ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីអាមេរិកទទួលស្វាគមន៍នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា

ចែករំលែក៖

កាលពីថ្ងៃទី២ ខែតុលា ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានទទួលស្វាគមន៍នាយករដ្ឋមន្ត្រីថៃ នៅសេតវិមាន ដោយអាមេរិកបង្ហាញ ពីបំណងចង់កែទម្រង់ទំនាក់ទំនងពាណិជ្ជកម្មរវាងថៃ នឹងអាមេរិក។

មានប្រសាសន៍ទៅកាន់គណៈប្រតិភូរដ្ឋាភិបាលថៃ លោកត្រាំ បញ្ជាក់ថា«ទំនាក់ទំនងពាណិជ្ជកម្មរបស់យើងកាន់តែសំខាន់ ហើយថៃជាដៃគូដ៏អស្ចារ្យ »។ការបំពេញទស្សនកិច្ចទៅកាន់អាមេរិក របស់នាយករដ្ឋមន្ត្រីថៃ ធ្វើឡើងតាមការ អញ្ជើញរបស់ប្រធានាធិបតីត្រាំ កាលពីខែមេសាកន្លងមក។

នៅក្នុងដំណើរទស្សនកិច្ចធ្វើឡើង ក្រោយរយៈពេល៣ឆ្នាំដែល លោកប្រាយុទ្ធ ចាន់អូចា បានឡើងកាន់តំណែងដឹកនាំប្រទេសក្រោយការធ្វើរដ្ឋ ប្រហារទម្លាក់នាយករដ្ឋមន្ត្រីយីងឡាក់ ស៊ីណាវ៉ាត្រា។ នៅពេលនេះដែរ តុលាការកំពូលថៃបានកាត់ទោសលោកស្រីយីងឡាក់ជាប់ព័ន្ធនាគារ៥ឆ្នាំពាក់ព័ន្ធ និងកម្មវិធីជំនួយតម្លៃស្រូវ អង្ករ។

ក្រុមអ្នកវិភាគលើកឡើងថា នេះជា រឿងដ៏កម្រនៅពេលដែលមេដឹកនាំយោធា ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ។ កន្លងមកអាមេរិកបានថ្កោលទោសយ៉ាងខ្លាំងដល់ការធ្វើរដ្ឋប្រហារដោយយោធានៅក្នុងប្រទេសថៃ។ ក្រោយការធ្វើរដ្ឋប្រហារ អាមេរិកក៏បានផ្អាក់ផ្តល់ជំនួយ និងហ្វឹកហាត់យោធារួមជាមួយថៃ ធ្វើឲ្យរដ្ឋាភិបាលទីក្រុងបាងកកបង្ហាញការខឹងសម្បារយ៉ាងខ្លាំង ដោយថៃបានបង្វែរទៅរកទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយចិនវិញ។

ដោយសារតែខ្លាចបាត់បង់ប្រទេសដែលជាសម្ពន្ធមិត្ត ទើបប្រធានាធិបតីអាមេរិកខិតខំ ការពារថៃ ។ លោកត្រាំបាន ប្រកាសនៅក្នុងជំនួបជាមួយលោកប្រាយុទ្ធចាន់ អូចារ ថា បើថៃចង់បានអ្វី អាមេរិក និងលក់ឲ្យ។ ការប្រកាសបែបនេះ មិនខុសអ្វីពីការ អំពាវនាវឲ្យថៃកំទិញអាវុធពីចិន មកទិញអាមេរិកវិញ អាមេរិកនឹងលក់ឲ្យតាមតម្រូវការរបស់ថៃ។

រយៈចុងក្រោយនេះ ថៃត្រូវបានគេមើលឃើញថា កំពុងតែឃ្លាតឆ្ងាយពីអាមេរិក បន្តិចម្តងៗ ងាកទៅរកចិនវិញ។ កន្លងមកថ្មីៗ ថៃបានចុះកិច្ចព្រមព្រៀងជាមួយចិនទិញនាវាមុជទឹក ជាច្រើនគ្រឿង ទៀតផង៕ ម៉ែវ សាធី


ចែករំលែក៖