ភ្នំពេញ ៖ នៅឯស្នាក់ការកណ្តាលសមាគមសម្ព័ន្ឋយុវជនមុស្លិម កម្ពុជា (CMYA) លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ឋយុវជនមុស្លិមកម្ពុជា បានអញ្ជើញប្អូនៗយុវជន CMYA FC ដើម្បីជួប ទទួលដំបូន្មានល្អៗ និងប្រកាសបន្ដ ជួយគាំទ្ររាល់សកម្មភាព សម្រាប់ការប្រកួតវគ្គផ្តាច់ព្រាត់ដណ្តើមជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន លើកទី១ ឆ្នាំ២០១៧ ដែលនឹងធ្វើការប្រកួតនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧នេះ នៅពហុកីឡាដ្ឋានអូឡាំពិក វេលា ម៉ោង ១៥ :០០ ក្រោមការអញ្ជើញជាអធិបតីភាព របស់ លោក វង់ សូត ប្រធានក្រុមទីប្រឹក្សា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិនៃកម្ពុជា ។ នេះ បើតាមការបញ្ជាក់ឲ្យដឹងពីលោក អូស្មាន ហាស្សាន់ កាលពីរសៀលថ្ងៃទី ០៧ តុលា ឆ្នាំ ២០១៧ នៅស្នាក់ការសមាគម យុវជនមុស្លិមកម្ពុជា ។
តាមការបញ្ជាក់ពីលោក រ៉ូហ្វី អូស្មាន ជាប្រធានក្លឹប CMYA FC បានអោយដឹងថា៖ CMYA FC ជាក្លឹបមិនមែនអាជីបមួយ ដែលថ្មីថ្មោងបំផុត ដែលនេះជាលើកទី២ ដែលក្លឹបរបស់ខ្លួនត្រូវបានអនុញ្ញាតអោយចូលរួមប្រកួតក្នុងពានរបស់ក្លឹបកីឡាបាល់មិនមែនអាជីព ខណៈដែលលើកទី១ ក៏ធ្លាប់បានចូលរួមប្រកួតពានរង្វាន់ Soccer League របស់សហភាពសហព័ន្ឋយុវជនកម្ពុជា កាលពីឆ្នាំ២០១៦កន្លងទៅ តែជាលទ្ឋផល CMYA FC មិនបានឈានមកដល់វគ្គផ្តាច់ព្រាត់នោះទេ ហើយលើកនេះ ក្រុមរបស់ខ្លួន ក៏មានឱកាសចូលរួមប្រកួត ជាមួយនឹងក្រុមកីឡាករក្លឹបនានាចំនួន១៨ក្រុម ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ហើយក៏ជាមោទនភាពដែលក្លឹបរបស់ខ្លួនឈានដល់វគ្គផ្តាច់ព្រាត់ដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧នេះ។
លោក អូស្មាន ហាស្សាន់ បានលើកឡើងនូវការគាំទ្រក្លឹប CMYA FC ដោយមានគម្រោងនឹងប្រែក្លាយក្លឹបមួយនេះទៅជាក្លឹបអាជីបមួយអោយមានឈ្មោះជាក្លឹបយុវជនខ្មែរឥស្លាមមានវត្តមានបង្ហាញខ្លួនជាមួយក្លឹងអាជីពនានាដែលកំពុងមានឈ្មោះបោះសម្លេងនៅព្រះរាជាណាចក្រកម្ពុជា ហើយក៏មានគម្រោងអោយមានការប្រកួតលក្ខណៈអន្តរជាតិជាមិត្តភាពជាមួយក្លឹបបណ្តាប្រទេសក្នុងតំបន់ ដូចជាប្រទេសម៉ាឡេស៊ីជាដើម។
លោករដ្ឋមន្រ្តីប្រតិភូក៏បានបង្ហាញនូវមោទនភាពជាវិជ្ជមាន ដល់ក្មួយៗជាយុវជនមុស្លិមរបស់ខ្លួន ដែល បានចំណាយកម្លាំង ឆន្ទៈ តស៊ូ ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតកីឡា លើកកំពស់វិស័យកីឡា សុខភាព និងការបញ្ជៀសឆ្ងាយពីគ្រឿងឈានក្នុងសង្គម និងស្រទាប់យុវន។
ក្នុងស្មារតីគាំទ្រ ព្រមទាំងផ្តល់កម្លាំងចិត្ត លោក ក៏បានផ្តាំផ្ញើឲ្យក្មួយៗកីឡាករត្រូវសហការគ្នា សាមគ្គីគ្នា រក្សាគោលជំហរក្នុងការប្រកួត មិនត្រូវបាក់ទឹកចិត្ត ស្មារតី ហើយ ក៏មិនត្រូវមោទភាពលើសកំណត់ ជាពិសេសត្រូវប្រកាន់គុណធម៌ អត្តចរឹកល្អ មានការអនុគ្រោះ និងគោរពដល់ដៃគូរប្រកួត។ លោកក៏បានជូនពរដល់ក្មួយៗ អោយបានទទួល ជោគជ័យក្នុងការប្រកួតវគ្គផ្តាច់ព្រាត់ថ្ងៃស្អែក ហើយក្នុងពិធីប្រកួតនេះ លោករដ្ឋមន្រ្តីប្រតិភូបានជម្រាបថាលោក និងសហការីនឹងអញ្ជើញចូលរួមទស្សនាផងដែរ ៕ សំរិត