ភ្នំពេញៈ រថយន្តហាយឡែនឌ័រមួយគ្រឿង ប្រើប្រាស់ល្បឿនលឿន បានរេចង្កូតទៅបុកខឿនរង្វង់មូលព្រហ្មមុខបួន បណ្ដាលឲ្យរថយន្តដាច់កង់មុខម្ខាង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវលេខ៦ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ប្រភពពត៌មាននៅកន្លែងកើតហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ និងអ្នករួមដំណើរពីរបីនាក់ទៀត បានបើករថយន្តហាយឡែនឌ័រមួយគ្រឿង ពណ៌ស្ករ គ្មានស្លាកលេខ បើកល្បឿនលឿនក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកខឿនរង្វង់មូលព្រហ្មមុខបួនពេញទំហឹង បណ្តាលឲ្យរថយន្តរងដាច់ក្រឡេកង់មុខ បើកទៅមុខលែងរួច ចំណែកម្ចាស់រថយន្ត និងអ្នករួមដំណើរខាងលើ ត្រូវបានរថយន្តមួយគ្រឿងទៀតមកដឹកចេញពីកន្លែងកើតហេតុ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញចរាចរ បានចុះមកវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ រថយន្តចូលមកដោះស្រាយតាមផ្លូវច្បាប់៕ ជ្រោយពេជ្រ