ខេត្តបាត់ដំបង៖ កិច្ចប្រជុំដោះស្រាយបន្ទាន់មួយរវាងអាជ្ញាធរកម្ពុជាស្រុកសំពៅលូនខេត្តបាត់ដំបង និងមេទាហានប៉ារ៉ាថៃនៅច្រកតំបន់ខៅធីន ស្រុកខ្លងហាត ខេត្តស្រះកែវ ឈមនិងច្រកគីឡូ១៣ ស្រុកសំពៅលូន ខេត្តបាត់ដំបង ទៅនឹងការតវ៉ាបិទច្រកទ្វារព្រំដែនពីសំណាក់អាជីវករខ្មែរទៅនិងទាហានប៉ារ៉ាថៃហាមឃាត់មិនឲ្យកសិផលខ្មែរនាំចូលទៅលក់ក្នុងផ្សារថៃ។លទ្ធផលនៃកិច្ចប្រជុំសេចក្តីរាយការណ៍ឲ្យដឹងថាភាគីថៃបានសម្របសម្រួលឲ្យអាជីវករខ្មែរដែលតវ៉ានោះអនុញ្ញាតឲ្យនាំយកកសិផលខ្មែចូលទៅលក់ក្នុងផ្សារថៃធម្មតាបណ្តោះអាសន្ននោះវិញ រង់ចាំការដោះស្រាយរបស់ថ្នាក់លើរបស់ភាគីថៃបន្ថែមទៀត។
កិច្ចប្រជុំដោះស្រាយរវាងភាគីកម្ពុជានិងថៃ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅមាត់ច្រកទ្វារព្រំដែនខៅឌីនទឹកដីថៃ ឈមនិងច្រកគីឡូ១៣ ស្រុកសំពៅលូន ក្រោមការដឹកនាំកិច្ចប្រជុំភាគីកម្ពុជាដោយលោក ឃៀង យាង អភិបាលស្រុកសំពៅលូនថ្មី ចំណែកភាគីថៃ ដឹកនាំដោយលោកវរសេនីយ៍ឯក អេក ឃីស៊ីត ប្រធានសេនាធិការកងកម្លាំងប៉ារ៉ាទទួលទិសស្រុកខ្លងហាត ខេត្តស្រះកែវ។
លោកវរសេនីយ៍ឯក ឈុន លន់ ប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំច្រកតំបន់ស្រុកសំពៅលូនប្រាប់ឲ្យដឹងថា៖កិច្ចប្រជុំរវាងរវាងភាគីទាំង២ក្រោយពីមានការជជែកអស់រយៈពេលជាង៣ម៉ោងរួចមកគឺទាហានប៉ារ៉ាថៃ បានសម្របសម្រួលឲ្យអាជីវករខ្មែរនាំចូលកសិផលដែលបានហាមឃាត់ទៅលក់ជាធម្មតានោះវិញនៅក្នុងផ្សារថៃ មិនត្រូវបានបង្រ្កាបចាប់នោះទេ។ក៏ប៉ុន្តែភាគីថៃគេបានលើកឡើងទៀតថា បញ្ហានោះភាគីថៃគេសុំយកសំណើរភាគីកម្ពុជាទៅជួបជជែកដោះស្រាយជាមួយថ្នាក់លើរបស់ថៃបន្តទៀតថាតើត្រូវបានអនុញ្ញាតឲ្យអាជីវករខ្មែរបន្តនាំចូលកសិផលគ្មានការបង់ពន្ធរឺត្រូវបង់ពន្ធរ៉ាយ៉ាងណានោះទេ។
ភាគីថៃ គេបានលើកឡើងថា បើសិនអាជីវករខ្មែរនាំចូលកសិផលលក្ខណៈគ្រួសារទ្រង់ទ្រាយតូចតាចចាប់ពី១០០គីឡូក្រាមដល់២០០គីឡូក្រាមថៃគេមិនចាប់បង់ពន្ធនោះទេ ដោយសារកន្លងមក អាជីវករខ្មែរនាំចូលកសិផលលក់នៅក្នុងផ្សារថៃជាលក្ខណៈលក់ចែកចាយជាជំនួញទ្រង់ទ្រាយធំ។
