ព័ត៌មានទាន់ហេតុការណ៍៖

អតីតតារាចម្រៀងប្រចាំផលិតកម្ម Rock ឈុំ រតនា ស្លាប់ទាំងវ័យក្មេង

ចែករំលែក៖

 

ភ្នំពេញ៖ ម្ចាស់បទ «កាលីបអី» លោកឈុំ រតនា ហៅ Rainny ដែលត្រូវគេស្គាល់ថា ជាអតីតតារាចម្រៀងRock បានបាត់បង់ជីវិតដោយសារជំងឺសួតធ្ងន់។ មរណភាពរបស់លោកកាលពីម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ បានបង្កើតឲ្យមានការភ្ញាក់ផ្អើល និងសោកស្តាយខ្លាំងពីមិត្តរួមជំនាន់។

លោកឈុំ រតនា ត្រូវបានគេស្គាល់គ្រាដែលផលិតកម្មRock បើកដំណើរការជាលើកដំបូងហើយមានបទចម្រៀងមួយចំនួនរបស់លោកក៏ទទួលបានការគាំទ្រច្រើនពីទស្សនិកជនផងដែរ។

លោកត្រូវបានគេអះអាងមានជំងឺសួត និងទឹកនោមផ្អែមដល់ដំណាក់កាលចុងក្រោយ ដោយសពរបស់លោកត្រូវបានគេនិយាយថា បានស្លាប់ក្នុងមន្ទីរពេទ្យមុនពេលដឹកយកទៅធ្វើបុណ្យ។ អ្នកធ្លាប់ការងារនឹងលោកជាច្រើន រួមមានតារាចម្រៀង ឱក សុគន្ធកញ្ញា សុទ្ធតែមានការភ្ញាក់ផ្អើល ក្នុងពេលដែលលោកត្រូវលាចាកលោកទាំងវ័យក្មេង ក្នុងពេលដែលលោកកាលពីអតីតកាល ក៏ជាតារាចម្រៀងមានកេរ្តិ៍ឈ្មោះម្នាក់។ សពរបស់លោកបាននឹងកំពុតធ្វើបុណ្យតាមទំនៀមទម្លាប់ខ្មែរនាខេត្តកំពតដែលជាទឹកដីកំណើត

ប្រភពពីមិត្តជិតដិតរបស់ លោក ឈុំ រតនា បានបញ្ជាក់ថា អតីតតារាចម្រៀងរូបនេះបានផ្តាច់ខ្លួនពីសិល្បៈចម្រៀងអាជីបមួយរយៈ មកហើយ ប៉ុន្តែលោកបានចេញទៅបំពេញការងារជាគ្រូបង្រៀនច្រៀង និងជាអ្នកនិពន្ធបទចម្រៀងសម្រាប់មជ្ឈមណ្ឌលផ្តាច់គ្រឿងញៀនមួយនៅទន្លេបាទី។

ប្រភពបន្តថា លោក ឈុំ រតនា ដែលមានវ័យ៣២ឆ្នាំរូបនេះធ្លាប់មានភរិយានិងកូនមួយរួចហើយប៉ុន្តែបានលែងលះគ្នាកាលពីប៉ុន្មានឆ្នាំមុន។ អ្វីដែលកាន់តែធ្វើឲ្យមិត្តភ័ក្កិរួមជំនាន់មានការសោកស្តាយនោះគឺលោក ឈុំ រតនា ជាមនុស្សល្អ សុភាពរាបសា ជាមនុស្សតស៊ូ នឹងការងារ ហើយលោកក៏បានរួមចំណែកជាច្រើនក្នុងកិច្ចការងារសង្គមផងដែរ។

សម្រាប់សិល្បករផលិតករដែលមានបំណងចូលរួមកម្មវិធីបុណ្យ ឬចូលបច្ច័យសពលោក ឈុំ រតនាអាចទំនាក់ទំនងទៅកាន់ប្អូនប្រុលលោកតាមរយៈលេខទូរស័ព្ទ ៕ វឌ្ឍនា


ចែករំលែក៖