ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ​ពីរ​នាក់​ បាញ់​សម្លាប់​យុវជន​ម្នាក់​និង​បាញ់​គំរាម​សមត្ថកិច្ច​ខណ្ឌ​ច្បារ​អំពៅ​ បញ្ជូន​ដល់​តុលាការ​

ចែករំលែក៖

ភ្នំពេញ​៖ ជនសង្ស័យ​ពីរ​នាក់​ ដែលធ្វើសកម្មភាពបាញ់សម្លាប់យុវជនម្នាក់និងរងរបួសម្នាក់ ព្រមទាំងបាញ់គំរាមនគរបាល​មូលដ្ឋានខណ្ឌច្បារអំពៅ នាអំឡុងខែកក្កដា និងខែសីហា ឆ្នាំ២០១៧ ពេលនេះត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ និង​បញ្ជូន​មក​ដល់​អយ្យការ​អមសាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ខែ​តុលា​ នេះ​ ដើម្បី​ចាត់ការតាម​ច្បាប់​ ។

លោក ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅ ថ្លែង​ថា​ ថ្មីៗនេះ​ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ណុប ផា អភិបាលរងខណ្ឌ ឃាត់ខ្លួនជនសង្ស័យពីរ​នាក់ និងដកហូតម៉ូតូមួយ​គ្រឿងម៉ាកហុងដា​ឌ្រីមសង់​សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ​២០១៦ ពាក់​ផ្លាក​លេខភ្នំពេញ 1FQ-2854 ។

ជនសង្ស័យឈ្មោះ គឹម សៀងហៃ អាយុ១៧ឆ្នាំ និង​ឈ្មោះ ជា ជ័យសំណាង ហៅតឿ​ អាយុ២៥ឆ្នាំ ។

លោក លោក ម៉ៅ សឿត បញ្ជាក់ថា ជនសង្ស័យទាំងពីរ​នាក់ បានធ្វើសកម្មភាពប៉ុនប៉ងឃាតកម្ម ដោយ​ប្រើអាវុធខ្លីម៉ាកប៉េ អាកុលបាញ់គម្រាមសម្លាប់​ទៅលើជនរងគ្រោះ ឈ្មោះ ឯក ជីវន្ត អាយុ១៨ឆ្នំា មុខរបរនៅផ្ទះ ស្នាក់នៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី០១​ កក្កដា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

សកម្មភាពទី២​ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ បានប្រព្រឹត្តអំពើឃាតកម្ម ប្រើអាវុធប៉េអាកុលបាញ់ទៅលើជនរងគ្រោះ ឈ្មោះ វ៉ាន់ បញ្ញា អាយុ២៤ឆ្នាំ មុខរបរជាងសំណង់ ។

លោក ម៉ៅ សឿត បានបញ្ជាក់ទៀត លុះដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ជនសង្ស័យទាំងពីរ​នាក់ ប្រើអាវុធខ្លីម៉ាក K59 បាញ់ទៅលើសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្បាលកោះ នៅចំណុចមុខវត្តវិចិត្តារាម ផ្លូវបេតុង ភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ​ ។​ លុះដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ជនសង្ស័យម្នាក់ឈ្មោះ គឹម សៀងហៃ ប្រើអាវុធខ្លីម៉ាក K59 បាញ់ទៅលើសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្បាលកោះ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ បេតុង ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ៕ ចេស្តា


ចែករំលែក៖