ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបបងប្អូនកូនក្មួយកម្មករជាង១ម៉ឺននាក់ នៅរោងចក្រតំបន់កំបូលផ្លូវជាតិលេខ៤

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកម្មករ កម្មការិនីចំនួន ១៥,៣៣១ នាក់ នៅរោងចក្រតំបន់កំបូលផ្លូវជាតិលេខ៤ ដែលមកពីរោងចក្រចំនួន១០ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នេះជាលើកទី១១ ហើយដែល សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ បូករួមទាំងការជួបសំណេះសំណាលរៀងរាល់ថ្ងៃអាទិត្យនៅកោះពេជ្រ។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយជាខ្លាំងដែលបានអញ្ចើញមកជួបជុំជាមួយបងប្អូនកូនក្មួយកម្មករ កម្មការនី ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់នានា និងបង្កើនប្រសិទ្ធភាពការងារអោយកាន់តែល្អប្រសើរឡើង ជាពិសេសដើម្បីជំរុញគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជាអោយបានជោគជ័យ។

សម្តេចតេជោ បានរំលឹកពីដំណើរនៃការតស៊ូរំដោះប្រទេសតាំងពីភាពលំបាកលំបិនរហូតមានការរីកចម្រើនមកដល់ពេលនេះ ដោយមួយជីវិតគឺមានតែការតស៊ូរដោះប្រទេស នឹងការពារបងប្អូនប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ចាក់ផងដែរថា សម្តេចនឹងបន្តដឹកនាំប្រទេសជាតិមិនតិចជាង ១០ ឆ្នាំ ដើម្បីការពារសន្តិភាព ការពារពាររោងចក្រ ការពារផលប្រយោជន៍បងប្អូនកម្មករកម្មការនី និងសូមអោយបងប្អូនប្រជាពលរដ្ឋគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាបន្តទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរថា នៅតាមបណ្តាលផ្លូវជាតិលេខ ៤គឺជាតំបន់ដែលមានសក្តានុពលក្នុងការអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាពិសេសគឺមានតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រជាច្រើនដែលបានសាងសង់ឡើងស្របតាមគោលនយោបាលរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

សម្តេចតេជោ ហ៊ុន សែន បានប្រៀបធៀបរោងចក្រក្នុងឆ្នាំ ១៩៩៧ គឺកម្ពុជាមានរោងចក្រត្រឹមតែ ៦៤ ប៉ុណ្ណោះ ដែលពេលនោះមានកម្មករប្រមាណ ៨២,០០០ នាក់ ដែលទទួលបានប្រាក់ខែត្រឹមតែ ៤០ ដុល្លារ ក្នុងមួយខែ ហើយចំពោះទំហំនាំចេញវិញគឺមានប្រមាណ ២២៧ លានដុល្លារប៉ុណ្ណោះ។ ប៉ុន្តែពេលបច្ចុប្បន្ននេះគឺទំហំនាំចេញបានកើនឡើងប្រមាណជាង ១២,០០០ លានដុល្លារ ដែលជាចំនួនមួយមិនធ្លាប់មានទេពីមុនមក។ នេះដោយសារការយកចិត្តទុក្ខដាក់យ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមពីម្ចាស់ក្រុមហ៊ុនវិនិយោគទុន និយោជិក និយោជក និងកម្មករ។

នៅឆ្នាំ២០១៨ ប្រាក់ខែកម្មករនឹងតម្លើងដល់រវាងពី ១៦០-១៧០ ដុល្លារ បូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតគឺច្រើនជាង២០០ដុល្លារ ដែលនឹងធ្វើអោយជីវភាពរស់នៅរបស់បងប្អូនកូនក្មួយកម្មករកាន់តែល្អប្រសើរឡើង។

