិនម្នាក់បើករថយន្តម៉ាកBMW ក្នុងល្បឿនលឿនជ្រុលបុករះពេញទំហឹងកាលពីវេលាម៉ោងរំលងអធ្រាត្រ ​ឈានចូលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧​ នៅចំណុចខាងកើតរង្វង់មូលចោមចៅ​ តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី​ ស្ថិតក្នុងសង្កាត់ចោមចៅ១​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកBMW ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ2AA 6951 បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី​ ក្នុងទិសដៅពី​ កើតទៅលិចក្នុងល្បឿនលឿន​ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុករះរបាំថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតអស់៣កង់​ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ឃាត់ម្ចាស់រថយន្តរួចទំនាក់ទំនងទៅនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញមកស្ទូចរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីរង់ចាំដោះស្រាយតាមច្បាប់៕ សុខាសែនជ័យ


ចែករំលែក៖