ភ្នំពេញ៖ បុរសអ្នករត់តាក់ស៊ីម្នាក់បានរងរបួសបែកក្បាលហូរឈាមស្រោចខ្លួន បន្ទាប់ពីទាស់ពាក្យសម្តីគ្នាជាមួយអ្នករត់រ៉ឺម៉កកង់បីចំនួន៤នាក់ ឈានដល់កាប្រើហិង្សា ភាគីខាងកង់បីបានព្រួតគ្នាយកអាយកូមវាយក្បាលពីក្រោយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះជាវ សាវុត្ថា អាយុ៣៤ឆ្នាំ មុខរបររត់តាក់ស៊ីមានទីលំនៅផ្ទះលេខ127E1ផ្លូវលេខ108 សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចំណែកជនដៃដល់ដែលជាអ្នករត់រ៉ឺម៉កម៉ូតូមានគ្នា៤នាក់ ក្នុងនោះ ១,ឈ្មោះប៉ុង សុផឹ អាយុ៣១ឆ្នាំស្នាក់នៅផ្ទះលេខ592 ផ្លូវលំក្រុមទី៤ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ២ឈ្មោះឈួន រ៉ាម៉ាឌី អាយុ៥០ឆ្នាំ មានទីលំនៅផ្ទះលេខ៣៩៥ ភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ, ៣ ឈ្មោះសុខ ចយ អាយុ៤៣ឆ្នាំស្នាក់នៅផ្ទះជួលនៅក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ និង៤,ឈ្មោះឃុំ ពាង អាយុ៤៩ឆ្នាំ ជាមន្រ្តីយោធាផងនិងរត់ម៉ូតូរ៉ម៉កកង់បីផង ស្នាក់នៅក្នុងបន្ទាយកងទ័ពអាកាស ស្ថិតក្នុងភូមិតាងួន១ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ បុរសដែលរងគ្រោះបានបើករថយន្តរបស់ខ្លួនទៅឈប់ចតនៅតាមចិញ្ចើមផ្លូវមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីរង់ចំាហៅម៉ូយ ពេលនោះក៏ត្រូវបានជនដៃដល់ស្ដីបន្ទោសទៅជនរងគ្រោះថា ចតរថយន្តលើទីតាំងរបស់ពួកខ្លួនដែលបានចតរាល់ថ្ងៃនិងច្រើនឆ្នាំមកហើយ មិនតែប៉ុណ្ណោះបានដេញឲ្យបើករថយន្តចេញទៀតផង ប៉ុន្តែបុរសរងគ្រោះមិនព្រមចេញឡើយ ទើបបង្កឲ្យមានទំនាស់ដោយពាក្យសម្ដីកើតឡើង ។ លុះក្រោយមកពេលដែលជនរងគ្រោះភ្លេចខ្លួន ក្រុមជនដៃដល់បានលួចវាយក្បាល១អាយកូមពីក្រោយ បណ្ដាលឲ្យរងរបួស ទើបមានការវាយតដៃគ្នាទៅវិញទៅមក បង្កការភ្ញាក់ផ្អើលហើយនគរបាលប៉ុស្ដិ៍កាកាបចុះទៅចាប់ខ្លួននាំទៅសាកសួរ និងចាត់ការតាមច្បាប់តែម្ដង៕ សុខាសែនជ័យ