ទន្ទឹមនឹងការខិតខំរបស់រាជរដ្ឋាភិបាល ក៏មានក្រុមប្រឆាំងជំទាស់ [៣-កុំ] ដែលតែងតែព្យាយាមរារាំងមិន អោយកម្ពុជាទទួលផលប្រយោជន៍ដូចជា ទី១)កុំផ្តល់ជំនួយអោយប្រទេសកម្ពុជា ២)កុំមកវិនិយោគនៅ កម្ពុជា និង ៣)កុំទិញទំនិញពីកម្ពុជា។ តើនេះគឺជាទង្វើស្នេហាជាតិឬជាទង្វើក្បត់ជាតិដែលបំផ្លាញផល ប្រយោជន៍កម្មករ ដែលផ្ទុយស្រឡះពីការខិតខំរបស់ សម្តេចតេជោ ក្នុងការខិតខំស្នើសុំអោយបរទេសជួយដូចជា [៣-សុំ]: គឺ១)សុំអោយបរទេសជួយនិងផ្តល់ជំនួយមកកម្ពុជា ២)សុំអោយបរទេសមកវិនិយោគនៅកម្ពុជា និង ៣)សុំអោយបរទេសជួយទិញទំនិញពីកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្តល់នូវអនុសាសន៍សំខាន់ៗ៥ចំណុចដល់និយោជក និងនិយោជិតដើម្បីធ្វើការរួមគ្នាធានាដល់ល័ក្ខខ័ណ្ឌការងារនិងប្រាក់ចំណូលល្អ:

១)ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមអោយបានល្អ។

២)រួមគ្នារក្សាការងារ និងបង្កើតការងារថ្មីៗច្រើនថែមទៀត ដោយធ្វើការពង្រីកនិងបង្កើនទីផ្សារបន្ថែម។

៣)រួមគ្នាបង្កើនប្រាក់ចំណូលដោយការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ។ រាជរដ្ឋាភិបាល នឹងបន្តតម្លើងប្រាក់ខែកម្មករជារៀងរាល់ឆ្នាំ កើនទាំងប្រាក់បៀវត្សន៍អប្បបរិមា និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ។ ចំពោះតម្លៃទឹក ភ្លើងវិញ គឺចាប់តាំងពីថ្ងៃទី១ កញ្ញា ឆ្នាំ២០១៧ នេះតទៅគឺថ្លៃភ្លើងបញ្ចុះមកនៅត្រឹម៤៥០៛ ក្នុង១គីឡូវ៉ាត់ម៉ោង (សម្រាប់ការប្រើក្រោម៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ)។ ចំពោះថ្លៃទឹកគឺថ្លៃតែ ៧០០រៀលប៉ុណ្ណោះក្នុងមួយម៉ែត្រគូប ។ សម្តេចតេជោ បានអំពាវនាវដល់ម្ចាស់ផ្ទះកុំតម្លើងថ្លៃឈ្នួលផ្ទះរយៈពេល១ឆ្នាំ (២០១៨) ដើម្បីជួយកម្មករយើងអោយមានលទ្ធភាពរកប្រាក់ចំណូលបន្ថែមក្នុងការសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃអោយកាន់តែប្រសើរឡើង។

៤)ផ្តល់របបគាំពារសន្តិសុខសង្គមដល់កម្មករចាប់ពីខែ មករា ២០១៨ នេះទៅ គឺនិយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករកម្មការនី។ ពេលនោះបងប្អូនអាច នៅសល់ប្រាក់ប្រមាណពី (៨,០០០៛-១២,០០០៛ក្នុង១ខែ)។ ជាមួយគ្នានេះដែរ កម្មការនីយើងទាំងអស់ (រួមទាំងកម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ និងកសិកម្មជាដើម…) គឺទទួលបានការពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃតាមរយៈមូលនិធិសមធម៌។ សម្តេចតេជោ បានណែនាំអោយម្ចាស់ក្រុមហ៊ុនរោងចក្ររៀបចំបង្កើត Clinic បន្ថែមនៅតាមរោងចក្ររបស់ខ្លួនដើម្បីជួយដល់កម្មករ។ ចំពោះស្រ្តីមានផ្ទៃពោះសំរាលកូន គឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈពេល៣ខែហើយ ហើយនៅទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០% ដោយបេឡាជាតិ)។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសជូន ដំណឹងដល់បងប្អូនកម្មការនីអំពីអត្ថប្រយោជន៍មួយទៀតដែលនឹងទទួលបានពីបេឡាសង្គមគឺ:- ចំពោះស្រ្តីសម្រាលកូនទោះក្នុងប្រព័ន្ឋ ឬក្រៅប្រព័ន្ឋដែលសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើ សម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន(៣) គឺទទួលបាន ថវិកា១លាន២សែនរៀល ហើយបូកប្រាក់ឧបត្ថម្ភមួយចំនួនទៀតពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។ ថវិកានេះនឹងផ្តល់ជូនដោយបេឡាសន្តិសុខសង្គមរបស់រាជរដ្ឋាភិបាលដែលនឹងត្រៀមថវិកាប្រមាណជាង១០លានដុល្លារ ក្នុង១ឆ្នាំៗ (ទោះបីកូននោះកើតរស់ឬ ស្លាប់គឺនៅទទួលបានថវិកាគាំពារដូចគ្នា)។

