តាមអ្នកឯកទេសវិភាគបានឲ្យដឹងថា នឹងមានពលរដ្ឋយ៉ាងតិច ២លាននាក់ស្លាប់ ប្រសិនបើកូរ៉េខាងជើង បើកការវាយ ប្រហារដោយបរមាណូ ទៅលើទីក្រុងតូក្យូនិងនិងទីក្រុងសេអ៊ូល ។
សារព័ត៌មានយុនហាប់របស់កូរ៉េខាង ត្បូងបានដកស្រង់លទ្ធផលវាយតម្លៃរបស់ អ្នកឯកទេស អាមេរិកបញ្ជាក់ថា ប្រសិនបើរងការវាយប្រហារដោយបរមាណូពីកូរ៉េ ខាងជើងនោះ នឹងមាន ពលរដ្ឋយ៉ាងតិច ២លាននាក់ស្លាប់។ ការវាយតម្លៃខាងលើកើតឡើងក្រោយពេលដែល ភាពតានតឹងកើនឡើងរយៈពេលចុងក្រោយនេះ ហើយអាមេរិកគំរាមវាយប្រហារកូរ៉េខាងជើងដោយយោធា ។
ប្រធានាធិបតីត្រាំ និងមេដឹកនាំកូរ៉េខាង ជើងលោកគីម ជុងអ៊ុនបានប្រើប្រាស់ពាក្យ សម្តី ឌឺដងដាក់គ្នាដោយភាគីនីមួយៗប្រកាសពីការត្រៀមលក្ខណៈក្នុងការធ្វើសង្គ្រាម កម្ទេចគ្នាទៅវិញទៅមក ។ លោក Michael J. Zagurek Jr អ្នកឯកទេសវិភាគបាន បញ្ជាក់ថា បើកូរ៉េខាងជើងបាញ់ប្រហារ នោះ កម្លាំងបំផ្លាញនៃបរមាណូ នឹងសម្លាប់មនុស្សយ៉ាងតិច២,១លាននាក់ និង ៧,៧ លាននាក់រងរបួស។
បើទោះបីមានភាពតានតឹងក្តីតែកូរ៉េខាងជើងមិនចង់ពិភាក្សាជាមួយអាមេរិកបញ្ចប់វិបត្តិនោះឡើយ បើទោះបីភាគីអាមេរិក មានបំណងចង់ពិភាក្សាដោយផ្ទាល់ជាមួយកូរ៉េខាងជើងក៏ដោយ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានថ្លែងបញ្ជាក់ថា រហូតមកទល់ពេលនេះ ភាគីកូរ៉េខាងជើង មិនទាន់បានបង្ហាញសញ្ញាវិជ្ជមានថាខ្លួន ចង់ចរចានោះឡើយ។
លោក រិចធី ឡឺសុន បាននិយាយឲ្យដឹង ថា អាមេរិកមានបណ្តាញទាក់ទងជាមួយកូរ៉េខាងជើង ដោយផ្ទាល់ ប្រមាណជា២ ទៅ៣បណ្តាញ បើទោះបីជាគ្មានទូតជាមួយគ្នាក៏ដោយ។ តាមប្រសាសន៍លោក រិចធី ឡឺសុនបញ្ជាក់ថា បណ្តាញសម្ងាត់អាមេរិក នេះកំពុងតែស្ទាបស្ទង់ទឹកចិត្តរបស់ភាគីកូរ៉េខាងជើង ចង់ដឹងថា តើកូរ៉េខាងជើង ចង់ ចរចាឬមិនចរចា។
ប៉ុន្តែស្រាប់តែប៉ុន្មានម៉ោងក្រោយមក លោក Heather Nauert អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា រហូត មកទល់ពេលនេះ ការស្ទាបស្ទង់ទឹកចិត្ត កូរ៉េខាងជើងនោះ មិនទាន់បានលទ្ធផល អ្វីទាំងអស់ ព្រោះថា ភាគីកូរ៉េខាងជើង មិនបានផ្តល់សញ្ញាវិជ្ជមានណាមួយ ថាខ្លួន ចង់បើកច្រកចរចាទេនោះ។
អ្នកនាំពាក្យរូបនេះបន្ថែមថា បណ្តាញ អាមេរិក បានទាក់ទងជាមួយមន្ត្រីយោធា កូរ៉េខាងជើង ដើម្បីចង់ដឹងពីចេតនាក្នុងការចរចា គ្រប់គ្រងកម្មវិធីនុយក្លេអ៊ែរ ក៏ប៉ុន្តែ មន្ត្រីយោធាកូរ៉េខាងជើង មិនបានឆ្លើយតប អ្វីទាំងអស់។ ក្រៅពីបណ្តាញទាក់ទងជា មួយយោធា អ្នកនាំពាក្យក្រសួងការបរទេស អាមេរិក ក៏បានបញ្ជាក់ថា អាមេរិកនៅ មានបណ្តាញទាក់ទង ដោយផ្ទាល់ ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត រដ្ឋមន្ត្រីបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បាន ស្នើដល់កូរ៉េខាងជើង អនុញ្ញាតឲ្យឲ្យមានការជួបជុំគ្រួសារដែលបែកបាក់។
រដ្ឋមន្ត្រីបង្រួបបង្រួមរបស់កូរ៉េខាងត្បូង កាលពីថ្ងៃពុធ តាមសេចក្តីរាយការណ៍ បានជំរុញឲ្យកូរ៉េខាងជើង អនុញ្ញាតឲ្យគ្រួសារ បែកបាក់គ្នា បានជួបសាច់ញាតិ ដែលបាត់ ជាយូររបស់ពួកគេ ដោយលោក បានមាន ប្រសាសន៍ថា ការដោះស្រាយបញ្ហា គួរតែធ្វើជាជំហានដំបូងឆ្ពោះទៅរកសន្តិភាព និងការសម្រុះសម្រួលគ្នា រវាងភាគី កូរ៉េ ទាំងពីរ។
នៅក្នុងពិធីរំលឹកដូនតារួមគ្នាមួយ ដែលគ្រួសារបែកបាក់គ្នា បានធ្វើឡើង នៅឧទ្យាន Imjingak ជិតព្រំដែនជាមួយ ប្រទេស កូរ៉េខាងជើង ដើម្បីប្រារព្ធថ្ងៃបុណ្យ លោក Chuseok បានថ្លែងដូច្នេះថា រយៈ ពេលពីរឆ្នាំបានកន្លងផុតទៅ ចាប់តាំងពី ពិធីជួបជុំគ្រួសារ ដែលមានសាច់ញាតិ បែកបាក់គ្នា ត្រូវបានផ្អាកឈប់ប្រារព្ធធ្វើ។
សូមជម្រាបផងដែរថា ចាប់តាំងពីកិច្ច ប្រជុំ កំពូលលើកទី១ ក្នុងឆ្នាំ២.០០០មក ប្រទេសកូរ៉េទាំងពីរ តាមសេចក្តីរាយ ការណ៍ បានប្រារព្ធពិធីជួបជុំគ្រួសារនេះ បានចំនួន២០លើកហើយ ដោយបានអនុញ្ញាតឲ្យសាច់ញាតិបែកបាក់គ្នា ដែលនៅ រស់រានមានជីវិត ឆ្លងព្រំដែន មកជួបជុំគ្នា បានរយៈពេលពីរបីថ្ងៃ៕ ម៉ែវ សាធី