ព័ត៌មានទាន់ហេតុការណ៍៖

ម្តាយក្មេកប្តឹងអតីតកូនប្រសាស្រីរឿងលួចប្រាក់ជាង១០ម៉ឺនដុល្លាររាលដាលដល់អតីតដន្លងស្រីនិងកូនប្រុសដន្លង

ចែករំលែក៖

ភ្នំពេញ៖ រឿងដ៏ចម្រូងចម្រាសនិងកម្រ ជួបមួយរវាងស្ត្រីចំណាស់ម្នាក់នឹងកូនប្រុសម្នាក់បានត្រូវនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបញ្ជូនមកឲ្យលោក ឡុង ជាប ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ ដើម្បីសាកសួរករណីសមគំនិតជាមួយកូនស្រីម្នាក់ទៀតលួចប្រាក់និងគ្រឿងអលង្ការសរុបជាង១០ម៉ឺនដុល្លារអាមេរិករបស់អតីតម្តាយក្មេក ។

ស្ត្រីរូបនេះឈ្មោះ ភីម លី អាយុ៥៥ឆ្នាំ មានទីលំនៅផ្ទះលេខ១៦ ផ្លូវលេខR១៣ សង្កាត់និរោធ ខណ្ឌច្បារអំពៅ និងមានកូន ប្រុសឈ្មោះ លីប៊ុន ធនរក្ស អាយុ២៤ឆ្នាំ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ឈ្មោះ លីប៊ុន បទុមរតន៍ បានឆ្លៀតឱកាស ពេលដែលឈ្មោះ ជា វណ្ណា អតីតម្តាយក្មេក មិននៅផ្ទះបានលួចយកប្រាក់ចំនួន២ម៉ឺន ដុល្លារ និងគ្រឿងអលង្ការពេជ្រអស់មួយ ចំនួនមានទឹកប្រាក់សរុបជាង៨ម៉ឺនដុល្លារអាមេរិករួចរត់គេចខ្លួនចេញពីផ្ទះដោយមានបងប្រុសឈ្មោះ លីប៊ុន ធនរក្ស និង ម្តាយ ឈ្មោះ ភីម លី ជាអ្នកបើករថយន្តនិងរួម ដំណើរ។ ក្រោយដឹងហេតុការណ៍នេះឈ្មោះ ជា វណ្ណា បានទំនាក់ទំនងទៅអតីតកូន ប្រសាស្រីជាច្រើនលើកតែមិនអាចទំនាក់ទំនងបានទើបឈានដល់ប្តឹងសមត្ថកិច្ចឲ្យចាត់ការតាមច្បាប់តែម្តង ។

តាមការបំភ្លឺរបស់ឈ្មោះ លីប៊ុន បទុម រតន៍ ភេទស្រី អាយុ២៣ឆ្នាំ បានឲ្យដឹងថា ខ្លួនបានរៀបអាពាហ៍ពិពាហ៍ជាមួយឈ្មោះ មាស សំអាន ជាកូនបង្កើតរបស់ឈ្មោះ ជា វណ្ណា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយបានរស់នៅលើផ្ទះរបស់ឈ្មោះជា វណ្ណាតែម្តង។ លុះដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ក៏មានបញ្ហាផ្ទៃក្នុងគ្រួសាររហូតដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ខ្លួនបានសម្រេចចាកចេញពីលំនៅឋាននេះដោយប្រមូលសម្លៀកបំពាក់ និងគ្រឿងអលង្ការ ផ្ទាល់ខ្លួនមករស់នៅជាមួយម្តាយបង្កើតវិញ ។

