ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូក្នុងល្បឿនយ៉ាងលឿនមិនប្រុងប្រយត្ន័ ហើយបានគេចពីមនុស្សដើរឆ្លងផ្លូវ ក៏ជ្រុលទៅបុកថូផ្កា និងបង្គោលភ្លើងដែកមួយដើម បណ្ដាលឲ្យផុងលលាដ៍ ក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើង នៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ត្រង់ចំណុចមុខអគ្គីសនីទី២ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ធី ចាន់ថន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរធ្វើការនៅហាងមួយកន្លែង ស្នាក់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកម៉ូតូអៃខន ពណ៌ស លាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ1AH-8920 បើកបរទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានមនុស្សបានដើរឆ្លងផ្លូវធ្វើអោយជនរងគ្រោះបើកម៉ូតូគេច ក៏ជ្រុលទៅបុកថូផ្កា និងបង្គោលភ្លើងនៅចញ្ចើមផ្លូវពេញទំហឹងបណ្ដាល ឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមតែម្ដង គួររន្ធត់ជាទីបំផុត។
ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុរួចបានពិនិត្យ និងធ្វើកំណត់ហេតុរួចរាល់ហើយបានប្រគល់សពជនរងគ្រោះឲ្យទៅក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូក៏បានប្រគល់ឲ្យសាច់ញាតិ និងក្រុមគ្រួសារផងដែរ ៕ ភារ៉ា ដង្កោ