សូមរំលឹកថា កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ អាជីវករខ្មែរប្រមាណ៣០ទៅ៤០នាក់បាននាំគ្នាតវ៉ាយករទេះបិទផ្លូវច្រកតំបន់ព្រំដែនស្រុកសំពៅលូនខេត្តបាត់ដំបង ឈមនិងច្រកទ្វារព្រំដែនស្រុកខ្លងហាត ខេត្តស្រះកែវ បង្កឲ្យមានការរាំងស្ទះនៃការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ថៃអស់រយៈពេលជាង៥ម៉ោងតវ៉ាទៅនឹងទាហានប៉ារ៉ាថៃដែលទើបតែផ្លាស់ប្តូរមកឈរជើងនៅច្រកតំបន់ទ្វារព្រំដែនខាងលើហើយបានចាប់បង្រ្កាបកសិផលខ្មែររួមមានម្ទេស ផ្លែស្វាយ ផ្លែល្ហុង ផ្លែល្ពៅ មិនឲ្យចូលលក់នៅក្នុងផ្សារថៃនោះឡើយ។ ការបង្រ្កាបនោះត្រូវបានអាជីវករខ្មែរចោទប្រកាន់ថាការធ្វើពាណិជ្ជកម្មរវាងខ្មែរនិងថៃ មិនស្មើភាពគ្នា ភាគីថៃគេមានប្រៀបជាង ។
ដោយភាគីថៃគេតម្រូវឲ្យខ្មែរនាំចូលកសិផលមានការសុំច្បាប់បង់ពន្ធត្រឹមត្រូវនិងឲ្យមានការធានាបញ្ជាក់ពីគុណភាពកសិផលចេញដោយក្រសួងកសិកម្មកម្ពុជានោះថែមទៀតទើបគេអនុញ្ញាតឲ្យនាំចូលលក់នៅក្នងផ្សារថៃ។គ្រាដែលកសិផលថៃនាំចូលស្រុកខ្មែរវិញគ្មានការត្រួតពិនិត្យនិងបញ្ជាក់ពីគុណភាពខាងក្រសួងកសិកម្មថៃនោះឡើយ។
បញ្ហានោះហើយបានបង្កឲ្យអាជីវករខ្មែររកស៊ីនាំកសិផលទៅលក់ផ្សារថៃកើតទុកមិនសុខចិត្តថាពួកគាត់នាំចូលកសិផលជាលក្ខណៈគ្រួសារម្នាក់ៗពី១០ទៅ២០គីឡូក្រាមតើចាំបាច់ទៅសុំច្បាប់ទៅដល់ក្រសួងកសិកម្មដែរយ៉ាងណា។
ពួកគាត់ចោទសួរវិញថាចុះកសិផលថៃដែលនាំចូលស្រុកខ្មែរពួកគាត់មិនឃើញមានការបញ្ជាក់ពីគុណភាព និងគ្មានការបង់ពន្ធផងហេតុអ្វីត្រូវបាននាំចូលស្រុកខ្មែរយ៉ាងរលូននោះ។
បញ្ហាតវ៉ាមានការជម្រោងជម្រះនោះហើយ ទើបធ្វើឲ្យខាងភាគីកម្ពុជា យកសំណើរ របស់់អាជីវករខ្មែរលើកឡើងខាងលើបែបនោះទៅចចារជាមួយភាគីថៃ ទើបភាគថៃគេអរគុណដល់ភាគីកម្ពុជាដែលបានសម្របសម្រួលឲ្យកសិផលថៃនាំយកទៅលក់នៅក្នុងស្រុកខ្មែរកន្លងមកនោះ។
ការតវ៉ាបិទច្រកទ្វារព្រំដែនកម្ពុជា-ថៃខាងលើកាលពីព្រឹកម្សិលមិញអស់រយៈពេលជាង៥ម៉ោងបន្ទាប់មកត្រូវបានអាជីវករខ្មែរដកថយវិញសម្រួលចរាចរណ៍ដំណើរការឡើងវិញក្រោយពីអាជ្ញាធរស្រុកសំពៅលូន បានបើកកិច្ចប្រជុំជាមួយទាហានឈុតខ្មៅថៃ ប្រចាំច្រកទ្វារព្រំដែនខាងលើនោះ និងបានប្រជុំសម្របសម្រួលជាមួយអាជីវករខ្មែរ ក្នុងការយកសំណើររបស់អាជីករខ្មែរទៅចចារដោះស្រាយជាមួយភាគីថៃ៕ សំ វិច្ឆិកា