ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការពារជាតិរុស្ស៊ីចោទប្រកាន់អាមេរិកជួយដល់ក្រុមភេវកម្ម IS

ចែករំលែក៖

កាលពីថ្ងៃទី៤ ខែតុលា ក្រសួងការពារជាតិរុស្ស៊ីបានចោទប្រកាន់ អាមេរិក ថាបានជួយដល់ក្រុមភេរវកម្ម IS ក្នុងការវាយបកទៅលើកម្លាំងទាហានរុស្ស៊ី និងស៊ីរីនៅតំបន់ភាគខាងត្បូងប្រទេសស៊ីរី។

នៅក្នុងសេចក្តីប្រកាស អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បញ្ជាក់ថា «ចំណុចសំខាន់ គឺអាមេរិកបានជួយដល់ក្រុម IS ដែលមិនទាន់បរាជ័យទាំងស្រុងនៅក្នុងប្រទេសស៊ីរី អាចបន្តវាយបើក ទៅលើកម្លាំងទាហានរដ្ឋាភិបាលស៊ីរី ដោយមានការគាំទ្រពីអាមេរិក«។

លោក Konashenkov បញ្ជាក់ទៀតថា ការវាយប្រហារជាច្រើនលើកនាពេលកន្លងមកថ្មីៗ ទៅលើកម្លាំងទាហានរដ្ឋាភិបាលស៊ីរី កើតចេញពីតំបន់មានបរិវេណ៥០គីឡូម៉ែត្រ ជុំវិញព្រំដែន At-Tanf រវាងស៊ីរី នឹងហ្ស៊កដង់ ជាទីកន្លែងដែលទាហានសម្ពន្ធមិត្តដឹកនាំដោយអាមេរិកឈរជើងនៅទីនោះ។

ភាគីរុស្ស៊ីបានបញ្ជាក់ថា កម្លាំងទាហានស៊ីរីបានវាយប្រហារទៅលើក្រុម IS ដែលធ្វើសកម្មភាពនៅតាមដងផ្លូវតភ្ជាប់ទីក្រុង Palmyra និង Deir Ezzor ភាគខាងកើតស៊ីរី រំដោះបានភូមិជាច្រើនពីក្រុង IS។

នេះមិនមានជាលើកទី១ឡើយដែលរុស្ស៊ីចោទប្រកាន់អាមេរិកជួយដល់ ក្រុម IS ។ កាលពីខែកញ្ញាកន្លងមក អនុប្រធានគណកម្មធិការការពារជាតិ និងសន្តិសុខ របស់ព្រឹទ្ធភារុស្ស៊ី លោក Franz Klintsvevich បានបញ្ជាក់ថា អាមេរិកបានប្រើប្រាស់ឧទ្ធម្ភាគចក្ររាប់សិបគ្រឿង ជម្លៀសមេបញ្ជាការកងទ័ពក្រុមភេរវកម្ម IS ចេញពីទីក្រុង Deir Ezzor ទៅកាន់តំបន់សុវត្ថិភាពគេចពីការវាយប្រហាររបស់រុស្ស៊ី និងស៊ីរី។

លោកបន្តទៀតថា បើទោះបីទីបញ្ជាការសម្ពន្ធមិត្តប្រឆាំងភេរវកម្មរបស់ដឹកនាំដោយអាមេរិក បានច្រាលចោលព័ត៌មាន ថាបានជម្លៀសមេបញ្ជាការកងទ័ពសំខាន់ៗរបស់ក្រុម IS ចេញពីតំបន់ Deir al Zour ប៉ុន្តែប្រវត្តិសាស្ត្រស្តីពីសកម្មភាពរបស់អាមេរិក ទាំងនោះក្នុងប្រទេស អាហ្វហ្គានិស្ថានបង្ហាញឲ្យឃើញថា ប្រាកដ១០០ភាគរយ អាមេរិកពិតជាបានជួយដល់ក្រុមភេរវកម្ម IS ។ លោកបន្តទៀតថា អាមេរិក គឺបានចូលរួមកាពារដល់ក្រុមភេរវកម្ម IS។

កាលពីនៅក្នុងប្រទេសអុីរ៉ាក់ក៏ដូចគ្នានោះដែរ អាមេរិកបានជួយដល់ក្រុមភេរវកម្ម IS ដោយបើកផ្លូវឲ្យមេបញ្ជាការក្រុមនេះរត់ភៀសខ្លួនចេញពីការឡោមព័ទ្ធរបស់ទាហានអុីរ៉ាក់៕ ម៉ែវ សាធី


ចែករំលែក៖