ខេត្តតាកែវ៖ យ៉ាងហោចណាស់មានមនុស្ស២បានស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នា ដែលកើតឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ នៅក្នុងស្រុកបាទី។
បើតាមសមត្ថកិច្ចស្រុកបាទីបានឲ្យដឹងថា ហេតុការណ៍ទី១ កើតឡើងនៅលើផ្លូវខេត្តលេខ 122A ត្រង់ចំណុចភូមិត្រពាំងឫស្សី ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ដែលកើតឡើងរវាងម៉ូតូ និងម៉ូតូដែលធ្វើដំណើបញ្ច្រាស់ទិសគ្នា ដែលជនរងគ្រោះមានឈ្មោះ នឺម ចាន់ ភេទប្រុស អាយុ៥៨ ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំសូភី ស្រុកបាទី ខេត្តតាកែវ បើកបរម៉ូតូម៉ាកហុងដា C125 ស៊េរី ២០១៤ ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1CO-0446 បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកហុងដា C125 សេរី២០១២ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BC-0224 បើកបរដោយឈ្មោះ ថេ គុច ភេទប្រុស អាយុ៣៤ ឆ្នាំ មានទីលំនៅភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ របួសធ្ងន់ ។
សមត្ថកិច្ចដដែលបានឲ្យដឹងទៀតថា ករណីទី២ កើតឡើងរវាងម៉ូតូ និងម៉ូតូដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់ទិសដូចគ្នា ដែលម៉ូតូទី១ម៉ាក Next ពណ៍ស ខ្មៅ គ្មានស្លាកលេខ បើកបរដោយ ឈ្មោះ ប៊ន ឆៃរ៉ុង ភេទប្រុស អាយុ២១ ឆ្នាំ មានទីលំនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីពេទ្យបង្អែកស្រុកបាទី និងអ្នករួមដំណើ់រម្នាក់ទៀតឈ្មោះ ឃន ផាន្នី ភេទប្រុស អាយុ២២ ឆ្នាំ មានទីលំនៅភូមិបី ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល រងបួសធ្ងន់ បានទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកហុងដា C125 សេរី ២០១៧ ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1GN-5265 បើកបរដោយឈ្មោះ ថន ពិសិដ្ឋ ភេទប្រុស អាយុ២៤ ឆ្នាំ មានទីលំនៅភូមិអំពៅព្រៃពី ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រងបរបួសធ្ងន់ ។ ទាំង ៥ នាក់ធ្វើដំណើរដោយមិនបានពាក់មួកសុវត្ថិភាពនោះទេ ហើយចំពោះមូលហេតុដែលនាំឲ្យកើតមានគ្រោះថ្នាក់គឺបណ្តាលមកពីបើកបរដោយល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ។
ក្រោយពេលកើតហេតុអ្នករងបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកបាទី ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
បច្ចុប្បន្ន កម្លាំងជំនាញនៃអធិការដ្ឋានបានដកហូតវត្ថុតាងយកមករក្សាទុកដើម្បីបំពេញបែបបទបន្ត៕ ភ្នំដា