ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញសារធាតុផលិតគ្រឿងញៀនដាក់ក្នុងដបតែអូអ៊ិឈិនាំពីប្រទេសថៃ ទៅប្រទេសអូស្ត្រាលី

ចែករំលែក៖

ប្រទេសថៃ ៖ តែបៃតង «អូអ៊ិឈិ» ដែលកំពុងចរាចរតាមទីផ្សារសព្វថ្ងៃពុំមានដាក់ថ្នាំញៀននោះទេ តែក្រុមឧក្រិដ្ឋជន លាក់ទុកសារធាតុញៀននៅក្នុងដប «តែបៃតង អូអ៊ិឈិ» ដើម្បីគេចពីភ្នែកសមត្ថកិច្ចតែប៉ុណ្ណោះ។

លោក Sirinya Sitthichai ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន កាលពីថ្ងៃពេលថ្មីៗកន្លងទៅបាននិយាយថា អាជ្ញាធរថៃកំពុងតែស៊ើបអង្កេត ពីការជាប់ពាក់ព័ន្ធរបស់ជនជាតិថៃ នៅក្នុងការរត់ពន្ធសាធាតុ «អេប៉េដ្រេន» ទម្ងន់៤តោនដែលជាសារធាតុគីមីសម្រាប់បង្កើតគ្រឿងញៀន ដែលមានតម្លៃប្រមាណជាង៨៧ពាន់លានបាត (ប្រហែល៣,៦ពាន់លានដុល្លារអាមេរិក) ពីប្រទេសថៃទៅប្រទេសអូស្ត្រាលី។

លោក Sirinya Sitthichai បានបន្តថា សារធាតុ អេប៉េត្រេនទម្ងន់៤ តោនអាចផលិតបាន មេតំហ្វេតាមីនដែលគេហៅថា «ម៉ាទឹកកក» ទម្ងន់ប្រហែល៣តោន។

ទំនិញដែលដឹកតាមសមុទ្រទាំងនោះ ត្រូវបានរឹបអូសនៅទីក្រុងស៊ីដនីកាលពីដើមខែនេះ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតរួមគ្នាដោយប្រទេសអូស្ត្រាលី និងប្រទេសថៃក្រោមឈ្មោះកូដ Task Force Storm ដែលត្រូវបានចាប់ផ្ដើម ដោយអាជ្ញាធរថៃបានផ្ដល់ព័ត៌មានអំពីការសង្ស័យថា មានការនាំចូលគ្រឿងញៀនទ្រង់ទ្រាយធំ ទៅកាន់ទីក្រុងស៊ីដនី។

កិច្ចប្រតិបត្តិការនេះត្រូវបានបង្កើតឡើងកាលពីខែឧសភាឆ្នាំមុន ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមឧក្រិដ្ឋកម្ម និងការជួញដូរគ្រឿងញៀននៅអាស៊ីអាគ្នេយ៍។ លោក ស៊ីរិនយ៉ា បាននិយាយថា ជនជាតិថៃត្រូវបានគេសង្ស័យថា ជាប់ពាក់ព័ន្ធដោយសារនាវានេះ បានចាប់ផ្តើមធ្វើដំណើររបស់ខ្លួនចេញពីប្រទេសថៃ។

សារធាតុ អេប៉េដ្រេន (Ephedrine) ត្រូវបានក្រុមឧក្រិដ្ឋជន លាក់ទុកនៅក្នុងដប តែបៃតងអូអ៊ិឈិ ។

វាជាការរឹបអូសដ៏ធំបំផុត នៃសារធាតុគីមីសម្រាប់ផលិតគ្រឿងញៀន នៅតាមព្រំដែនប្រទេសអូស្ត្រាលី។ ការដឹកជញ្ជូនចុងក្រោយបំផុតទម្ងន់១,៤ តោន កាលពី៤ខែមុន។ លោក Sirinya បាននិយាយថា ប្រភពនៃសារធាតុ អេប៉េដ្រេន គឺមកពីប្រទេសជិតខាង នៃប្រទេសថៃ ហើយថ្នាំទាំងនេះ ត្រូវបានគេរត់ពន្ធចូលទៅក្នុងប្រទេសថៃ។

ប្រព័ន្ធផ្សព្វផ្សាយរបស់អូស្រ្តាលី បានរាយការណ៍ថ្មីៗនេះថា មន្រ្តីបានពិនិត្យមើលការដឹកជញ្ជូន នៅក្នុងមណ្ឌលត្រួតពិនិត្យកុងតឺន័រ នៅទីក្រុងស៊ីដនី និងបានរកឃើញទំនិញ ជាង ១.០០០ ការតុង ពេញទៅដោយ ម៉ាទឹកកក នៅក្នុងដបតែបៃតង។

ប្រហែល១ភាគ៣នៃការតុងនោះ បានបង្ហាញពីសញ្ញាណវិជ្ជមាន នៃសារធាតុអេប៉េដ្រេន រាវដែលត្រូវបានប្រើ ដើម្បីផលិតគ្រឿងញៀនមេតំហ្វេតាមីន។

មនុស្ស២នាក់ ម្នាក់ជាជនជាតិចិន-អូស្ត្រាលី អាយុ២២ឆ្នាំ និងម្នាក់ទៀតជាជនជាតិអូស្រ្តាលី អាយុ២២ឆ្នាំដែរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្នុងអំឡុងពេលប្រតិបត្តិការចុះបង្ក្រាបនេះ ៕ ហេង សូរិយា


ចែករំលែក៖