នៅពេលយកសម្ភារនិងសម្លៀកបំពាក់ចេញពីផ្ទះម្តាយក្មេកនេះខ្លួនបានឲ្យបងប្រុសនិងម្តាយបង្កើតបើករថយន្តមកទទួលដោយ ពួកគាត់ចាំនៅក្រៅរបងផ្ទះ។ ចំណែកខ្លួន ចូលទៅក្នុងផ្ទះយកសម្ភារតែម្នាក់ឯង។ ឈ្មោះ លីប៊ុន បទុមរតន៍ បានអះអាងថា សម្ភារដែលខ្លួនបានយកនេះមានចំនួន២ស្បោងយួរដៃ និងបានចូលក្នុងបន្ទប់ដែលខ្លួនធ្លាប់រស់នៅប៉ុណ្ណោះ ពោលគឺពុំបានចូល ទៅរុះរើនៅបន្ទប់ផ្សេងឡើយគ្រាន់តែពេលចាកចេញនោះមិនបានលាឬប្រាប់ដំណឹងដល់ឪពុកម្តាយក្មេកនោះទេ ។

ទាក់ទិននឹងបញ្ហានេះប្រភពពីសមត្ថ កិច្ចបានអះអាងថា ក្រោយការសាកសួររួចហើយសមត្ថកិច្ចបានអនុញ្ញាតឲ្យឈ្មោះ លីប៊ុន បទុមរតន៍ ត្រឡប់ទៅវិញដោយសារ តែមានផ្ទៃពោះគ្រប់ខែ ហើយសម្រាលកូន នៅថ្ងៃទី៥ ខែតុលា ប៉ុន្តែនៅតែបន្តចាត់ការ តាមរូបភាពជនសង្ស័យនៅក្រៅឃុំ។ ដោយ ឡែកសាក្សីឈ្មោះ ហេង ហម និងឈ្មោះ ផល្លី បញ្ញា បានអះអាងថា ឈ្មោះ លីប៊ុន បទុមរតន៍ បានយួរស្បោងចេញពីផ្ទះរួច យកទៅដាក់ក្នុងរថយន្តរបស់ម្តាយនិងបងប្រុសបង្កើតរបស់ខ្លួនប្រាកដមែន ប៉ុន្តែមិនដឹងថាក្នុងស្បោងនេះមានអ្វីខ្លះនោះទេ ។

យោងតាមចម្លើយខាងលើនេះសមត្ថ កិច្ចបានឈានទៅកោះហៅម្តាយនិងបងប្រុសបង្កើតរបស់ឈ្មោះ លីប៊ុន បទុមរតន៍ ឲ្យចូលមកបំភ្លឺករណីនេះ។ ប៉ុន្តែដោយសារ ពួកគេគេចវេះមិនចូលខ្លួននោះទើបសមត្ថកិច្ចសុំដីកាបញ្ជាពីតុលាការឃាត់ខ្លួនពួកគេទាំង២នាក់តែម្តង ។

នៅចំពោះមុខសមត្ថកិច្ចម្តាយនិងកូនប្រុសបានបំភ្លឺស្រដៀងគ្នាថា ពួកគាត់មិនបានចូលក្នុងបរិវេណផ្ទះនោះឡើយ គ្រាន់ តែចាំក្រៅរបងផ្ទះប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តីម្តាយបង្កើតនិងបងប្រុសត្រូវសមត្ថ កិច្ចឃាត់ខ្លួនរួចកសាងសំណុំរឿងបញ្ជូន ទៅតុលាការដើម្បីចាត់ការតាមច្បាប់ ។

នៅក្នុងរបាយការណ៍ចុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧របស់នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃបានសន្និដ្ឋានថា ឈ្មោះ លីប៊ុន បទុមរតន៍ ជាអ្នកលួច ។

ព័ត៌មានចុងក្រោយពីនគរបាលព្រហ្ម ទណ្ឌក្រសួងឲ្យដឹងថា កាលពីល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ លោកស្រី ស៊ឺ វណ្ណី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី ភ្នំពេញបានអនុញ្ញាតឲ្យជនសង្ស័យត្រឡប់ទៅផ្ទះវិញ ។

លោកស្រី ស៊ឺ វណ្ណី មិនអាចទំនាក់ទំនង សុំការបំភ្លឺបានទេ។ ដោយឡែកលោក លី សុផាណា អ្នកនាំពាក្យនៃអយ្យការអម សាលាដំបូងភ្នំពេញក៏មិនអាចសុំការបំភ្លឺបានដែរដោយសារលោកមានបេសកកម្មនៅក្រៅប្រទេស ៕ សហការី


ចែករំលែក៖