ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន ដឹកនាំ មន្ដ្រីនៃ មន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសុរិយាដីរាជធានីភ្នំពេញ រួមជាមួយអាជ្ញាធរខណ្ឌសែន សុខ ចូលរួម ផ្សព្វផ្សាយសេចក្តីប្រកាសតំបន់វិនិច្ឆ័យ ជូន ប្រជា ពលរដ្ឋស្ថិតក្នុងសហគមន៍វិមានទ្រង់ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ជូនប្រជាពលរដ្ឋជាង៤០០គ្រួសារ កាលពីរសៀលថ្ងៃទី ១១ តុលា ឆ្នាំ២០១៧ ។
លោកសារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ រាជធានី បានបញ្ជាក់ថា៖ ការផ្សព្វផ្សាយ សេចក្តីប្រកាសតំបន់វិនិច្ឆ័យជូនប្រជាពលរដ្ឋនេះ គឺធ្វើឡើងទៅតាមការស្នើសុំរបស់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ វិមានទ្រង់ សង្កាត់ក្រាំងធ្នង់នេះ ។ ដូច្នេះលោកស្នើអោយប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមជាមួយអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ពិសេសជាមួយមន្ទីររៀបចំដែនដីនគររូបនីយកម្មសំនង់ និងសុរិយាដីរាជធានីភ្នំពេញ ដោយត្រូវ បោះបង្គោលព្រុំសំគាល់ក្បាលដីរបស់ខ្លួនអោយបានច្បាស់លាស់ ហើយបើដីមានទំនាស់ប្រញាប់ដោះស្រាយ សម្របសម្រួលគ្នាអោយបានចប់ បើមិនដូច្នោះទេ ពោលគឺបើដីមានទំនាស់ដោះស្រាយមិនត្រូវគ្នាគឺក្រុមការងារ សម្រេចខ្វៀលចេញហើយ ដែលវានឹងបង្កការលំបាលដល់បងប្អូននៅពេលក្រោយ នៅពេលដែលបងប្អូនចង់ធ្វើប្លង់កម្មសិទ្ធិនោះ។ លោកបន្តថា៖ ការផ្តល់ប្លង់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ គឺរដ្ឋបាលរាជធានីភ្នំពេញមិនទទួលសេវាទេ ក្រោយពីវាស់វែងកំណត់ចំណីផ្លូវសាធារណៈរួច បើទោះតាមច្បាប់មួយក្បាលដីប្រជាពលរដ្ឋត្រូវបង់៤០មុឺនរៀលក៏ដោយ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ការមកនេះគឺដើម្បីប្រកាសផ្តល់ប្លង់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ហើយក្រោយពីផ្តល់កម្មសិទ្ធិរួចនោះ ប្រជាពលរដ្ឋជាម្ចាស់ដីអាចយកប្លន់ដី នេះទៅដាក់នៅធនាគារ ដើម្បីយកប្រាក់មកដោះស្រាយបញ្ហាផ្សេងៗបាន។
លោកឃួង ស្រេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំង៤០០គ្រួសារ ក្រោយពីទទួលបានប្លង់កម្មសិទ្ធ ស្របច្បាប់ហើយ បើអាចជៀសវាងបានគួរកុំយកប្លង់ដីនេះ ទៅបញ្ចាំអីវាអាច មានបញ្ហាទុក្ខលំបាកច្រើនទៅថ្ងៃក្រោយ ដូចពាក្យចាស់ថា ទឹកភ្នែកជូតក្បាលជង្គង់។
លោកបន្ដថា៖ ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍វិមានទ្រង់ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខនេះ ដីមាន ប៉ុន្មានគឺរដ្ឋបាលរាជធានីប្រគល់អោយប៉ុណ្ណឹងវិញ ៕ សំរិត