ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS)

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ចំនួន ៥,៨០៨នាក់ ដែលនឹងត្រូវទទួលសញ្ញាបត្រដូចជាបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅមជ្ឍមណ្ឌលកោះពេជ្រ។

ថ្លែងទៅកាន់អង្គពិធី សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងអបអរសាទរដល់ជ័យលាភីទាំងអស់និងបានកោតសរសើរអំពីអំពីនិរន្តរភាព និងការរីកធំធាត់នៃសាកលវិទ្យាល័យ CUS។ សម្តេចតេជោក៏បាន កោតសរសើរដល់ក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យដែលបានយកចិត្តទុកដាក់ខិតខំបណ្តុះបណ្តាលនិស្សិត រហូតបានបញ្ចប់ការសិក្សា ដែលក្នុងនោះគឺមានចំនួន ៨៩% មានការងារធ្វើ។ សម្តេចតេជោ បានស្នើអោយសាខាសាកលវិទ្យាល័យទាំងនៅភ្នំពេញ និងតាមបណ្តាខេត្តនានាត្រូវខិតខំពង្រឹងគុណភាពអប់រំអោយបានខ្លាំងឡើងថែមទៀត។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ សង្ឃឹមថានិស្សិតដែលបានបញ្ចប់ការសិក្សានឹងបន្តសិក្សាបន្តឬរកការងារធ្វើ។ គ្មានការចេះដឹងណាមួយរបស់មនុស្ស បញ្ជូនទៅមនុស្សម្នាក់ ទៀតដោយមិនបានសិក្សានោះទេ។ ហើយការសិក្សារៀនសូត្រគឺមិនមានទីបញ្ចប់បានឡើយ។

សម្តេចតេជោបានរំលឹកផងដែរថា កម្ពុជាពីមុន គេឃើញថាជាទីតាំងនៃសមរភូមិ និងជាទីតាំងនៃវាលពិឃាត ហើយអត្រាក្រីក្រ១០០%។ ប៉ុន្តែសព្វថ្ងៃនេះ កម្ពុជាបានក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយដែលយើងមានទិសដៅប្រែក្លាយអោយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។

កាលពីឆ្នាំ ១៩៧៩ គឺអ្នកចេះច្រើនបង្រៀនអ្នកចេះតិច រីឯអ្នកចេះតិចបង្រៀនអ្នមិនចេះសោះ។ តែពេលនេះយើងកំពុងបណ្តុះបណ្តាលធនធាមនុស្សជាច្រើន រួមទាំងការបណ្តុះបណ្តាលគ្រូនិងសាស្រ្តាចារ្យគ្រប់កម្រិត ដែលផ្តោតទៅលើគោលនយោបាយយុទ្ឋសាស្រ្តជាតិលើវិស័យជាតអាទិភាពទាំង៤ពីមុនគឺ ទឹក ផ្លូវ ភ្លើង មនុស្ស ។ នៅឆ្នាំ ២០១៧នេះ គឺជាខួបទី៣០ នៃការប្រកាសដាក់ចេញគោលនយោបាយយុទ្ឋសាស្រ្តជាអាទិភាពរបស់ជាតិ ដែលពេលនេះ គឺ មនុស្ស គឺជាមូលដ្ឋានទ្រទ្រង់នូវការអភិវឌ្ឍ។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានប្រកាសសារជាថ្មីផងដែរអំពីការទិញស្ពានព្រែកភ្នៅត្រឡប់មកវិញពីក្រុមហ៊ុនឯកជន។ កាលពីថ្ងៃទី ៥ តុលា ២០១៧ សម្តេចតេជោ បានប្រកាសម្តងរួចមកហើយតាម Facebook ផ្ទាល់ថា ស្ពានព្រែកព្នៅ និងផ្លូវជាតិដែលគ្របដណ្តប់លើផ្ទៃដី ៤០ហិកតា ជាប់ពីផ្លូវជាតិលេខ៦ មកលេខ ៥ ដែលវិនិយោគដោយក្រុមហ៊ុនឯកជនមានរយៈពេល៤០ឆ្នាំ គឺបានទិញយកមកគ្រប់គ្រងវិញហើយ។ តាមពិតក្រុមហ៊ុនឯកជនបានអនុវត្តអស់៧ ឆ្នាំហើយ គឺនៅសល់ ៣៣ ឆ្នាំទៀត។ ដោយសារប្រជាពលរដ្ឋមានការលំបាកក្នុងការបង់ថ្លៃ ដូច្នេះរាជរដ្ឋាភិបាលសម្រេចចិត្តទិញយកពីឯកជនមកវិញគឺចាប់ពីថ្ងៃទី ១៥ តុលា ២០១៧ តទៅ គឺប្រជាពលរដ្ឋឆ្លងស្ពានព្រែកព្នៅ គឺមិនចាំបាច់បង់ថ្លៃទៀតទេ។ សម្តេចតេជោបានសង្កត់ធ្ងន់ផងដែរថា យើងត្រូវរួមគ្នាថែរក្សាសន្តិភាព ដើម្បីប្រទេសជាតិកាន់តែរីកចម្រើន។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ បានកោតសរសើរ ស្វាគមន៍ដល់ជ័យលាភីដែលបានទទួលសញ្ញាបត្រថ្ងៃនេះ សម្តេចក៏បានលើកទឹកចិត្តអោយនិស្សិតយើងខិតខំរៀនបន្តទៀត។ សម្តេចតេជោបានកោតសរសើរដល់សាកលវិទ្យាល័យដែលបានបណ្តុះបណ្តាលនិស្សិតបានចំនួន ៣១,៨២៦ នាក់ចាប់តាំងពីឆ្នាំ ២០០៣ មក ដែលពេលនេះក៏មាននិស្សិតកំពុងសិក្សាចំនួន ១០,០៣៧នាក់នៅក្នុងសាកលវិទ្យាល័យ។ សម្តេចតេជោ បានអរគុណដល់សាកលវិទ្យាល័យដែលបានផ្តល់អាហារូបករណ៍ដល់សម្តេចដើម្បីជួយនិស្សិត ក្រីក្រចំនួន ១,១៩៦នាក់ ដែលកំពុងជួបការពិបាក។

