កណ្ដាល៖ទណ្ឌិតនាង ប៊ុនធឿន ត្រូវបានលោកផូង វណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងខេត្តកណ្ដាល កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារ៦ឆ្នាំ និង បង្គាប់ឱ្យសងសំណងជំងឺចិត្តដល់ដើមបណ្ដឹងចំនួន៥០០០ដុល្លារអាមេរិក ។ នាង ប៊ុនធឿន ធ្លាប់ជាប់ពន្ធនាគារ២០ឆ្នាំ ពីបទរំលោភសេពសន្ថវៈរួចសម្លាប់ជនរងគ្រោះ ។
ប្រភពព័ត៌មាន បញ្ជាក់ថា ទណ្ឌិត នាង ប៊ុនធឿន ជាប់ចោទបទ”រួមភេទជាមួយអនីតិជនអាយុក្រោម១៥ តាមមាត្រា៤២ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទ និងបទប៉ុនប៉ងរំលោភសេពសន្ថវៈ តាមមាត្រា២៧និង២៣៩នៃក្រមព្រហ្មទណ្ឌ”។
លោក រស់ សាវិន ប្រធានការិយាល័យប្រឆាំងការជួញដូរផ្លូវភេទ និងការពារអនីតិជន ខេត្តកណ្តាល ធ្លាប់បានឱ្យដឹងថា ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារត្រពាំងថ្លុងចំនួន២០ឆ្នាំពីបទរំលោភសម្លាប់ និងបានចេញពីគុកក្នុងអំឡុងឆ្នាំ២០០៤ ហើយកាលពីអំឡុងខែធ្នូ ឆ្នាំ២០១៥ ជនសង្ស័យបានប៉ុនប៉ងរំលោភក្មួយស្រីសាច់ថ្លៃម្នាក់អាយុ១៩ឆ្នាំ ។ ប៉ុន្តែ ពុំបានសម្រេច រួចក្រោយមកក៏បានរំលោភក្មួយស្រីម្នាក់ទៀតឈ្មោះ អាយុ១០ឆ្នាំ រហូតបានសម្រេច៣លើក ៕ ចេស្តា