ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសស្រាល ខណៈកំពុងជិះម៉ូតូហើយត្រូរថយន្តកូរ៉េបើកលឿន បួងចង្កតឆ្លងផ្លូវក៏ជ្រុលបុក និងកិន កាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចមុខរោងចក្រប៊ឺរី តាមអូឌឹមទំបន់កប់ស្រូវ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះមុំ ឈឿន ភេទប្រុស អាយុជាង៤០ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើតស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1Q 2288 បើកបរដោយបុរសម្នាក់ និងមានបុរស២នាក់ទៀត រួមដំណើរជាមួយ ធ្វើដំណើរតាមបណ្តោយផ្លូវអូឌឹមកប់ស្រូវ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកូរ៉េ ពណ៌ស ពាក់ស្លាកលេខ កំពត 3A 0274 ដឹកសម្ភារក្មេងជិះ(កន្ត្រកវិល+សេះហោះ)ធ្វើតំណើរបញ្ច្រាសទិសគ្នាហើយបានបួងចង្កូតបត់ឆ្វេង ក៏ជ្រុលបុកម៉ូតូ និងកិនតៃកុងម៉ូតូម្នាក់បណ្តាលឲ្យស្លាប់ភ្លាមនៅកន្លែងកើតហេតុ និង២នាក់ទៀតរបួសស្រាល។
សាក្សីដដែលបានបន្តថា បន្ទាប់ពីរថយន្តបង្កបានបុករួច ក៏ព្យាយាមបើកគេចខ្លួនរហូតទៅដល់ដីឡូត៍មួយកន្លែងភូមិព្រៃទា សង្កាត់ចោមចៅ៣ ដែលជាកន្លែងប្រគំតន្ត្រី និងក្មេងលេងទើបរថយន្តឈប់ ហើយម្ចាស់គេចខ្លួនបាត់ ខណៈដែលសមត្ថកិច្ចតាមទាន់ភ្លាមៗនោះ។
ក្រោយមកទៀត សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅកម្លាំងនគរបាលចរាចរណ៍ជើងគោករាជធានី មកវាស់វែងយករថយន្តបង្ក និងម៉ូតូទៅរក្សទុករង់ចាំដោះស្រាយពេលក្រោយ។ រីឯសពជនរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ សុខាសែនជ័យ