វិបត្តិនៅក្នុងរដ្ឋរ៉ាឃីន ប្រទេសមីយ៉ាន់ ម៉ា ពិសេសគឺតំបន់រស់នៅរបស់ក្រុមជនជាតិរ៉ូហ៊ីងយ៉ា រយៈពេលប៉ុន្មានខែកន្លងមកនេះធ្វើឲ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំងដល់រដ្ឋាភិបាល ប្រជាធិបតេយ្យ របស់មីយ៉ាន់ម៉ា ដែលមានលោកស្រីអ៊ុង សាន ស៊ូជី ជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋាភិបាល។ បន្ទាប់ពីមានជនជាតិរ៉ូហ៊ីងយ៉ាជាច្រើនស្លាប់ និងរត់ចោលផ្ទះសម្បែង បណ្តាលមកពី អំពើហិង្សាបង្កឡើងដោយកម្លាំងយោធា មីយ៉ាន់ម៉ា ធ្វើឲ្យលោកស្រី សូ៊ជីប្រឈម មុខនឹងការរិះគន់យ៉ាងខ្លាំង។
លោកស្រីស៊ូជី មិនត្រឹមតែជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាពប៉ុណ្ណោះទេ គឺ លោកស្រីនៅទទួលបានពានរង្វាន់ សេរី ភាព(Freedom of Oxford )ទៀតផង។ នៅពេលនេះដែរគណៈកម្មការ ពានរង្វាន់ oxford ក៏បានសម្រេចដកហូត ពានរង្វាន់ សេរីភាព ដែលលោកស្រីបានទទួល កាលពី២០ឆ្នាំមុន ពីទីក្រុងអុកហ្វដ របស់ ប្រទេសអង់គ្លេស។ ក្រុមប្រឹក្សាក្រុងអុក ហ្វដ បានជួបប្រជុំ កាលពីដើមសប្តាហ៍កន្លងមកដើម្បីសម្រេចដករង្វាន់សេរីភាពពីលោកស្រីអ៊ុងសាន ស៊ូជី។
នេះជាសញ្ញាមិនល្អឡើយ សម្រាប់ លោកស្រីអ៊ុងសាន ស៊ូជី ក៏ដូចជារដ្ឋាភិ បាលមីយ៉ាន់ម៉ា ។ ក្រោយពេលដែលបាន គ្រប់គ្រងប្រទេស គឺលោកស្រីអ៊ុងសាន ស៊ូជី មិនបានធ្វើអ្វីដែលខ្លួនបានខិតខំពីមុនមកឡើយ។នៅទសវត្សរ៍ ឆ្នាំ ១៩៩០ សកម្មភាពតស៊ូដ៏ស្វិតស្វាញរបស់លោកស្រី ស៊ូជី ដើម្បីប្រឆាំងនឹងអំណាចផ្តាច់ការ របស់របបសឹកមីយ៉ាន់ម៉ា បានធ្វើឲ្យលោក ស្រីស៊ូជីបានការទទួលស្គាល់ និងកោត សរសើរពីសហគមន៍អន្តរជាតិ។ នៅឆ្នាំ ១៩៩៧ ទីក្រុងអុកហ្វដរបស់អង់គ្លេស បានប្រកាសផ្តល់ពានរង្វាន់សេរីភាព ឬ « Freedom of Oxford » សម្រាប់លោក ស្រីអ៊ុងសាន ស៊ូជី ក្នុងការដែលលោក ស្រីបានតស៊ូ ដើម្បីសិទ្ធិសេរីភាព និង លទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែ នៅ២០ឆ្នាំ ក្រោយ ក្រុងអុកហ្វដដដែល បានសម្រេចដកពានរង្វាន់ដ៏កិត្តិយសនេះ ពីលោក ស្រីអ៊ុងសាន ស៊ូជី មកវិញ ក្នុងហេតុផលថា លោកស្រីស៊ូជី ដោះស្រាយមិនបានល្អ វិបត្តិជនជាតិរ៉ូហ៊ីងយ៉ា។