សម្តេចតេជោ ហ៊ុន សែន មិនបានភ្លេចក្នុងការបញ្ជាក់ប្រាប់សារជាថ្មីថា ក្មួយៗកម្មករកម្មការនីទូទាំង ប្រទេស នឹងទទួលបានសេវាជិះឡានក្រុងសាធារណៈ FREE រយៈពេល២ឆ្នាំ (ពីខែសីហា ២០១៧-សីហា ២០១៩) ហើយនៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករទាំងអស់នឹងមានប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ដែលនឹងទទួលបានចំនួន ៨០% នៃប្រាក់ខែដែលខ្លួនធ្លាប់បានទទួលពេលនៅធ្វើការចុងក្រោយ។

ទី៥) រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ផ្តល់កិច្ចគាំពារចំពោះកម្មករកម្មការនីដែលកំពុងធ្វើការនៅក្រៅប្រទេស ដោយធ្វើការសម្របសម្រួលជាមួយប្រទេសដៃគូដើម្បីផ្តល់នូវល័ក្ខខ័ណ្ឌការងារល្អៗ ដែលមានប្រាក់ខែល្អសមរម្យដល់កម្មករ ព្រមទាំងជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានាដែលពាក់ព័ន្ឋ នឹងការងាររបស់បងប្អូនកូនក្មួយកម្មករ។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលនឹងបន្តជជែកជាមួយប្រទេស ផ្សេងៗដូចជាកូរ៉េខាងត្បូង ម៉ាឡេស៊ី និងប្រទេសថៃដើម្បីផ្តល់នូវការងារ និងប្រាក់ខែល្អៗសម្រាប់ បងប្អូនកូនក្មួយកម្មករខ្មែរ ។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការិនី ជិយោជក ទាំងអស់ដែលបានចូលរួមក្នុងថ្ងៃនេះ ព្រមទាំងបានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួន ក្នុងនោះក៏មានកម្មការនីមានផ្ទៃពោះចំនួន ៥១១ នាក់ផងដែរ។ នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានថតរូបអនុស្សាវរីយ៍ Selfie ដែលបង្ហាញនូវក្តីអាណិតស្រឡាញ់យ៉ាងស្មោះស្ម័គ្រចំពោះបងប្អូនកូនក្មួយកម្មករកម្មការនីក្នុងបរិយាកាសស្និទ្ឋស្នាលនិងសប្បាយរីករាយក្រៃលែង។

នៅថ្ងៃស្អែកទី ៥ តុលានេះ សម្តេចតេជោ នឹងអញ្ជើចូលរួមខួប ៥០ឆ្នាំនៃការគ្រោងរាជរបស់ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេផងដែរ។ នៅថ្ងៃនេះដែរ សម្តេចតេជោ ហ៊ុន សែន និងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា គឺមានការសោកស្តាយ និងសូមចូលរួមជាមួយរដ្ឋាភិបាលអាមេរិកាំងរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះនៃពលរដ្ឋអាមេរិកាំង ដែលទទួលរងអំពើបាញ់ប្រហារកាលពីថ្ងៃទី ១​ តុលា​ ២០១៧ ដែលបានសម្លាប់មនុស្សអស់ ៥៩នាក់ និងរងរបួសជាង ៥០០ នាក់។ រាជរដ្ឋាភិបាលកម្ពុជាសូមថ្កោលទោសចំពោះអំពើឃាដកម្មដ៏ព្រៃផ្សៃនេះ។ សម្តេចតេជោ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅលើទឹកដីអាមរិក ត្រូវមានការប្រុងប្រយ័ត្នអំពីសុវត្ថិភាពក្រោយពីមានអំពើរឃាតកម្មដ៏ព្រៃផ្សៃនេះ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