ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូកម្ពុជាចំនួន៦រូបដើម្បីចូលរួមសន្និសីទអាស៊ាន ស្តីពីយេនឌ័រស្រ្តី ក្នុងវិស័យនយោបាយ (ASEAN Conference on Women in Politics, Kuala Lumpur, Malaysia) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក Dato’ Sri Mohd Najib Tun Haji Abdul Razak នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងក៏ជាប្រធានសមាគមអាស៊ានឆ្នាំ២០១៥-ឆ្នាំ២០១៧ នៅទីក្រុងកូឡាឡាំពួ។ សន្និសីទអាស៊ាននេះ ដែល នឹងចាប់ផ្ដើមឡើងពីថ្ងៃទី១៧ ដល់១៩ តុលា ឆ្នាំ២០១៧ នៅទីក្រុងកូឡាឡាំពួប្រទេសម៉ាឡេស៊ី ក្នុងនោះ មានប្រទេសជា សមាជិកអាស៊ានក្នុងតំបន់អាស៊ីចូលរួម នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោកអូស្មាន ហាស្សាន់ មុននឹងចេញដំណើរនៅអាកាសយាន ដ្ឋានអន្ដរជាតិភ្នំពេញ កាលពីថ្ងៃទី ១៦ តុលា ឆ្នាំ២០១៧។
លោកបន្ដថា៖ ទន្ទឹមនឹងការអញ្ជើញចូលរួមសន្និសីទនេះ លោកនឹងចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយៈ លោក Dato’Sri Dr.Ahmad Zahid Hamidi ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ី ស្ដីពី ពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសម៉ាឡេស៊ីនិងបណ្តាស្ថាប័ន អង្គការសមាគម ស្តីអំពីវិស័យមនុស្សធម៌ នានា នៅកម្ពុជា ផងដែរ។
នៅក្នុងជំនួបនេះ ផងដែរ លោក អូស្មាន ហាស្សាន់ ក៏បានបញ្ជាក់អំពីគោលនយោបាយ របស់រាជរដ្ឋាភិបាល កម្ពុជាបានបើកចំហរឈើងមេឃ មានន័យថាកម្ពុជាបើក ទូលាយ ជូនវិស័យឯកជន ចូលមកវិនិយោគលើគ្រប់វិស័យ ។ ទន្ទឹម នឹងនេះក្នុងនាមលោកតំណាងឲ្យសហគមន៏ខ្មែរឥស្លាមទូទាំងប្រទេស លោកក៏សូមអគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលថ្មីៗនេះ សម្ដេចបានថ្លែងអំពាវនាវទៅដល់ម្ចាស់រោងចក្រសហគ្រាស និងក្រុមហ៊ុនឯកជននានា អនុញ្ញាតឲ្យនារីខ្មែរ-ឥស្លាម អាចចូលបម្រើការងារដោយស្លៀកសម្លៀកបំពាក់តាមប្រពៃណីរបស់ពួកគេ ដោយមិនបាច់ស្លៀកឯកសណ្ឋានកំណត់ ដោយក្រុមហ៊ុននោះ ។
លោក អូស្មាន ហាស្សាន់ ក៏ត្រៀមនឹងបង្ហាញពីឱកាសវិនិយោគវិស័យនានា ជាពិសេសវិស័យធនាគារនៅកម្ពុជា ក្នុងរយៈពេលជាង២ទស្សវត្សចុងក្រោយនេះ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រេច បាននូវវឌ្ឍនភាពគួរជាទីមោទនៈលើគ្រប់វិស័យ ជាពិសេស ការរក្សាបាននូវស្ថេរភាពពេញលេញ ស្ថេរភាព នយោបាយរឹងមាំកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាពក្នុងអត្រាជាមធ្យមជាង០,៧% ក្នុងមួយឆ្នាំ ដែលបានធ្វើអោយអត្រាក្រីក្រ ហក់ថយចុះយ៉ាងលឿនជាទីបំផុត ដែលកាលពីឆ្នាំ ២០០៤ មានជាង៥០ភាគរយ មកនៅជាង១០ភាគរយប៉ុណ្ណោះនៅបច្ចុប្បន្ន៕ សំរិត