ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញឃ្លាំងអាវុធនៅក្នុងផ្ទះជនដៃដល់បាញ់ប្រហារនៅឡាសវីហ្គាស

ចែករំលែក៖

កាលពីថ្ងៃទី២ ខែតុលា ប៉ូលិសអាមេរិកបានរកឃើញរំសេវផ្ទុះ និងឃ្លាំងគ្រាប់នៅក្នុងផ្ទះ របស់ជនដៃដល់ឈ្មោះ Stephen Paddock ដែលបាញ់ប្រហារនៅពិធីប្រគុំតន្ត្រីក្នុងកណ្តាលវាល ក្នុងទីក្រុងឡាសវីហ្គាស បណ្តាលឲ្យមនុស្ស៥៩នាក់ស្លាប់។

ស្នងការប៉ូលិសទីក្រុងឡាសវីហ្គាស លោក Joseph Lombardo បានឲ្យដឹងថា កម្លាំងសន្តិសុខបានឆែកឆេរផ្ទះរបស់ជនដៃដល់ នៅតំបន់ Mesquite រដ្ឋ Nevada ក៏បានរកឃើញកាំភ្លើង១៨ដើមរំសេវផ្ទុះ និងគ្រាប់កាំភ្លើងរាប់ពាន់គ្រាប់ និងសម្ភារអេឡិចត្រូនិក ជាច្រើនផ្សេងទៀត។

លោក Joseph Lombardo ក៏បានប្រកាសឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារតែការបាញ់ប្រហារខាងលើ កើនឡើងដល់៥៩នាក់ និង៥២៧នាក់រងរបួស។ ក្នុងថ្ងៃជាមួយគ្នានោះ សេតវិមាន និងសភាអាមេរិកបានធ្វើពិធីប្រារពវិញ្ញាណខន្ខ ជនរងគ្រោះនៅក្នុងហេតុការណ៍បាញ់ប្រហារខាងលើ។

នៅពេលនេះដែរ អ្នកនាំពាក្យសេតវិមានបានប្រកាសថា ពេលនេះមិនទាន់អាចពិភាក្សាស្តីពីការគ្រប់គ្រងការប្រើប្រាស់កាំភ្លើងនៅអាមេរិក។ តាមគម្រោងប្រធានាធិបតី ត្រាំ នឹងទៅកាន់ទីក្រុងឡាសវីហ្គាសនៅថ្ងៃទី៤ ខែតុលា ដើម្បីជួបពិភាក្សាជាមួយគ្រួរសារជនរងគ្រោះ និងក្រុមអ្នកអនុវត្តច្បាប់នៅទីនោះ។

នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានបង្ហាញការសាមគ្គីភាពជាមួយអាមេរិក និងចូលរួមរំលែកទុក្ខ ជាមួយអាមេរិកផងដែរ។ ប្រភពព័ត៌មានថ្មីបំផុតបានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ មានជនជាតិកាណាដា២នាក់ និង៦នាក់ទៀតរងរបួស។

មន្ត្រីសន្តិសុខអាមេរិកបានបញ្ចាក់ថា ឪពុករបស់ ជនដៃដល់ Stephen Paddock ធ្លាប់ប្លន់ធានាគា ហើយមានឈ្មោះនៅក្នុងបញ្ជីតាមចាប់ខ្លួនរបស់ FBI អាមេរិក។

ក្រុម FBI អាមេរិកបានដាក់បញ្ចូលលោក Benjamin Hoskins Paddock ឪពុករបស់ជនដៃដល់ក្នុងបញ្ជីតាមចាប់ខ្លួនកាលពីឆ្នាំ១៩៧៧។ លោកត្រូវបានដាក់ទោសជាប់ពន្ធនាគារ២០ឆ្នាំ ពីបទប្លន់ធានាគាកាលពីឆ្នាំ១៩៦០ ហើយបានរត់គេចខ្លួនពីគុកនៅរដ្ឋតិចសាស កាលពីឆ្នាំ១៩៦៨។