ក្រុមប្រឹក្សាក្រុងអុកហ្វដ ដែលសម្ដែងការព្រួយបារម្ភពីស្ថានភាពអត្តខាត់របស់ ជនជាតិរ៉ូហ៊ីងយ៉ា បានបោះឆ្នោតជាឯកច្ឆន្ទ សម្រេចឲ្យដកពានរង្វាន់សេរីភាពពីលោកស្រីអ៊ុងសាន ស៊ូជី។ នៅក្នុងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាក្រុង អុកហ្វដ គេបាន សរសេរថា លោកស្រីអ៊ុងសាន ស៊ូជីមិនស័ក្តិសមនឹងធ្វើជាម្ចាស់ពានរង្វាន់សេរីភាពរបស់ក្រុងតទៅទៀតទេ។ Mary Clarkson សមាជិកក្រុមប្រឹក្សាក្រុង បានសរសេរនៅ ក្នុងសុន្ទរកថា ថ្លែងនៅថ្ងៃចន្ទថា កិត្តិនាម របស់ក្រុងអុកហ្វដកំពុងត្រូវប្រឡាក់ ខូច ខាត ដោយសារតែបានផ្តល់រង្វាន់ដល់អ្នកដែលបិទភ្នែក បណ្តោយឲ្យកើតមានអំពើ ហិង្សា។
កាលនៅជាប់ឃុំ ក្នុងគេហដ្ឋាន នៅ ក្នុងរបបសឹកភូមា លោកស្រីអ៊ុងសាន ស៊ូជី ធ្លាប់ស្រែកទាមទារសេរីភាព និងប្រឆាំង រាល់អំពើរំលោភ ហិង្សា គ្រប់រូបភាព។ ប៉ុន្តែ នៅប៉ុន្មានខែចុងក្រោយនេះ ជ័យ លាភីណូបែលសន្តិភាព និងសកម្មជន ការពារសិទ្ធិមនុស្ស លោកស្រីអ៊ុងសាន ស៊ូជី ត្រូវបានថ្នាក់ដឹកនាំបរទេស និងអង្គ ការសហប្រជាជាតិ រិះគន់បរិហារ ដោយ សារតែអសកម្មភាព មិនអាចបញ្ឈប់ អំពើ ហិង្សា ប្រព្រឹត្តទៅលើជនជាតិភាគតិចរូហ៊ីងយ៉ា។
តាំងពីពាក់កណ្តាលខែ សីហា ជន ជាតិរ៉ូហ៊ីងយ៉ា ប្រមាណ ៤សែននាក់ បាន រត់ភៀសខ្លួនពីអំពើហិង្សា នៅរដ្ឋរ៉ាឃីន។ អង្គការសហប្រជាជាតិបានលើកឡើងពីការបោសសម្អាតជាតិសាសន៍ នៅមីយ៉ាន់ ម៉ា។ ប៉ុន្តែ នៅក្នុងពេលថ្លែងសុន្ទរកថា នៅចុងខែកញ្ញាកន្លងទៅ លោកស្រី អ៊ុង សាន ស៊ូជី មិនបាននិយាយពីការបោស សម្អាតជនជាតិភាគតិច ឬថ្កោលទោស ពួកយោធាមីយ៉ាន់ម៉ា ដែលប្រជាជនរ៉ូហ៊ីង យ៉ា ចោទប្រកាន់ថា ជាអ្នកប្រព្រឹត្តអំពើ ហិង្សាដុតផ្ទះសម្បែង រហូតធ្វើឲ្យពួកគេរត់ទៅបង់ក្លាដែសនោះទេ។ ជំហររបស់លោកស្រីបានធ្វើឲ្យគេគិតថា លោកស្រីអ៊ុងសាន ស៊ូជី កំពុងតែលាយច្របល់ចូលគ្នា រវាង ការមិនពិត ហើយនិងទម្លាក់កំហុសទៅ លើជនរងគ្រោះ ដូចដែលប្រធានអង្គការការពារសិទ្ធិមនុស្សAmnesty International បានលើកឡើង។
ចំណែកពានរង្វាន់ណូបែលសន្តិភាព របស់លោកស្រីអ៊ុងសាន ស៊ូជី វិញ មិន ដឹងទៅជាយ៉ាងណានោះឡើយ បើស្ថាន ភាពហិង្សានៅតែបន្តកើតឡើង ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាស្លាប់និងភៀសខ្លួនជាបន្ត ទៀតនោះ អាចនឹងត្រូវបាត់បង់ ពានរង្វាន់ ណូបែលសន្តិភាពដូចគ្នា។
នៅពេលនេះរដ្ឋាភិបាល មីយ៉ាន់ម៉ាបាន បន្ទន់ឥរិយាបថ ដោយអំពាវនាវ ឲ្យពលរដ្ឋរ៉ូហ៊ីងយ៉ាដែលភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែសវិលត្រឡប់មកកាន់ប្រទេសវិញ ក្នុងពេលដែលជនភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែសកាន់តែច្រើនឡើងពី មួយថ្ងៃទៅមួយថ្ងៃ៕ ម៉ែវ សាធី