ភ្នំពេញ៖ ប្រតិភូសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញដឹកនាំដោយលោក ប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និងជាប្រធានអនុសាខារាជធានីភ្នំពេញ នៅវេលាម៉ោង៣រសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ដោយអមដំណើរដោយលោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រ ហមកម្ពុជាខណ្ឌមានជ័យ និងលោក ឌី រ័ត្ឋខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ រួមទាំងមានការចូលរួមផងដែរពីសំណាក់ចៅសង្កាត់រងទាំង៧សង្កាត់ សមាជិក សមាជិការអនុសាខា កាកបាទក្រហមខណ្ឌបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជារាជធានីទៅចែកផ្តល់ជូនចាស់ជរាគ្មានទីពឹង និងជនពិការ ប្រជាពលរដ្ឋមានការខ្វះខាត២០០គ្រួសាររស់នៅសហគមន៍សង្កាត់ស្ទឹងមានជ័យទី១ ទី២ និងទី៣ ក្នុងខណ្ឌមានជ័យ។
ថ្លែងទៅកាន់ពលរដ្ឋចូលរួម លោក ប៉ា សុជាតិវង្ស បានលើកឡើងនូវប្រសាសន៍ និងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចប្រធានកាកបាទក្រហមតែងតែបានយកចិត្តទុកដាក់គិតគូរជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋទូទៅ ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោលដូចពាក្យស្លោករបស់កាកបាទក្រហមកម្ពជាបានដាក់ចេញថា៖ កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា។
ក្នុងនោះផងដែរលោកប្រធានគណៈកម្មាធិការសាខារាជធានីភ្នំពេញក៏បានធ្វើការអំពាវនាវដល់ពលរដ្ឋទាំងអស់ឲ្យយកចិត្តទុកដាក់ពីសុខភាពរក្សាឲ្យបាននូវអនាម័យទាំងការរស់នៅ និងការហូបចុកដើម្បីចៀសវាងឲ្យឆ្ងាយអំពើអសកម្មនានាដែលសង្គមជាតិស្អប់ខ្ពើម ដើម្បីឲ្យភូមិសង្កាត់មានសុវតិ្ថភាព ហើយក្នុងនោះក៏សូមឲ្យប្រជាពលរដ្ឋបើកបរត្រូវគោរពចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនចៀសវាងគ្រោះថ្នាក់ណាមួយដោយយថាហេតុ។
គួរបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ក២០គីឡូក្រាម មី១កេស ទឹកក្រូច៥កំប៉ុង ទឹកសុទ្ធ១កេស ទឹកត្រី២ដប ត្រីខ៥កំប៉ុង អំបិល១កញ្ចប់ និងថវិកា៥ម៉ឺនរៀល៕ តាឡឹម