ព័ត៌មានទាន់ហេតុការណ៍៖

(វីដេអូ)៖ គយត្បូងឃ្មុំឈ្មោះជ័យ រិនអាយុ៥៣ឆ្នាំបាញ់សម្លាប់អតីតប្រពន្ធសាន ស្រីឡៃបេក្ខភាពThe Voice Cambodia៣គ្រាប់ មុនបាញ់ខ្លួនឯង១គ្រាប់ស្លាប់ក្នុងថ្លុកឈាមក្បែរគ្នា

ចែករំលែក៖

ភ្នំពេញ៖ មនុស្ស២នាក់បានបាត់បង់ជីវិតក្នុងថ្លុកឈាមក្បែរគ្នាតែមួយប៉ព្រិចភ្នែក បន្ទាប់ពីស្នូរកាំភ្លើង៤គ្រាប់បានបន្លឺឡើងកាលពីវេលាម៉ោងរសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧។

គេរាយការណ៍ឲ្យដឹងថា ការផ្ទុះអាវុធនេះ ស្ថិតនៅចំណុចមន្ទីរពេទ្យតាឡុងហ្គោ ផ្លូវ៣៦០កែងនឹងផ្លូវ៥៧ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបង្ហើបថា ជនសង្ស័យនៅមុនពេលកើតហេតុបានជិះម៉ូតូមួយគ្រឿងមកកាន់ទីតាំងកើតហេតុខាងលើសួររកឈ្មោះជនរងគ្រោះ ។ បន្ទាប់មក ជនរងគ្រោះបានដើរចេញមកជួបជនសង្ស័យ រួចក៏មានការឈ្លោះប្រកែកគ្នាតឹងសរសៃក ហើយពេលនោះជនសង្ស័យបានធ្វើសកម្មភាពដកកាំភ្លើងចេញពីខ្លួនបាញ់ជនរងគ្រោះ៣គ្រាប់បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។ បន្ទាប់មក ជនសង្ស័យក៏បានបាញ់សម្លាប់ខ្លួនឯងមួយគ្រាប់ស្លាប់នៅក្បែរគ្នាតែម្តង។ ជនសង្ស័យបានបន្សល់ទុកម៉ូតូ១គ្រឿងនៅកន្លែងកើតហេតុម៉ាកហុងដា ឌ្រីម ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FN-5923 អាវធំមួយដាក់នៅលើក្បាលម៉ូតូ ព្រមទាំងមួកការពារសុវត្ថិភាពមួយផងដែរ ។

គេបានបង្ហើបថា ករណីនេះ សង្ស័យជារឿងស្នេហាត្រីកោណនោះទេ មិនមែនជារឿងប្លន់អ្វីឡើយ។ ទោះយ៉ាងណា នេះគ្រាន់តែជាការសង្ស័យប៉ុណ្ណោះ រឿងពិតបែបណានោះ ទុកឲ្យសមត្ថកិច្ចជាអ្នកវែកវាំងននខ្មៅទៅចុះ ។

នារីរងគ្រោះត្រូវបានស្គាល់ឈ្មោះ សាន ស្រីឡៃ ជាបេក្ខភាព The Voice Cambodia រដូវកាលទី២ផងដែរ ។ រីឯខ្មាន់កាំភ្លើងឈ្មោះ ជ័យ រិន អាយុ៥៣ឆ្នាំ មុខរបរជាមន្ត្រីគយប្រចាំនៅខេត្តត្បូងឃ្មុំ(អតីតជាគយក្រុងប៉ោយប៉ែតត្រូវផ្លាស់ទៅខេត្តត្បូងឃ្មុំ) និងមានស្រុកកំណើតនៅខេត្តព្រៃវែង ហើយដែលគេដឹងថា ជាអតីតប្តីរបស់ជនរងគ្រោះមានកូនប្រុស២នាក់ ៕  ស រស្មី


ចែករំលែក៖