ខេត្តពោធិ៍សាត់៖ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ជាមួយវត្ថុតាងជាក់ស្តែងគ្រឿងញៀន១កញ្ចប់ និងឧបករណ៍មួយចំនួនទៀត បញ្ជូនតាមនីតិវិធី ខណៈដែលសមត្ថកិច្ចបានចុះប្រតិបត្តិការឆែកឆេរលំនៅដ្ឋានមួយកន្លែងនៅក្រុងពោធិ៍សាត់។
ករណីខាងលើនេះបានប្រព្រឹត្តឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅលំនៅដ្ឋានមួយក្នុងភូមិពោធិតាកួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្រោមការដឹកនាំពីលោកអធិការនគរបាលក្រុងពោធិ៍សាត់ និងមានការសម្របសម្រួលពីលោកគន់ សីហកេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ផងដែរ។
សេចក្តីរាយការណ៍ឲ្យដឹងថា លោកវរសេនីយ៍ទោ យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ និងនគរបាលប៉ុស្តិ៍លលក បានចុះបង្ក្រាបឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះ ប៉ើ ស្រីណាន ភេទស្រី អាយុ២៧ឆ្នាំ នៅភូមិពោធិតាកួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយលទ្ធផលបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លឹម ដាលី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិពោធិតាកួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ បញ្ជូនបន្តនីតិវិធី។
ជាមួយគ្នានេះដែរ សមត្ថកិច្ចបានចាប់យកវត្ថុតាង៖ ម្សៅក្រាមពណ៌ស១កញ្ចប់តូច, កាំបិត៣ដើម, ដាវសាំម៉ូរ៉ៃ១ដើម, ជញ្ជីងថ្លឹងថ្នាំញៀន១, ថង់សម្រាប់ច្រកមួយចំនួន, ឧបករណ៍សម្រាប់ជក់មួយចំនួន និងដែកកេះ៥ដើម៕ ប៉ឹម ពិន