ព័ត៌មានទាន់ហេតុការណ៍៖

លោកអូស្មាន ហាស្សាន់៖ ស្នើឲ្យលោកគ្រូអ្នកគ្រូខ្មែរឥស្លាមទាំងអស់ត្រូវពង្រឹងគុណភាពអប់រំ ស្របតាមយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិ បាល

ចែករំលែក៖

ភ្នំពេញ ៖ ក្នុង​ពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូខ្មែរឥស្លាម (គណៈអ៊ីមាំ )ខេត្ត ក្រុងនិងនាយក អប់រំ គ្រប់ កម្រិត ទូទាំងប្រទេស​ចំនួន៣១៤​នាក់ លោក អូស្មាន ហាស្សាន់រដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្រ្តី បានស្នើឲ្យលោកគ្រូ អ្នកគ្រូ ខ្មែរឥស្លាមទាំងអស់ត្រូវពង្រឹងស្តង់ដាអប់រំឥស្លាមឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ស្របតាមយុទ្ធ សាស្រ្តរបស់ក្រសួងអប់​រំ យុវជននិងកីឡាដែលកំពុងដាក់ ចេញយុទ្ធសាស្រ្តកំណែ ទម្រង់ កម្មវិធីសិក្សាគ្រប់កម្រិត និង​ការគ្រប់គ្រងមន្រ្តីរាជការ បុគ្គលិកអប់រំ​ ឲ្យមាន ប្រសិទ្ធភាព និងមានគុណភាព លោក អូស្មាន ហាស្សាន់ បានស្នើបែបនេះ កាលពីរសៀលម្សិលមិញ ខែតុលានេះ មជ្ឈមណ្ឌលម៉ូឌែន៥ ឬស្សីកែវ ។

លោក អូស្មាន់ ហាស្សាន់ បានបញ្ជាក់ថា​ ជាការពិតណាស់​រាជរដ្ឋាភិបាលក៏ដូចជាសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ​ចង់ឃើញសហគមន៍ខ្មែរឥស្លាម មានការរីកចម្រើនកាន់តែខ្លាំងឡើង ជាពិសេស​ សម្ដេចចង់ឲ្យស្តង់ដាអប់រំឥស្លាមមានកំណែទម្រង់កាន់តែប្រសើរថែមទៀតបន្ទាប់ពីគ្រូខ្មែរឥស្លាមប្រមាណ១,៥០០នាក់ត្រូវបានបញ្ចូលក្នុងក្របខណ្ឌរបស់ក្រសួងអប់រំ យុវជន និងកីឡាដែលកន្លងទៅជិត២ឆ្នាំនេះ សង្ឃឹមថា​ នឹងមិនមានការបង្អាក ម៉ោងបង្រៀនដូចកាលមិនទាន់មានប្រាក់បៀវត្សទៀតដោយត្រូវស្វែករកជីវភាពក្រៅពីការបង្រៀននោះទេ។

លោក អូស្មាន ហាស្សាន់បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្បទានគ្រប់បែបយ៉ាងដល់ការចូលរួមកសាងសហគមន៍ខ្មែរឥស្លាមជាពិសេសវិស័យអប់រំ ដូចជា ប្រាក់បៀវត្សគ្រូ និងការសាងសង់អាគារសិក្សាជូនស្ទើគ្រប់ទីកន្លែងផងដែរ ។ដើម្បីពង្រឹងវិន័យដល់មន្រ្តីអប់រំនេះក៏មានថ្នាក់ដឹកនាំសំខាន់ៗដែលទទួលបន្ទុកដឹកនាំកម្មវិធីអប់រំឥស្លាមរួមមាន លោក ណុះ ស្លេះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, លោកហ្សាការីយ៉ា អាដាមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, លោក សុះកំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជាដែលជាសមាភាពវាគ្មិនបានឡើងផ្តល់បទបង្ហាញស្តីអំពីក្របខណ្ឌច្បាប់គ្រប់គ្រងមន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យាជាពិសេសការ ដាក់ចេញនូវយុទ្ធសាស្រ្តនានាដើម្បីអនុវត្តកំណែទម្រង់ស្តង់ដារអប់រំឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ៕ សំរិត


ចែករំលែក៖