ព័ត៌មានទាន់ហេតុការណ៍៖

នីមុន្នីនាថ ត្រូវអតីតគូស្នេហ៍ប្ដឹងទារសំណង១២ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងល្បីឈ្មោះកញ្ញា នី មុនីនាថត្រូវបានអតីតគូស្នេហ៍ដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់តុលាការហើយ ដោយទាមទារឲ្យតារាសម្តែងរូបនេះសងប្រាក់ និងទាមទារជំងឺចិត្តសរុប១២ម៉ឺនដុល្លារអាមេរិក ។

កន្លងទៅថ្មីៗនេះ នី មុនីនាថបានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលខ្លាំងក្រោយពេលេចធ្លាយរឿងចោទប្រកាន់ថា នាងបោកប្រាស់ទ្រព្យបុរសជាគូស្នេហ៍នៅអាមេរិក ។ ដូចការគ្រោងទុក លោកអ៊ឹង សូឡាងបានប្ដឹងទារសំណងចំនួន១២ម៉ឺនដុល្លារពីអតីតគូដណ្ដឹងរបស់ខ្លួនគឺកញ្ញានី មុន្នីនាថ ។ បណ្ដឹងពីបទឆបោកបានចូលដល់ដៃតុលាការរាជធានីភ្នំពេញហើយ ដោយរង់ចាំតែតុលាការកោះហៅតែប៉ុណ្ណោះ ។

ទឹកប្រាក់ចំនួន១២ម៉ឺនដុល្លារត្រូវលោកអ៊ឹង សូឡាងដែលជាអាណិកជនអាមេរិកទារចំនួន២ចំណុចពីកញ្ញានី មុន្នីនាង ។ ទី១គឺឲ្យចុងចម្លើយសងប្រាក់ជំពាក់៧ម៉ឺនដុល្លារ និងទី២គឺប្រាក់សងជំងឺចិត្តចំនួន៥ម៉ឺនដុល្លារថែមទៀត ។

ដើមបណ្ដឹងលោកអ៊ឹង សូឡាងបាននិយាយថាអតីតគូដណ្ដឹងរបស់លោកគឺកញ្ញានីមុន្នីនាថបានឆបោក និងរំលោភលើសេចក្ដីទុកចិត្តដោយព្រមព្រៀងគ្នាជាប្ដីប្រពន្ធ ។ ក៏ប៉ុន្តែតារាសម្ដែងរូបនេះបានប្រែក្រឡាសវិញបន្ទាប់ពីទទួលបានលុយជាច្រើនម៉ឺនដុល្លារមក ។

ទោះជាយ៉ាងណាកញ្ញានីមុន្នីនាថមិនអាចសុំបានបញ្ជាក់បានទេ ដោយទូរស័ព្ទរបស់នាងមិនអាចទាក់ទងបាន ។ យ៉ាងណាក៏ដោយម្ដាយតារាសម្ដែងរូបនេះអ្នកស្រីសុភាលីកាលពីពេលថ្មីៗបានចេញមកបញ្ជាក់ជំនួសកូនថា អ្នកស្រី និងកូនមិនខ្លាចតតាំងជាមួយលោកអ៊ឹង សូឡាងទេ ព្រោះអ្នកស្រីគិតថា កូនស្រីរបស់ខ្លួនគឺមានភាពស្អាតស្អំមិនបានឆបោកដូចអ្វីដែលអាណិកជនអាមេរិករូបនេះនិយាយឡើយ ។

គួរបញ្ជាក់ដែរថា លោក អ៊ឹង សូឡាង និងកញ្ញានី មុន្នីនាថ បានស្គាល់គ្នាកាលពីឆ្នាំ២០១៤មុនអ្នកទាំងពីរភ្ជាប់ពាក្យដោយគ្រោងនឹងរៀបការនាពេលឆាប់ៗ ។ ក៏ប៉ុន្តែអ្វីៗបានប្រែក្រឡាសបន្ទាប់ពីនីមុន្នីនាថទទួលបានVISA ទៅរស់នៅសហរដ្ឋអាមេរិកហើយ បែរជាមិនទៅរស់នៅវិញ ដែលជាហេតុធ្វើឲ្យលោកអ៊ឹង សូឡាងគិតថា អតីតគូដណ្ដឹងរូបនេះបានឆបោកប្រាក់ និងសេចក្ដីទុកចិត្តទើបសម្រេចចិត្តដាក់ពាក្យបណ្ដឹង ទៅកាន់តុលាការ៕ វឌ្ឍនា


ចែករំលែក៖