ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនយុវជន៤នាក់ដកហូតថ្នាំញៀន៥កញ្ចប់និងម៉ូតូ៣គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឃាត់ខ្លួនយុវជនសង្ស័យ៤នាក់ ជាបន្តបន្ទាប់ ខណៈមកពីទិញថ្នាំញៀន ដើម្បីយកទៅប្រើប្រាស់ និងជួញដូរ ដកហូតបានថ្នាំញៀន៥កញ្ចប់ និងម៉ូតូ៣គ្រឿង កាលពីព្រលប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅក្បែរច្រកចូលបុរីរុងរឿង ស្ពានលេខ៦ តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគៀនឃ្លាំង និងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។

លោកវរសេនីយ៍ត្រី អ៊ុង សឿន អធិការរងទទួលផែនគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួន ទី១-ឈ្មោះ ភួង មេត្តា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ទី២-ឈ្មោះ នូ តុលា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ៩៩ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ទី៣-ឈ្មោះ ធី ម៉ូថេ អាយុ១៨ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិព្រៃព្រាល ឃុំត្រពាំឫស្សី ស្រុកលា ខេត្តកំពង់ធំ និងទី៤-ឈ្មោះ សំ ឌីណា អាយុ២១ឆ្នាំ មានទីលំនៅភូមិសូគេន ឃុំសូគរ ស្រុកគងមាស ខេត្តកំពង់ចាម។

លោកបានបញ្ជាក់ថា ការបង្ក្រាបក្រុមប្រើប្រាស់ និងជួញដូរថ្នាំញៀនទាំង៤នាក់ ខាងលើនេះ បានធ្វើឡើងជាបន្តបន្ទាប់៣ករណីផ្សេងគ្នា។ ក្នុងប្រតិបត្តិការយាមល្បាតពួនស្ទាក់រឹតបន្តឹងបទល្មើសចរាចរណ៍ផ្លូវគោក ពិសេសដើម្បីអនុវត្តយុទ្ធនាការប្រុយុទ្ធប្រឆាំង និងបង្កាបង្ក្រាបគ្រឿងញៀន នៅទូទាំងប្រទេស ដែលដាក់ចេញដោយថ្នាក់ដឹកនាំ ពីកម្លាំងនគរបាលផ្នែកគ្រឿងញៀនខណ្ឌ និងផ្នែកអន្តរាគមន៍ ដោយនៅជំហ៊ានដំបូង បានឃាត់ខ្លួនជនសង្ស័យម្នាក់ រកឃើញក្រាមញៀន១កញ្ចប់តូច រួមជាមួយម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1C-6949។

លោកវរសេនីយ៍ត្រីថា បន្ទាប់ពីឃាត់ខ្លួនបានម្នាក់ ក៏បន្តសកម្មភាពទៅបង្ក្រាបជនសង្ស័យ២នាក់ទៀត ក្នុងករណីទី២ រកឃើញថ្នាំញៀន២កញ្ចប់ធំ ដែលពួកគេត្រៀមយកទៅជួញដូរ និងដកហូតម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅដូចគ្នា តែគ្មានស្លាកលេខ ទើបឈានដល់ប្រតិបត្តិការករណីទី៣ រកឃើញសារធាតុញៀន២កញ្ចប់តូច ថែមទៀត ព្រមទាំងដកហូតបានម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគីស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1FF-7368 ភ្នំពេញ និងឃាត់ខ្លួនបន្ថែមម្នាក់ទៀតផងដែរ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនទាំង៤នាក់ និងវត្ថុតាងដកហូតបានវត្ថុតាងមួយចំនួនរួចមក ពួកគេត្រូវបានបញ្ជូនមកសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធី៕ ជ្រោយពេជ្រ


ចែករំលែក៖