ខេត្តកំពង់ឆ្នាំង៖ នាល្ងាចថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០១៧ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ ចុះពិនិត្យការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពអាចាង ស្ថិតក្នុងស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។
លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានជម្រាបជូនលោករដ្ឋមន្ត្រីថា៖ មកដល់ពេលនេះ ការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រអាចាង សម្រេចបានជាង 90 ភាគរយហើយ ។ លោកបន្តថា បើទោះបីជាការអនុវត្តគម្រោងមិនទាន់បានបញ្ចប់ទាំងស្រុង ប៉ុន្តែប្រព័ន្ធស្រោចស្រពនេះ បានផ្ដល់ផលប្រយោជន៍ជាបណ្ដើរៗដល់ប្រជាពលរដ្ឋ ទាំងការស្រោចស្រព ទឹកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងក៏ជាតំបន់ទេសចរណ៍មួយផងដែរ។
នៅក្នុងការចុះពិនិត្យនេះ លោករដ្ឋមន្ត្រី បានធ្វើការកោតសរសើរដល់ក្រុមហ៊ុនសាងសង់ទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋានបច្ចេកទេស និងគុណភាពធ្វើឲ្យសំណង់មានភាពរឹងមាំល្អ ជាប្រយោជន៍ក្នុងការប្រើប្រាស់បានយូរអង្វែង ។
លោករដ្ឋមន្ត្រី ក៏បានណែនាំដល់ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ត្រូវសហការឲ្យបានជិតស្និទ្ធជាមួយក្រុមហ៊ុន សំដៅធ្វើយ៉ាងណាគ្រប់គ្រងទឹកឲ្យបានល្អប្រសើរ ទាំងបញ្ហាជំនន់ក៏ដូចជាការរក្សាទឹកទុកសម្រាប់ប្រើប្រាស់នាពេលខាងមុខ។
សូមបញ្ជាក់ជូនថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពអាចាង មានទីតាំងគ្របដណ្តប់លើឃុំចំនួន ០៨ នៃស្រុកបរិបូណ៍ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានដំណើរការអនុវត្ត កាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០១៤ ដោយមានទំហំការងារ៖ សាងសង់សំណង់មេស្ទាក់ទឹក ចំនួន ០១ កន្លែង, ជីកប្រឡាយមេ ០១ ខ្សែ ប្រវែង ១៩,៥ គីឡូម៉ែត្រ, ជីកប្រឡាយរង ចំនួន ១០ ខ្សែ សរុបប្រវែង ២៩,៨៧ គីឡូម៉ែត្រ និងសាងសង់សំណង់សិល្បការតូចធំ សរុប ចំនួន ២២៤ កន្លែង ។
ក្រោយពេលបញ្ចប់គម្រោង ប្រព័ន្ធស្រោចស្រពអាចាង នឹងផ្តល់ទឹកសម្រាប់បម្រើឱ្យការងារបង្កបង្កើនផលស្រូវលើផ្ទៃដី ប្រមាណ ១០.៣០០ ហិកតា របស់បងប្អូនប្រជាកសិករស្ថិតនៅក្នុងឃុំអញ្ចាញរូង ពេជ្រចង្វារ ពពាល ផ្សារ ខុនរុង្គ ពន្លៃ ចក និងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។ ក្រៅពីផ្តល់ទឹកស្រោចស្រព ប្រព័ន្ធអាចាង ក៏ដើរតួនាទីកាត់បន្ថយទឹកជំនន់នៅផ្នែកខាងក្រោមស្ទឹងបរិបូណ៍ផងដែរ៕ ហេង សូរិយា