ព័ត៌មានទាន់ហេតុការណ៍៖

អូឡាំពិកកម្ពុជាគ្រោងសួរនាំសហព័ន្ធដែលទទួលបានថវិកាវិភាជន៍របស់ក្រសួងអប់រំយុវជននិងកីឡា

ចែករំលែក៖

ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និងជាប្រធានគណៈ កម្មាធិការជាតិអូឡាពិកកម្ពុជាបានថ្លែងថា អូឡាំពិកមានបំណងជួបជាមួយសហព័ន្ធកីឡាជាតិទាំងអស់ដែលទទួលបានថវិកា វិភាជន៍របស់ក្រសួងអប់រំយុវជននិងកីឡា ដោយចង់ដឹងពីការវិវត្តសម្រាប់ត្រៀម លក្ខណៈធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣តើ បានអ្វីខ្លះហើយ ។

ការថ្លែងរបស់លោក រដ្ឋមន្ត្រីបែបនេះធ្វើឡើងក្នុងឱកាសអញ្ជើញប្រគល់វិញ្ញា បនបត្របញ្ជាក់ការសិក្សាវគ្គបណ្តុះបណ្តាល រដ្ឋបាលកីឡាស្តីពីអភិបាលកិច្ចល្អគណនេយ្យ ភាព និងសារពត៌មានកីឡាកាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅស្នាក់ការ NOCC ។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា យើងនៅសល់ពេលតែ៦ឆ្នាំទៀតប៉ុណ្ណោះ ដូច្នេះសហព័ន្ធកីឡាជំនាញទាំងអស់ត្រូវ ខិតខំបណ្តុះបណ្តាលធនធានមនុស្ស របស់ខ្លួនប្រកបដោយសមត្ថភាពឲ្យបានគ្រប់គ្រាន់ “ខ្ញុំមិនធ្វើដូចម្ចាស់ផ្ទះស៊ីហ្គេមដែលធ្លាប់ធ្វើកន្លងទៅនោះទេ ។ ថ្វីបើយើង ជាម្ចាស់ផ្ទះត្រូវការមេដាយច្រើន ប៉ុន្តែមេដាយ ដែលអត្តពលិកម្ចាស់ផ្ទះទទួលបានចេញ មកពីការប្រកួតយ៉ាងពិតប្រាកដមិនមែនប្រើវិធីផ្សេងដើម្បីដណ្តើមយកមេដាយនោះឡើយ” ។

លោកប្រធាន NOCC បានបញ្ជាក់ថា ខ្ញុំនឹងរកឱកាសជួបជាមួយប្រធានអនុប្រធានសហព័ន្ធកីឡាជាតិដែលទទួលបានថវិកាវិភាជន៍របស់ក្រសួងអប់រំយុវជននិងកីឡាដើម្បីចង់ដឹងឲ្យប្រាកដថាគាត់យក ថវិកាទាំងនោះទៅបម្រើផលប្រយោជន៍អ្វីហើយក្នុងសហព័ន្ធពួកគាត់នោះ ។ តើ សហព័ន្ធនីមួយៗបានធ្វើអ្វីខ្លះ? តើសហព័ន្ធបានត្រៀមលក្ខណៈសម្បត្តិអ្វីខ្លះ?តើពួកគាត់ត្រូវការអ្វីបន្ថែមទៀតដើម្បីឲ្យ NOCC និងក្រសួងអប់រំបានជួយពួកគាត់បន្ត ? យើងមិនអាចធ្វើលេងៗបានទេសម្តេចតេជោលោកបានផ្តល់អត្ថប្រយោជន៍ដល់កីឡាករកីឡាការិនីជំនាញរបស់យើងច្រើនណាស់ ។

លោកបានគូសបញ្ជាក់បន្ថែមថា ពហុ កីឡដ្ឋានមរតកតេជោមានហេដ្ឋារចនា សម្ព័ន្ធដែលបំពាក់សុទ្ធតែឧបករណ៍ស្តង់ដារ ដូច្នេះល្មមដល់ពេលសហព័ន្ធនីមួយៗ បញ្ជូនអត្តពលិករបស់ខ្លួនទៅហ្វឹកហាត់នៅទីនោះ ។ ពីមុនថាផ្លូវឆ្ងាយពិបាកធ្វើ ដំណើរឥឡូវសម្តេចបានអនុគ្រោះដល់អត្តពលិកជំនាញទាំងអស់ធ្វើដំណើរទៅហ្វឹកហាត់តាមរថយន្តក្រុងដោយឥតបង់ថ្លៃ សេវាឡើយ ។ ថវិកាវិភាជន៍របស់ក្រសួង អប់រំបានទម្លាក់ដល់សហព័ន្ធរួចហើយ។តើយើងនូវខ្វះអ្វីទៀតដែលមិនអាចនាំ កីឡាករកីឡាការិនីទៅហ្វឹកហាត់នៅទីលានកម្រិតស្តង់ដារអន្តរជាតិដែលខ្លួនមានស្រាប់ នោះ។

គួររំលឹកថា វគ្គបណ្តុះបណ្តាលខាងលើ មានរយៈពេល៣ថ្ងៃ មានសិក្ខាកាមចូលរួម ៨៣ នាក់ក្នុងនោះមាន៣៨នាក់មកពីសហព័ន្ធកីឡាជាតិ និង ក្រសួងអប់រំ យុវជន និង កីឡា ចំណែកអ្នកសារព័ត៌មានកីឡាមាន ចំនួន៤៥នាក់ ៕ សារីម


ចែករំលែក៖