ព័ត៌មានទាន់ហេតុការណ៍៖

យុវជនស្មគ្រ័ចិត្តរាប់រយនាក់ដាក់ពាក្យចូលបម្រើកងទ័ពនៅស្នាក់ការកងរាជអាវុធហត្ថក្រុងស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ចាប់តាំងសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកបានជួបចរចាជាមួយនាយករដ្ឋមន្ត្រី នៃប្រទេសឡាវ ពីរឿងព្រំដែនទទួលបានជោគជ័យ ឲ្យទាហានឡាវដកកងទ័ពចេញពីតំបន់អូរអាល័យ ដែលជាទឹកដីកម្ពុជា នៅតំបន់ព្រំដែន ឋិតក្នុងស្រុកសៀមប៉ាង ក្រោយមក ក៏បានបើកការិយាល័យជ្រើសរើសយុវជនស្ម័គ្រចិត្តចូលធ្វើជាពលទាហាន បម្រើការក្នុងជួរកងទ័ព ដើម្បីការពារបូរណភាពទឹកដី ដែលខ្មាំងសត្រូវចង់ឈ្លានពាន ។

នៅក្នុងការទៅដាក់ពាក្យរបស់យុវជនស្មគ្រ័ចិត្តចូលធ្វើជាទាហាននោះ គេឃើញថា ឈរចាំតម្រៀបជួរគ្នាមានចំនួនច្រើនទៅដល់រាប់រយនាក់ ស្ថិតនៅត្រង់ចំណុចបន្ទាយកងរាជអាវុធហត្ថក្រុងស្ទឹងត្រែង ចាប់បើកតាំងពីថ្ងៃទី១ ខែតុលា ដល់៣០ ខែតុលា ឆ្នាំ២០១៧ ។

តាមការរៀបរាប់របស់យុវជនម្នាក់ឈ្មោះ ប៉េងលី វិច្ឆិកា ដែលរស់នៅភូមិកោះខឌិន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានលើកឡើងថា ចាប់តាំងពីសម្តេចតេជោហ៊ុន សែន បានជួបចរចាគ្នាជាមួយខាងនាយករដ្ឋមន្ត្រីឡាវ ដោយទទួលជោគជ័យឲ្យកងទ័ពរបស់ឡាវ ដកទ័ពចេញពីខ្សែក្រវាត់ព្រំដែនតាមជួរព្រំដែនកម្ពុជា ឡាវ កន្លងមកថ្មីៗនេះ ក្រោយមក ក៏ស្រាប់តែឃើញមានការបើកការិល័យជ្រើសរើសពលទាហានដែលមាននៅគ្រប់ខេត្ត និងក្រុងទាំងអស់ ។

ដោយមានចំណាប់អារម្មណ៍ស្រឡាញ់ និងចង់បម្រើការងារក្នុងជួរកងទ័ពនេះជាយូរឆ្នាំមកហើយ តែឥឡូវនេះ ទើបមានឱកាសបំពេញកាតព្វកិច្ច ដោយជាកូនខ្មែរទាំងអស់គ្នា ត្រូវតែហាត់ពត់ លុតដំ ខ្លួនឲ្យបានត្រឹមត្រូវ កុំដើរលេងអាវាសែ នាំអត់ប្រយោជន៍ អញ្ចឹងហើយបានជាគេសម្រេចចិត្តទៅចុះឈ្មោះដាក់ពាក្យសុំចូលធ្វើជាទាហាន ដើម្បីការពារបូរណភាពទឹកដី ។

យុវជនស្មគ្រ័ចិត្តរូបនេះបានបញ្ជាក់ថា ក្នុងការចុះឈ្មោះ ខាងលើនោះ មានលក្ខខណ្ឌយ៉ាងតិចចំនួន៤ចំណុច ទី១ កាយសម្បទាមាំមួន មានកម្ពស់ចាប់ពី១ម៉ែត្រ៦០ឡើងទៅ ទី២ធ្វើតេស្តពិនិត្យឈាមអំពីសុខភាព ក្រែងមានជំងឺផ្សេងៗ បើមាន ក៏គេមិនយកដែរ ទី៣កម្រិតវប្បធម៌សសេរបាន និងអានបានល្មមៗក៏អាចទទួលយកបានដែរ និងទី៤ ឯកសារពាក់ព័ន្ធនិងអត្តសញ្ញាណប័ណ្ណព្រមទាំងឯកាសារផ្សេងៗក្នុងការរស់នៅក្នុងខេត្តស្ទឹងត្រែង ទើបអាចទទួលឲ្យចុះឈ្មោះបាន បើមកពីខេត្តផ្សេងៗ ដាច់ខាតមិនទទួលយកនោះទេ ។

