ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ លោក អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបាន ទទួលជួបលោក William A. Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅ កម្ពុជាព្រមគ្នាតែម្តងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ។
ក្នុងការជួបពិភាក្សានេះឯកអគ្គរដ្ឋទូតទាំង២រូបបានអបអរសាទរដល់កម្ពុជា ដែលទើបសម្រេចបានប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០១៨ចំនួន១៧០ដុល្លារប្រកបដោយ ភាពរលូន និងកុងសង់ស៊ីសគ្នាពីគ្រប់ភាគីនាឆ្នាំនេះ។ លោកឯកអគ្គរដ្ឋទូតទាំង២ក៏បានលើកទឹកចិត្តឱ្យកម្ពុជាបន្តប្រកាន់ខ្ជាប់នូវយន្តការត្រីភាគី ការសន្ទនាសង្គម ការ គោរពលក្ខខណ្ឌការងារ ការគោរពសិទ្ធិ សេរីភាពអង្គការវិជ្ជាជីវៈ និងការដោះស្រាយ បញ្ហាទំនាក់ទំនងវិជ្ជាជីវៈ និងវិវាទការងារឱ្យបានលឿននិងមានតម្លាភាព ។
លោកឯកអគ្គរដ្ឋទូតទាំង២បានបញ្ជាក់ថា សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបនឹងមិនភ្ជាប់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការគោរពលក្ខខណ្ឌការងារទៅនឹងភាព តានតឹងផ្នែកផ្សេងទៀតឡើយ។ សហរដ្ឋ អាមេរិកនិងសហភាពអឺរ៉ុបនឹងបន្តបើកទីផ្សារ របស់ខ្លួនដល់កម្ពុជា និងបង្កើនការបញ្ជា ទិញទំនិញពីកម្ពុជា ។
ជាការឆ្លើយតបលោករដ្ឋមន្ត្រី អុិត សំហេង បានថ្លែងអំណរគុណដល់សហរដ្ឋ អាមេរិក និងសហភាពអឺរ៉ុបដែលបានរួម ចំណែកក្នុងការលើកកម្ពស់លក្ខខណ្ឌការងារនៅកម្ពុជា ព្រមទាំងធានាថាកម្ពុជានឹងបន្តគោលនយោបាយផ្សារភ្ជាប់ពាណិជ្ជ កម្មទៅនឹងលក្ខខណ្ឌការងារដោយបន្តសហការជាមួយគម្រោងរោងចក្រកាន់តែប្រសើររបស់អង្គការអន្តរជាតិខាងការងារ (ILO-BFC) អង្គការ GIZ និងអង្គការអន្តរជាតិផ្សេងទៀតដែលចុះបញ្ជីត្រឹមត្រូវតាមច្បាប់កម្ពុជា ៕ ហេង សូរិយា