ភ្នំពេញ ៖ រោងចក្រអនុស្ថានីយ៍អគ្គីសនីទី៥ ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ត្រូវបានអគ្គីភ័យឆាបឆេះ ឧបករណ៍សម្ភារៈបច្ចេកទេស ផ្តើមចេញពីទុស្សេប្រព័ន្ធភ្លើង បង្កឲ្យភ្ញាក់ផ្អើលលាយឡំទៅនឹងការភិតភ័យ ដែលជាកន្លែងផ្ទុក ស្តុបចរន្តភ្លើង និងចែកចាយប្រព័ន្ធភ្លើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ នេះ ។
តាមប្រភពជំហានដំបូងបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ ខណៈដែលមេឃកំពុងធ្លាក់ភ្លៀង ស្នូរផ្ទុះ ផ្គរលាន់ហើយមានផ្លេកបន្ទោ រន្ទះបាញ់ ក្បែរ កន្លែង ផ្ទុកចរន្តភ្លើង ស្រាប់តែមានផ្សែងហុយខ្មួលខ្មាញ់ចេញពីបន្ទប់បែងចែកចរន្ត ទើបបង្កឲ្យផ្អើលឆោឡោ ប្រជាពលរដ្ឋរងការភិតភ័យ ខណៈទីតាំងខាងលើ សុទ្ធតែប្រព័ន្ធ មេភ្លើង ទាំងស្តុកទាំងការបែងបែកចរន្ត ហើយសមត្ថកិច្ច និងរថយន្តពន្លត់អគ្គីភ័យច្រើនគ្រឿង របស់ស្នងការនគរបាលក្រុងចេញទៅជួយអន្តរាគមន៍ ។
តែបើតាមការសន្និដ្ឋាន អគ្គីភ័យ ឆេះគ្រឿងបំពាក់បរិក្ខា ឧបករណ៍ ប្រព័ន្ធ ចរន្តអគ្គីសនី បណ្តាលមកពី រន្ទះបាញ់ក្បែរនោះ ហើយអាចស្រូបឆ្លង ដល់បន្ទប់ បែងចែកចរន្តភ្លើង ។
តែបើតាមអ្នកបច្ចេកទេស បានឲ្យដឹងថា នេះបណ្តាលមកពី ម៉ាស ប្រព័ន្ធការពារ សម្ភារៈ បរិក្ខា នៅទីតាំងខាងលើ តូចជាងម៉ាស ធម្មជាតិ (រន្ទះបាញ់) ទើបអាចឆ្លងស្រូប បណ្តាលឲ្យឆាបឆេះ ឧបករណ៍ បម្លែង បែងចែកចរន្តតែម្តង តែទោះជាយ៉ាងណាក្តីករណីខាងលើមិនបង្កឲ្យអ្នកណាម្នាក់រងរបួសឡើយ ៕ តុង សីហា