នៅជុំវិញក្នុងរឿងនេះ លោកឧត្តមសេនីយ៍ត្រី ទ្រី សំរិទ្ធ និងជាអ្នកនាំពាក្យរបស់យោធភូមិភាគទី១ខេត្តស្ទឹងត្រែង បានប្រាប់ឲ្យដឹងថា ការជ្រើសរើសកងទ័ពខាងលើនោះ ដោយសារតែទើបតែបង្កើតកងពលលេខ១២៨ថ្មី របស់យោធភូមិភាគទី១ ដោយផ្អែកលើភូមិសាស្រ្តដ៏ធំទូលំទូលាយ និងផ្អែកទៅលើកងកម្លាំងប្រដាប់អាវុធរបស់យើង មានការខ្វះខាត បើនិយាយរួមទៅ ខ្វះចំនួនទ័ពតែម្តង។ ពោលគឺ ខាងយោធភូមិទី១ មិនដែលបានជ្រើសរើសទ័ព នឹងគេទេ ដោយនៅបច្ចុប្បន្ននេះ ប្រើតែទាហានចាស់ៗ ដែលនៅសល់ពីការបង្រួបបង្គ្រួមគ្នា តាំងពីឆ្នាំ១៩៧៩មកម្ល៉េះ ។

លោកក៏បានបញ្ជាក់ថា តាមគោលការណ៍របស់សម្តេចតេជោហ៊ុន សែន បានឲ្យជ្រើសរើសទ័ពនេះ ក៏រើសទៅតាមលក្ខន្តិករបស់ក្រុមគណៈកម្មការជ្រើសរើសទ័ពហ្នឹង ខាងថ្នាក់លើលោកបានសម្រេច ឲ្យរើសតាមលក្ខណសម្បតិ្ត មិនចេះតែរើសតាមការចាប់ដាក់ៗ អត់មានគុណភាពនោះទេ លក្ខខ័ណ្ឌទី១ មានអាយុចាប់ពី១៨ឆ្នាំទៅដល់៣០ឆ្នាំ ហើយមានកម្រិតវប្បធម៌អាចចេះសរសេរ និងអានភាសាអក្សរខ្មែរបាន ទី២មានកម្ពស់ចាប់ពី១ម៉ែត្រ៦០ឡើងទៅ និងមានកាយសម្បទាគ្រប់គ្រាន់ ទី៣អំពីកិរិយាមារយាទ បានន័យថា អត់មានពាក់ព័ន្ធ សំណុំរឿងខាងតុលាការ អត់ពាក់ព័ន្ធកាប់ចាក់បងតូចបងធំ និងលក្ខខ័ណ្ឌទី៤ និយាយអំពីសុខភាព ដោយមានគណៈកម្មការធ្វើតេស្តពិនិត្យ ដើម្បីជៀសវាងយុវជនហ្នឹងគេបានប្រើប្រាស់គ្រឿងញៀន ហើយខាងផ្តល់អាទិភាពចម្បងនោះ គឺត្រូវជ្រើសរើសយុវជនណា ដែលមានឪពុកម្តាយពិការនៅសមរភូមិមុខចូលសោធននិវត្ត នៅមិនទាន់មានការងារធ្វើ និងផ្តល់អាទិភាពឲ្យគាត់ បានមកចុះឈ្មោះបម្រើធ្វើជាកងទ័ពបាននឹងគេដែរ ក៏ប៉ុន្តែការផ្តល់អាទិភាពនេះ គឺតម្រូវឲ្យបំពេញលក្ខខ័ណ្ឌទាំង៤យ៉ាងដែរ ទាំងកាយសម្បទា សុខភាព និងកិរិយាមាយាទ សមរម្យ ថ្លៃថ្នូរ ជាយុវជនមិនមែន ជាក្រុមជនពាល បងតូច បងធំដើរលេង អាវាសែនោះឡើយ ៕ មាស សុផាត


ចែករំលែក៖