ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌជ្រោយចង្វាឃាត់ខ្លួនយុវជន២នាក់ និងថ្នាំញៀន២កញ្ចប់ធំ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចំរុះខណ្ឌជ្រោយចង្វាដាក់ត្រួតពិនិត្យចាប់ម៉ួកកញ្ចក់ និងម៉ូតូកែច្នៃ បានឃាត់ខ្លួនសង្ស័យពីរនាក់ឆែកឆេររកឃើញថ្នាំញៀន២កញ្ចប់ធំ និងដកហូតម៉ូតូមួយគ្រឿង កាលពីម៉ោងជិត៤រសៀល ទី១៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចស្ពានទី១ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ ក្រុម១៩ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។​

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ដែលត្រូវឃាត់ខ្លួននោះ ១-ឈ្មោះនូ តុលា អាយុ១៨ឆ្នាំ មានមុខរបរមិនពិតប្រាដក -២ឈ្មោះ ស៊ិន ធីមូធែល អាយុ១៨ឆ្នាំ ពួកគេទាំងពីរនាក់ស្នាក់នៅ និងមុខរបរមិនពិតប្រាកដ។​

សមត្ថកិច្ចបានឲ្យថឹងថា នៅមុនឃាត់ខ្លួនពួកគេទាំងពីរនាក់កម្លាំងចំរុះរបស់អធិការដ្ឋានខណ្ឌជ្រោយចង្វា បានដាក់គោលដៅត្រួតពិនិត្យចាប់ម៉ួកកញ្ចក់ និងម៉ូតូកែច្នៃគ្រប់ប្រភេទ ខណៈពេលកំពុងត្រួតពិនិត្យក៏ឃើញជនសង្ស័យទាំងពីរនាក់ជិះមួយគ្រឿងគ្មានស្លាកលេខតាមផ្លូវជាតិលេខ៦ក្នុងទិសដៅពីត្បូងទៅជើងចេញពីភ្នំពេញទៅខេត្តកំពង់ធំដើម្បីចែកចាយនីទីនោះហើយគ្មានពាក់ម៉ួកសុវត្ថិភាពទាំងពីរនាក់សមត្ថកិច្ចយើងសង្ស័យក៏បានហៅឃាត់ឲ្យឈប់ម៉ូតូដើម្បីឆែកឆេរ។​

សមត្ថកិច្ចបានបន្តឲ្យដឹងថា ខណៈមកដល់កន្លែងសមត្ថកិច្ចត្រួតពិនិត្យនោះពួកគេបានបើកម៉ូតូឈប់អែបចិញ្ចើមផ្លូវផ្នែកខាងស្តាំ ហើយសមត្ថកិចិច្ចឆែកឆេររកឃើញថ្នាំញៀន២កញ្ចប់ធំ និងដកហូតម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ គ្មានស្លាកលេខ ហើយក៏ឃាត់ខ្លួនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋាបាលព្រែកលៀបដើម្បីសួរនាំ។​

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ និងវត្ថុតាងត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ ជ្រោយពេជ្រ


ចែករំលែក៖