ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ ២០១៧ ក្លិបបាល់ទះវិសាខាត្រូវចេញ ដំណើរទៅប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមបាល់ទះរបស់ប្រទេសថៃចំនួន១ សប្តាហ៍ដើម្បីដកស្រង់បទពិសោធន៍ ។
ពាក់ព័ន្ធនឹងការចេញទៅប្រកួតមិត្ត ភាពអន្តរជាតិលើកនេះលោក សាន សុក្រិត្យ ដែលជាគ្រូបង្វឹករបស់ក្លិបបាល់ទះវិសាខា បានឲ្យដឹងថា ការណ៍ដែលក្លិបចេញទៅ ប្រកួតក្រៅប្រទេសគឺដើម្បីសន្សំបទពិសោធន៍ក៏ដូចជាការត្រៀមខ្លួនមុនការប្រកួតប្រជែងពានរង្វាន់នានា ។
គ្រូបាល់ទះរូបនេះបានបន្ថែមទៀតថា កាលណាកីឡាករលេងតែក្នុងប្រទេសដែលមានកម្រិតសមត្ថភាពប្រហាក់ប្រហែលគ្នានោះគឺមិនអាចដឹងពីភាពរីកចម្រើនឬអន់ ថយនៃការលេងនោះទេ ទាល់តែប៉ះប្រទេសគេខ្លាំងៗទើបអាចដឹងថា នៅខ្សោយចំណុចណាត្រូវបន្ថែមចំណុចណាឡើងវិញ។ ក្លិបរបស់លោកដាក់គោលដៅត្រូវតែឲ្យកីឡាករបានប្រកួតមិត្តភាពអន្តរជាតិបានច្រើនចាប់ពីពេលនេះតទៅ។ កីឡាករគ្រប់រូបកាលណាបានលេងនៅក្រៅប្រទេសច្រើនអាច អភិវឌ្ឍខ្លួនបានឆាប់រហ័ស និងកែប្រែចំណុចខ្វះខាតនានាឲ្យបានល្អឡើងវិញ។
គ្រូបង្វឹករូបនេះបានបញ្ជាក់ថា បន្ទាប់ពីវិលត្រលប់ពីប្រកួតមិត្តភាពនៅប្រទេសថៃវិញអាចនឹងទៅប្រកួតនៅប្រទេស វៀតណាម ហុងកុង ឬប្រទេសចិនបន្តទៀត ៕ សារីម