ខេត្តស្វាយរៀង៖ មន្ត្រីជំនាញអាជ្ញាធរគីមីបានរកឃើញគ្រាប់បែកគីមីមួយគ្រាប់ហើយ ដែលបានបន្សល់ពីសម័យសង្គ្រាមឆ្នាំ១៩៦៥ដល់១៩៧៣ នៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧។
ពាក់ពន្ធ័នឹងករណីរកឃើញគ្រាប់បែកគីមីមួយគ្រាប់នេះដែរ លោកប៉ូលីវ៉ាអភិបាលរងខេត្តស្វាយរៀងបានឲ្យដឹងថា៖
កម្លាំងជំនាញគីមីសាស្រ្តនិងខាងស៊ីម៉ាក់បានរកឃើញគ្រាប់បែកគីមីសាស្ត្រដែលបន្សល់ទុកពីសម័យសង្គ្រាមមួយគ្រាប់ហើយ នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃនេះនិងកំពុងគ្រប់ទុកនិងរកគន្លឹសដើម្បីដោះហើយកំពុងរុករកមួយគ្រាប់ទៀតដែលមិនទាន់រកឃើញនៅឡើយ។
លោកក៏បានបន្តថា កម្លាំងជំនាញកំពុងស្វែងរកគ្រាប់បែកគីមីសាស្រ្ត ស្ថិតនៅក្នុងភូមិគគីរនិង ភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀងការប្រតិបត្តិការនេះគឺមានគំរោង រយៈពេល១០ថ្ងៃដោយមានការចូលរួមប្រតិបត្តិការរុករកពីអាជ្ញាធរគីមីនៃក្រសួងការពារជាតិនិងសុីម៉ាក់។សូមបញ្ជាក់ថាសម្រាប់មកដល់ថ្ងៃទី៤ខែដ៏ដែលនេះប្រជាពលរដ្ឋនៅតែជម្លៀសទៅកន្លែងមានសុវតិ្ថភាពដដែលពុុំទាន់ចូលលំនៅឋានទេ។
ពាក់ព័ន្ធករណីគ្រាប់បែកគីមីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចឲ្យប្រើកញ្ចប់ថវិកា ពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាអាវុធគីមី ដែលកំពុងបង្កការភ័យខ្លាចយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋនៅតំបន់នោះ ព្រោះសម្តេចគ្មានសង្ឃឹមថា សហរដ្ឋអាមេរិកទៅយកគ្រាប់បែកគីមីពីរគ្រាប់ បន្សល់ពីសម័យសង្រ្គាមនាទសវត្សរ៍ឆ្នាំ៧០ នៅលើទឹកដីនៃខេត្តស្វាយរៀងនោះឡើយ បើទោះបីជាផ្លូវច្បាប់ទាំងសហរដ្ឋអាមេរិក និងសហការសហប្រជាជាតិ មានតួនាទីចូលរួមទទួលខុសត្រូវលើអាវុធគីមីនេះក្តី ដោយយោងទៅតាម អនុសញ្ញាអន្តរជាតិ សី្តពីអាវុធគីមីរបស់អង្គការសហប្រជាជាតិ។
អគ្គនាយកស៉ីម៉ាក់ លោក ហេង រតនា បានបញ្ជាក់ប្រាប់ថា គ្រាប់បែកគីមីដែលរកឃើញនៅខេត្តស្វាយរៀង ជាប្រភេទ Chlorobenzalmalononitrile (CS) ដែលទម្លាក់ពីលើយន្តហោះរបស់អាមេរិក ប្រសិនបើកផ្ទុះ នឹងធ្វើឲ្យមានផលប៉ះពាល់ខ្លាំង ដែលអាចបង្កឲ្យថប់ដង្ហើម ក្មេងកើតមិនគ្រប់ខែ និងបញ្ហាមួយចំនួនទៀត។
គ្រាប់បែកគីមីនេះ ស៉ីម៉ាក់ធ្លាប់បានជួបនៅខេត្តចំនួន៥ រួមមានខេត្តស្វាយរៀង ព្រៃវែង មណ្ឌលគិរី រតនគិរី និងក្រចេះ ប៉ុន្តែមានខេត្ត៣ ដែលស៉ីម៉ាក់ជឿជាក់ថា មានគ្រាប់បែកគីមីនេះ រួមមានខេត្តស្វាយរៀង ព្រៃវែង និងមណ្ឌលគិរី។
គួររំលឹកថា អាមេរិកបានទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា ចាប់ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យទម្លាក់គ្រាប់ទាំងនោះ ត្រូវបានឯកភាពនៅឆ្នាំ២០០០ ដោយប្រធានាធិបតីជំនាន់ក្រោយ គឺលោក Bill Clinton ដែលបានបញ្ចេញឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជាអស់ ២.៨លានតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា តាមកម្ទេចពួកយៀកកុង ប៉ុន្តែស្លាប់តែប្រជាពលរដ្ឋខែ្មរ អស់ជាងកន្លះលាននាក់ និងកម្ទេចតែភូមិឋាន ផ្ទះសម្បែងខែ្មរ អស់រាប់ម៉ឺនកន្លែងទៀត៕ យឹម សុថាន