ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកគួរតែ«ចាក់វ៉ាក់សាំង» ប្រឆាំងការបាញ់ប្រហារដូចនៅអូស្ត្រាលីដែរឬទេ?

ចែករំលែក៖

តាមសារព័ត៌មាន Fortune អាមេរិកគួរតែ «ចាក់វ៉ាក់សាំង» ប្រឆាំងនឹងការបាញ់ប្រហារដូចនៅក្នុងប្រទេសអូស្ត្រាលី ដើម្បីរារាំងការបាញ់ប្រហារ ដូចនៅទីក្រុង ឡាសវេហ្គាសអាមេរិក ដោយបានសម្លាប់មនុស្ស៥៩នាក់ និង៥៨០នាក់រងរបួសនោះ។

បើទោះបីមានការតក់ស្លុតចំពោះការបាញ់ប្រហារនៅទីក្រុងឡាសវេហ្គាស ប៉ុន្តែរដ្ឋាភិបាល អាមេរិកដូចជា អសមត្ថភាព ក្នុងការរារាំងការបាញ់ប្រហារនៅអាមេរិកដែលបានកើតឡើងស្ទើរតែរាល់ថ្ងៃ។

ក្នុងប្រទេសអូស្ត្រាលី រដ្ឋាភិបាលបាន«ចាក់វ៉ាក់សាំង»ប្រឆាំងការបាញ់ប្រហារប្រកបដោយប្រសិទ្ធភាព។ កាលពីមេសា ឆ្នាំ១៩៩៦ ក្នុងរយៈពេលតែ៦ថ្ងៃប៉ុណ្ណោះ មានករណីបាញ់ប្រហារ ជាបន្តបន្ទាប់បណ្តាលឲ្យមនុស្ស៣៥នាក់ស្លាប់ នៅក្នុងតំបន់រម្មណីយដ្ឋានប្រវត្តិសាស្ត្រ Port Arthur ក្នុងតំបន់ Tasmania ហើយរដ្ឋាភិបាលអូស្ត្រាលីបានអនុម័តច្បាប់ស្តីពីអាវុធ ដោយហាមពលរដ្ឋទិញកាំភ្លើងវែងស្វ័យប្រវត្តិ ដែលអាចសម្លាប់មនុស្សច្រើន ក្នុងរយៈពេលខ្លី។ ក្នុងរយៈពេល១៨ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៦ អូស្ត្រាលីរងការបាញ់ប្រហារដល់ទៅ១៣ករណី សម្លាប់មនុស្សរហូតដល់១០៤នាក់ (គិតតែការបាញ់ប្រហារធំៗ មានអ្នកស្លាប់ចាប់ពី៥នាក់ឡើង)។ ប៉ុន្តែចាប់តាំងពីច្បាប់គ្រប់គ្រងអាវុធបានអនុវត្តជាង២១ឆ្នាំកន្លងមកនេះ អូស្ត្រាលីមិនមានការបាញ់ប្រហារទៀតឡើយ។

អូស្ត្រាលី និងអាមេរិក មានវប្បធម៌ប្រហាក់ប្រហែលគ្នា ដោយពលរដ្ឋមានសិទ្ធប្រើប្រាស់កាំភ្លើង ប៉ុន្តែមិនធូរលុងដូចនៅអាមេរិកឡើយ។ ច្បាប់គ្រប់គ្រងកាំភ្លើងបានជួយឲ្យអូស្ត្រាលីមិនមានករណីបាញ់ប្រហារជាទ្រង់ទ្រាយធំដូចនៅអាមេរិក។

ចំណែកនៅអាមេរិកវិញ មិនទាន់អាចចេញច្បាប់គ្រប់គ្រងការប្រើប្រាស់កាំភ្លើង ដោយទុកឲ្យពលរដ្ឋមានទាំងកាំភ្លើងយន្ត ដែលអាចសម្លាប់មនុស្សបានយ៉ាងច្រើន ក្នុងរយៈពេលខ្លី ដូចជាករណីបាញ់ប្រហារនៅរដ្ឋឡាស់វេហ្គាសជាដើម។ ប្រធានាធិបតីអាមេរិក ចាត់ទុកការបាញ់ប្រហារនៅឡាសវេហ្គាសថាជា«បីសាចកំណាច»។ ប៉ុន្តែតាម Fortune ប្រសិនបើពលរដ្ឋអាមេរិកមិនងាយស្រួលក្នុងការទិញកាំភ្លើងធុនធ្ងន់ គ្រោះថ្នាក់ ក៏មិនមានករណីបាញ់ប្រហារកើតឡើងនោះដែរ។ បើរដ្ឋាភិបាលអាមេរិកចេញច្បាប់ឲ្យពលរដ្ឋប្រើប្រាស់តែកាំភ្លើងខ្លីការពារខ្លួន បើទោះបីជាមានការបាញ់ប្រហារ ក៏មានអ្នកស្លាប់ និងរបួសតិចដែរ។

ករណីបាញ់ប្រហារនៅឡាស់វេហ្គាស ជនដៃដល់ឈ្មោះ Stephen Paddock មិនមានជាប់បទល្មើសពីមុនមកទេ ហើយក៏មិនមានជម្ងឺពាក់ព័ន្ធសរសៃប្រសាទអ្វីនោះដែរ គេជាពលរដ្ឋម្នាក់ដែលគោរពច្បាប់បានយ៉ាងល្អ។ ប៉ុន្តែការប្រែប្រួលរបស់មនុស្ស គឺនឹកស្មានមិនដល់នោះទេ ក៏ឈានដល់បាញ់ប្រហារសម្លាប់រង្គាលបែបនេះទៅ៕ ម៉ែវ សាធី


ចែករំលែក៖