ខេត្តកំពង់ធំ៖ នៅវេលាម៉ោង ៥និង៤៦នាទីល្ងាច ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ មានករណីគ្រូពេទ្យដាក់សេរ៉ូមឲ្យជនរងគ្រោះបានប្រមាណជា៤០នាទីក្រោយបណ្តាលឲ្យស្លាប់នៅក្នុងភូមិសុជុល ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆៅ ឈាគ ភេទប្រុស អាយុ ៤៣ ឆ្នាំ រស់នៅភូមិ ឃុំ ខាងលើ ។ ជនរងគ្រោះមានជំងឺជាយូរមកហើយ មុនពេលកើតហេតុបានឲ្យគ្រូពេទ្យដាក់ស៊ឺរ៉ូមបាន៤០នាទី ស្រាប់តែដាច់ខ្យល់ស្លាប់តែម្ដង ដោយគ្រូពេទ្យឈ្មោះ គន់ សុផល ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិក្រយាជើង ឃុំក្រយាសង្រ្គាប់ ស្រុកប្រាសាទបល្ល័ង្គ ។
បើតាមការបញ្ចាក់ពី លោក វណ្ណះសុផានិត អភិបាលស្រុកប្រាសាទបល្ល័ង្គបានឲ្យដឹងថា គ្រូពេទ្យ បានអធិប្បាយថា មុនពេលកើតហេតុ អ្នកជំងឺមានសភាព ខ្សោយកម្លាំង ទ្រុឌទ្រមខ្លាំង ណាស់ទៅហើយ ដោយសារគាត់មានជំងឺរ៉ាំរ៉ៃជាយូរឆ្នាំមកហើយផងនោះ លុះដល់ដំណាក់កាលចុងក្រោយ ទើបបានមករកគ្រូពេទ្យៗ ក៏ដាក់សេរ៉ូបានប្រមាណ៤០នាទី តែអកុសលបានដាច់ខ្យល់ស្លាប់ ប៉ុន្ដែការស្លាប់នេះខាងប្រពន្ធជនរងគ្រោះមិនបានប្ដឹងផ្ដល់ ចំពោះគ្រូពេទ្យទេ គ្រាន់តែឲ្យគ្រូពេទ្យជួយគ្នាចាត់ចែង និងចេញថ្លៃធ្វើបុណ្យសពតែប៉ុណ្ណោះ៕ ប៊ុន រិទ្ធី