ជាមួយគ្នានេះដែរ សម្តេចតេជោបានមានប្រសាសន៍ផងដែរថា គ្មានប្រទេសណាដែលគ្មានបញ្ហាប្រឈមទេ គឺគ្រាន់តែតិចឬច្រើន រួមទាំងនៅក្នុងប្រទេសអ្នកមានផងដែរ។ សភាពការណ៍ពិភពលោកគឺកំពុងមានការប្រែប្រួលខ្លាំងណាស់រួមទាំងបញ្ហាគ្រាប់កាំជ្រួចប្រល័យលោកនៅកូរ៉េខាងជើង អំពើភេរវកម្មនៅអ៊ីរ៉ាក់ និងមជ្ឈិមបូពា៍ បញ្ហាជនភៀសខ្លួនរ៉ូហីងហ្កានៅភូមា បញ្ហាធ្វើប្រជាមតិនៅអ៊ីរ៉ាក់ និងនៅអេស្ប៉ាញជាដើម។

នៅថ្ងៃនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានប្រកាសចេញនូវគោលនយោបាយថ្មីទ្រទ្រង់ផ្នែកសុខុមាលភាពសង្គម។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានអរគុណបងប្អូនជាមន្រ្តីរាជការដែលបានចូលមក Comment ក្នុងផេកសម្តេច សួរថា “តើពួកយើខ្ញុំជាមន្រ្តីរាជការបានទទួលប្រាក់គាំពារពេលសម្រាលកូនដែរឬទេ?”

ជាការឆ្លើយតប ជាមួយនឹងការប្រកាសចេញជាផ្លូវការនូវគោលនយោបាយជាតិគាំពារសង្គមដែលផ្តោតចេញទៅលើស្រ្តីឆ្លងទន្លេ ដែលកម្មការនីគឺបានទទួល កូន១ គឺ៤០០,០០០៛ កូនភ្លោះ២គឺបាន ៨០០,០០០៛ កូនភ្លោះ៣ គឺបាន ១,២០០,០០០៛។ បើតាមសេចក្តីសម្រេច (លេខ៥២ សសរ) ដែលបានចុះហត្ថលេខាកាលពីថ្ងៃ ២ធ្នូ ឆ្នាំ ២០០៥ ដែលបានអនុវត្តកាលពីថ្ងៃទី ១ មករា ២០០៦ គឺស្រ្តីជាមន្រ្តីរាជការដែលសម្រាលកូនគឺក្នុង១នាក់ ៦០០,០០០រៀល។ ប៉ុន្តែនៅពេលនេះ គឺរាជរដ្ឋាភិបាលបានបញ្ចូលស្រ្តីដែលជាកងទ័ព និងស្រ្តីជាកងនគរបាលជាតិដែលដែលសម្រាលកូនផងដែរ គឺចាប់ពីខែ មករា ឆ្នាំ ២០១៨ នេះទៅ ស្រ្តីជាមន្រ្តីរាជការស៊ីវិល នគរបាល កងទ័ព នឹងត្រូវទទួលបាន ៨០០,០០០៛ បើបានកូនភ្លោះ២គឺទទួលបាន ១,៦០០,០០០៛ បើបានកូនភ្លោះ៣ គឺទទួលបាន ២,៤០០,០០0៛ ។ ចំពោះគ្រូបង្រៀន និងគ្រូពេទ្យជាស្រ្តី ក៏ទទួលបានប្រាក់ឧបត្ថម្ភដូចខាងលើនេះដែរ។ រដ្ឋមន្តី្រក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នឹងរៀបចំសម្រួលគោលនយោបាយជាតិនេះអោយឆាប់អោយចូលជាធរមានឆាប់បំផុត។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអបអរសាទរ និងជូនពរដល់ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) និងនិស្សិតជ័យលាភីទាំងអស់ដែលទទួលបានជោគជ័យក្នុងថ្ងៃនេះ បន្ទាប់មកសម្តេចតេជោ បានអញ្ជើញប្រគល់សញ្ញាបត្រជូនដល់តំណាងនិស្សិតទាំងអស់នៅក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ឋស្នាលក្រៃលែង៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