ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ករណីរំលោភក្មេងស្រីអាយុ៥ឆ្នាំ

ចែករំលែក៖

ខេត្តកណ្ដាលៈ សមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលកំពង់កុង ចុះចាប់ខ្លួនជនសង្ស័យម្នាក់យកមកប៉ុស្ដិ៍រដ្ឋបាលដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីជនសង្ស័យរូបនេះ ផឹកស្រាស្រវឹងមានអារម្មណ៍ផ្លូវភេទ ឈានដល់ធ្វើសកម្មភាពចាប់កុមារីអាយុ៥ឆ្នាំរំលោភ ។

ករណីខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង១៦និង២០នាទី ថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះកុមារីរងគ្រោះ ស្ថិតក្នុងភូមិព្រែកឬស្សី ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះ ឃ្លឹម ខេង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រីឯកុមារីរងគ្រោះឈ្មោះ ស ន.ស.ព. អាយុ៥ឆ្នាំ ជនជាតិខ្មែរ ។ ជនសង្ស័យមានទីលំនៅភូមិព្រែកឬស្សី ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល ។

ប្រភពដដែលបន្ដថា កន្លងមកជនសង្ស័យឈ្មោះ ឃ្លឹម ខេង តែងតែចេញចូលទៅផឹកស៊ីជាមួយជីតាកុមារីរងគ្រោះជាញឹកញាប់ណាស់ ដោយទៅក្នុងនាមជាអ្នកជិតខាងរាប់អាននឹងគ្នា លុះមកដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោងប្រមាណជា៩និង ព្រឹក ជនសង្ស័យបានទិញស្រាយកមកផឹករហូតមកដល់ថ្ងៃត្រង់ស្រវឹងជោគជាំ ទើជនសង្ស័យត្រលប់ទៅផ្ទះវិញ ។ មួយសន្ទុះក្រោយមកជនសង្ស័យមិនអស់ចិត្ដក៏ដើរមកដល់ផ្ទះកុមារីរងគ្រោះក្នុងសភាពស្រវឹង រួចឡើងទៅលើផ្ទះបើកទូរទស្សន៍មើលជាមួយកុមារីរងគ្រោះ ដោយម្ដាយរបស់កុមារីរងគ្រោះកំពុងដេកឈឺព្យួរសេរ៉ូមនៅលើគ្រែក្រោមផ្ទះ ។

បន្តិចក្រោយមក ម្ដាយកុមារីគ្រោះបានឃើញកូនរបស់ខ្លួនចុះមកពីលើផ្ទះ ហើយជនសង្ស័យក៏ចុះមកតាម ពេលនោះកុមារីឡើងទៅលើផ្ទះវិញ ជនសង្ស័យក៏ឡើងតាមដោយឃើញកុមារីរងគ្រោះនៅតែម្នាក់ឯង ស្រាប់តែមានអារម្មណ៍ផ្លូវភេទក៏យកដៃទៅលូកស្ទាបប្រដាប់ភេទកុមារីរងគ្រោះ ចុះឡើងបណ្ដាលអោយចេញឈាម ដោយបម្រុងរៀបនិងរំលោភ ក៏ត្រូវបានម្ដាយកុមារីរងគ្រោះឡើង មកទាន់ ជនសង្ស័យក៏ឈប់ធ្វើសកម្មភាពធ្វើមិនដឹងខ្លួន ។ ភ្លាមនោះម្ដាយកុមារីរងគ្រោះក្រឡេកមើលកូនរបស់ខ្លួនស្រាប់តែឃើញឈាមប្រឡាក់ជាប់ភ្លៅ មានការសង្ស័យក៏នាំកូន រួចបញ្ជូនទៅមន្ទីរពេទ្យឯកជនពិនិត្យ ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពីម្ដាយកុមារីរងគ្រោះបានដឹងរឿងរ៉ាវរួចហើយ ក៏ទៅដាក់ពាក្យបណ្ដឹងប្ដឹងទៅសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលកំពង់កុងដើម្បីជួយអន្ដរាគមន៍ចាប់ខ្លួនជនសង្ស័យ ។ ក្រោយពីទទួលបានពាក្យបណ្ដឹងពីម្ដាយកុមារីរងគ្រោះរួច សមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលកំពង់កុងដឹកនាំដោយលោកអនុសេនីយ៍ឯក ឡាង ឈាង នាយប៉ុស្ដិ៍បានចាប់ខ្លួនជនសង្ស័យយកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឃ្លឹម ខេង បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកដៃទៅលូកស្ទាបប្រដាប់ភេទកុមារីរងគ្រោះពិតប្រាកដមែន តែពុំបានធ្វើអ្វីឲ្យស៊ីជម្រៅនោះទេ ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ

 


ចែករំលែក៖