ទិញកាំភ្លើងនៅរដ្ឋឡាសវីហ្គាស ស្រួលជាងទិញបន្លែទៅទៀតនៅទីក្រុងឡាសវីហ្គាស និងរដ្ឋ Nevada ពលរដ្ឋអាមេរិកអាចទិញកាំភ្លើងបានដោយសេរីមិនចាំបាច់មានលិខិតស្នាមអ្វីនោះឡើយ គឺងាយស្រួលដូចជាទិញបន្លែនៅក្នុងផ្សារអីចឹង។

ក្រោយហេតុការណ៍បាញ់ប្រហារជាប្រវត្តិសាស្ត្រអាមេរិក ដែលបានសម្លាប់មនុស្ស៥៩នាក់ និងរបួសជាង៥០០នាក់នេះ សង្ឃឹមថា ច្បាប់ប្រើប្រាស់កាំភ្លើង នឹងត្រូវអាមេរិកលើកយកមកពិភាក្សាជាថ្មី ក្រោយពេលរដ្ឋ ណេវ៉ាដា អនុញ្ញាត្តិឲ្យពលរដ្ឋទិញកាំភ្លើងដោយមិនចាំបាច់មានលិខិតស្នាមនោះ។

មន្ត្រីប៉ូលិសបានឲ្យដឹងថា កាំភ្លើងយន្តដែលជនដៃដល់បើកការបាញ់ប្រហារ ក៏ជាកាំភ្លើងទិញខុសច្បាប់ផងដែរ។

ខាងក្រោមនេះ ជាការដកស្រង់នៅក្នុងច្បាប់ស្តីពីកាំភ្លើងក្នុងរដ្ឋ Nevada

-ពលរដ្ឋទាំងអស់ មានសិទ្ធដាក់កាំភ្លើងជាប់ខ្លួន ដើម្បីសន្តិសុខការពារខ្លួនឯង ទៅបរបាញ់ស្រប់ច្បាប់ក្នុងគោលដៅកម្សាន្ត។

-រាល់ពលរដ្ឋ អាចទិញកាំភ្លើង មិនចាំបាច់មានលិខិតស្នាម មិនចាំបាច់ចុះឈ្មោះ និងចំនួនកាំភ្លើងដែលត្រូវទិញក្នុងពេលតែមួយ។

-មានសិទ្ធកាន់កាំភ្លើងនៅទីសាធារណៈ

-មានសិទ្ធទិញកាំភ្លើងយន្ត និងគ្រាប់

-អាចយកកាំភ្លើងចូលកាន់ទីតាំង កន្លែងបោះឆ្នោត បនល្បែង និងក្លិបរាត្រីជាដើម។

ប៉ុន្តែនៅមានច្បាប់ហាមប្រាមតែ១គត់គឺ ហាមយកកាំភ្លើងចូលក្នុងបរិវេណសាលា។

ប្រធានាធិបតី ត្រាំ ជាអ្នកប្រឆាំងនឹងគម្រោងចេញច្បាប់គ្រប់គ្រងកាំភ្លើង ដែលបានស្នើរឡើងដោយអតីតប្រធានាធិបតី អូបាម៉ា។ ក្រោយហេតុការណ៍ខាងលើ តើលោក ត្រាំ អាចផ្លាស់ប្តូរទស្សនៈរបស់ខ្លួនដែរឬទេ ហើយអាចចេញច្បាប់គ្រប់គ្រង ការប្រើប្រាស់កាំភ្លើងនៅអាមេរិកដែរឬទេ។

ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា ប្រសិនបើអាមេរិកមិនមានច្បាប់គ្រប់គ្រងអាវុធបានល្អនោះទេ ពលរដ្ឋអាមេរិកជាច្រើន និងត្រូវស្លាប់ដោយសារតែអំពើហិង្សាពាក់ព័ន្ធនឹងកាំភ្លើង៕ ម៉ែវ សាធី


ចែករំលែក៖