ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌដូនពេញបន្តចុះធ្វើវេទិកាសាធារណៈជាមួយបងប្អូនប្រជាពលរដ្ឋផ្ទាល់ ក្នុងមូលដ្ឋានសង្កាត់ស្រះចក

ចែករំលែក៖

ភ្នំពេញ៖ នាល្ងាចថ្ងៃទី០៣ ខែតុលា​ ឆ្នាំ២០១៧​ វេលាម៉ោង១៧និង៣០នាទី​ ដែរជាថ្ងៃទី០២​ នៃការអញ្ជើញចុះជួបជាមួយបងប្អូនប្រជាពលរដ្ឋក្នុងលក្ខណៈជាវេទិកាសាធារណៈនោះ លោក​ សុខ​ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ បានអញ្ជើញចុះធ្វើវេទិកាសាធារណៈជាមួយបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់នៅក្នុងភូមិ៩ ស្ថិតក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ ដើម្បីចង់ដឹង និងដោះស្រាយពីផលលំបាករបស់បងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ដែររស់នៅក្នុងភូមិនេះតែម្តង​ នៅក្នុងវេទិកានេះដែរ​ លោកអភិបាលក៏ទទួលបាន​នូវពត៌មាននិងដោះស្រាយនៅទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋនៅទីនោះដោយផ្ទាល់​តែម្តង​ ដើម្បីអោយបងប្អូនទទួលបាននៅភាពកក់ក្តៅ​ និងសេចក្តីសុខ​ សប្បាយរីករាយនៅក្នុងមូលដ្ឋានផ្ទាល់​ ។
ក្នុងវេទិកានោះដែរ លោកអភិបាលខណ្ឌ ក៏បានទទួលយកពីបញ្ហាទុក្ខកង្វល់ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងរួមមាន៤ចំនុចគឺ៖

១.បញ្ហាស្នើសុំដោះដូរបង្គោលភ្លើង​ចំនួន០៣ដើម និងជួសជុលផ្លូវថ្មើរជើងព្រមទាំងប្រព័ន្ធលូ

២.បញ្ហាវេចខ្ចប់បោះចោលសំរាមតាមផ្លូវសាធារណៈគ្មានរបៀបរៀបរយ

៣.ស្នើសុំលោកអភិបាលជួយអន្តរាគមន៍ទៅដល់ម្ចាស់ឃ្លាំងដែលស្ថិតនៅក្បែរលំនៅដ្ឋានរបស់ពួកគាត់ជួយធ្វើគម្របលូបិទអោយបានជិតល្អផង
ចំនែកបញ្ហាសន្តិសុខ​ ជួញដូរគ្រឿងញៀន​ គឺមិនមានបញ្ហាកើតឡើងនៅក្នុងភូមិនេះឡើយ ព្រមគ្នានោះដែរនៅភូមិ៧-៨-១០-១១ ក្នុងសង្កាត់ស្រះចក ក៏បានបន្តធ្វេីវេទិកាសាធារណៈនេះផងដែរដោយបែងចែក លោក ឈឹម ឌីណា អភិបាលរងខណ្ឌដូនពេញ ចុះភូមិ០៧ លោក យស់ យុទ្ធី អភិបាលរងខណ្ឌដូនពេញ ចុះភូមិ០៨ លោកស្រី នូ ថាវរី អភិបាលរងខណ្ឌដូនពេញ ចុះភូមិ១០ និង លោក ចាន់ គន្ថេត អភិបាលរងខណ្ឌដូនពេញ ចុះភូមិ១១ផងដែរ ៕ស តារា


ចែករំលែក៖