ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌឫស្សីកែវចុះផ្អាកការសាងសង់សំណង់រោងដែកដ៏ធំមួយបើមិនស្ដាប់នឹងរុះរើនិងមិនទទួលខុសត្រូវការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ អាជ្ញាធរខណ្ឌឫស្សីកែវ ក្រោម ការដឹកនាំដោយលោកស្មាស រិទ្ធី ប្រធាន ការិយាល័យអន្តរវិស័យ ខណ្ឌឫស្សីកែវបានដឹកនាំមន្ត្រីជំនាញចុះទៅផ្អាកជាបណ្តោះអាសន្ន សំណង់រោងដែកដ៏ធំមួយកន្លែង ដែលសាងសង់ទាំងមិនមាន សុំការអនុញ្ញាត នៅតាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងភូមិ បឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌ ឫស្សីកែវ ដើម្បីឲ្យម្ចាស់ទីតាំងស្នើសុំធ្វើបែបបទឲ្យបានត្រឹមត្រូវជាមុន ទើបអនុញ្ញាត ឲ្យសាងសង់បន្តទៀត ។

លោក ស្មាស រិទ្ធី បានបញ្ជាក់ថា សំណង់រោងដែកដ៏ធំខាងលើមានទំហំ១២ម៉ែត្រ គុណនឹង១៨ម៉ែត្រ មានម្ចាស់លោកស្រី ម៉ៅ វណ្ណា ត្រូវបានអាជ្ញាធរមូលដ្ឋានជំរុញឲ្យផ្អាកការសាងសង់ភ្លាមៗជាបណ្ដោះអាសន្ន ក្រោយពីមានការណែនាំពីលោកអភិបាលខណ្ឌ ឫស្សីកែវ លោក ជា ពិសី និង មានការបញ្ជាដោយផ្ទាល់ពីអភិបាលរង ខណ្ឌ លោក ស៊ូ សោគន្ធ គឺដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពទៅតាមអនុក្រឹត្យលេខ៨៦ អនក្រ.បក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីលិខិត អនុញ្ញាតសាងសង់ និងសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ រួមទាំងបទដ្ឋាន របស់ស្ថាប័នជំនាញរៀបចំដែនដីនគរូប នីយកម្ម និងសំណង់របស់លោក-លោក ស្រីជាម្ចាស់សំណង់ ឬជាងសំណង់ ត្រូវផ្អាកការសាងសង់ជាបណ្ដោះអាសន្ន ហើយ បំពេញបែបបទស្នើសុំលិខិតអនុញ្ញាតសាងសង់ពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឬរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋ បាលខណ្ឌឲ្យបានត្រឹមត្រូវ ហើយរង់ចាំរហូតទទួលបានលិខិតអនុញ្ញាតនិងលិខិតបើកការដ្ឋានជាថ្មីទើបអាចបន្តការសាងសង់ តទៅទៀតបាន។

ប្រធានការិយាល័យអន្តរវិស័យខណ្ឌ រូបនេះបានបញ្ជាក់ទៀតថា បើក្នុងករណី ម្ចាស់សំណង់ ឬជាងសំណង់នៅតែបន្តការ សាងសង់ទាំងមិនមានលិខិតអនុញ្ញាត នោះរដ្ឋបាលខណ្ឌនឹងចាត់វិធានការរដ្ឋបាលដកហូតយកសម្ភារឧបករណ៍សំណង់មក រក្សាទុកជាបណ្ដោះអាសន្នដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់អ្វីឡើយ និងរាល់ហានិភ័យដែលកើតឡើងដោយគ្រោះថ្នាក់ពលកម្ម ការបាក់ស្រុត ដួលរលំ សំណង់ អាចបង្កជាគ្រោះថ្នាក់ផ្សេងៗ បណ្តាលឲ្យ ខូចខាតទ្រព្យសម្បត្តិអ្នកដទៃ នោះលោក-លោកស្រី ជាម្ចាស់សំណង់ ឬជាងសំណង់ ដាច់ខាតទទួលខុសត្រូវ ទាំងស្រុងចំពោះមុខច្បាប់ ៕ អរុណរះ


ចែករំលែក៖