ភ្នំពេញ៖ នៅឯស្នាក់ការកណ្តាលសមាគមសម្ពន្ធយុវជនមូស្លីមកម្ពុជា (CMYA) លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល សមាគមសម្ពន្ធយុវជនមូស្លីមកម្ពុជា បានអញ្ជើញប្អូនៗយុវជន CMYA FC ដើម្បីជួប ទទួលដំបូន្មានល្អៗ និងប្រកាសបន្ដជួយគាំទ្ររាល់សកម្មភាព សម្រាប់ការលេងកីឡា ដើម្បីសុខភាព បញ្ជៀសការប្រើប្រាស់គ្រឿងញៀន ដោយសារក្រុមកីឡាករនេះ កាលយប់ពីថ្ងៃទី៨ ខែតុលា កន្លងទៅក្នុងការប្រកួតវគ្គផ្តាច់ព្រាត់ដណ្តើមជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន លើកទី១ ឆ្នាំ២០១៧ ដែលនឹងធ្វើការប្រកួតនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧នេះ នៅពហុកីឡាដ្ឋានអូឡាំពិក ឃើញថា បានចូលលេងល្អ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក អូស្មាន ហាស្សាន់ កាលពីថ្ងៃទី១០ ខែតុលា កន្លងទៅ នៅស្នាក់ការសមាគមយុវជនមូស្លីមកម្ពុជា។
លោក អូស្មាន ហាស្សាន់ បានលើកឡើងនូវការគាំទ្រក្លិប CMYA FC ដោយមានគម្រោងនឹងប្រែក្លាយក្លិបមួយនេះ ទៅជាក្លិបអាជីបមួយឲ្យមានឈ្មោះជាក្លិបយុវជនខ្មែរអ៊ិស្លាមមានវត្តមានបង្ហាញខ្លួនជាមួយក្លិបអាជីពនានា ដែលកំពុងមានឈ្មោះបោះសម្លេងនៅព្រះរាជាណាចក្រកម្ពុជា ហើយក៏មានគម្រោងឲ្យមានការប្រកួតលក្ខណៈអន្តរជាតិជាមិត្តភាពជាមួយក្លិបបណ្តាប្រទេសក្នុងតំបន់ដូចជាប្រទេសម៉ាឡេស៊ីជាដើម។
លោកក៏បានបង្ហាញនូវមោទនភាពជាវិជ្ជមាន ដល់ក្មួយៗជាយុវជនមូស្លីមរបស់ខ្លួន ដែលបានចំណាយកម្លាំង ឆន្ទៈ តស៊ូ ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតកីឡាលើកកម្ពស់វិស័យកីឡា សុខភាព និងការបញ្ជៀសឆ្ងាយពីគ្រឿងញៀន។
ក្នុងស្មារតីគាំទ្រ ព្រមទាំងផ្តល់កម្លាំងចិត្ត លោក ក៏បានផ្តាំផ្ញើឲ្យក្មួយៗកីឡាករ ត្រូវសហការគ្នា សាមគ្គីគ្នា រក្សាគោលជំហរក្នុងការប្រកួតមិនត្រូវបាក់ទឹកចិត្ត ស្មារតី ហើយក៏មិនត្រូវមោទភាពលើសកំណត់ ជាពិសេសត្រូវប្រកាន់គុណធម៌ អត្តចរឹកល្អ មានការអនុគ្រោះ និងគោរពដល់ដៃគូរប្រកួត។ លោកក៏បានជូនពរដល់ក្មួយៗ ឲ្យបានទទួល ជោគជ័យក្នុងការប្រកួតវគ្គផ្តាច់ព្រាត់ថ្ងៃស្អែក ហើយក្នុងពិធីប្រកួតនេះ លោករដ្ឋមន្រ្តីប្រតិភូបានជម្រាបថាលោក និងសហការីនឹងអញ្ជើញចូលរួមទស្សនាផងដែរ។
លោក រ៉ូហ្វី អូស្មាន ជាប្រធានក្លិប CMYA FC យុវជនមូស្លីមកម្ពុជា បានឲ្យដឹងថា CMYA FC ជាក្លិបមិនមែនអាជីពមួយ ដែលថ្មីថ្មោងបំផុត ហើយនេះជាលើកទី២ ដែលក្លិបរបស់ខ្លួនត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតក្នុងពានរបស់ក្លិបកីឡាបាល់មិនមែនអាជីព ខណៈដែលលើកទី១ ក៏ធ្លាប់បានចូលរួមប្រកួតពានរង្វាន់ Soccer League របស់សហភាពសហព័ន្ឋយុវជនកម្ពុជា កាលពីឆ្នាំ២០១៦កន្លងទៅ តែជាលទ្ឋផល CMYA FC មិនបានឈានមកដល់វគ្គផ្តាច់ព្រាត់នោះទេ ហើយលើកនេះ ក្រុមរបស់ខ្លួន ក៏មានឱកាសចូលរួមប្រកួត ជាមួយនឹងក្រុមកីឡាករក្លិបនានាចំនួន១៨ក្រុម ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ហើយក៏ជាមោទនភាពដែលក្លិបរបស់ខ្លួនឈានដល់វគ្គផ្តាច់ព្រាត់ដែលនឹងត្រូវបញ្ចប់នៅយប់ថថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ កន្លងទៅនេះ៕ សំរិត