ខេត្តរតនគិរី៖ អាជ្ញាធរក្រុងបានលុង ក៏ដូចជាថ្នាក់ដឹកនាំខេត្តរតនគិរីនៅតែមិនអាចដោះស្រាយបញ្ហាគំនរសំរាម ដែលគរនៅជុំវិញផ្សារបានលុងនេះបានដែរ បើទោះបីជារឿងនេះបានអូសបន្លាយអស់រយៈពេលជាង១ខែក៏ដោយ។ ថ្នាក់ដឹកនាំក្រុងបានលុងក៏ដូចជាថ្នាក់ដឹកនាំខេត្តរតនគិរី ដែលមានលំនៅឋានក្នុងក្រុងនេះ ពេលជិះរថយន្តកាត់គំនរសំរាមបានត្រឹមយកដៃខ្ទប់ច្រមុះខ្លួននៅក្នុងរថយន្តប៉ុណ្ណោះ។
ប្រជាពលរដ្ឋក្រុងបានលុងមិនយល់អំពី បញ្ហានេះនៅពេលដែលពួកឈ្មួញកំពុងធ្វើ ឲ្យប្រជាពលរដ្ឋជួបបញ្ហា បែរជាអាជ្ញាធរ ទាំងក្រុង និងខេត្តមិនព្រមជួួយដោះស្រាយ នោះឡើយ ។
ប្រធានក្រុមហ៊ុនវិនិយោគផ្សារ និង ប្រធានក្រុមហ៊ុនអនាម័យសំរាមក្រុងបានលុងកំពុងប្រឈមមុខដាក់គ្នាក្រោយពីគំនរ សំរាមគរចោលជិតមួយឆ្នាំគ្មានដំណោះស្រាយខាងផ្សារថាសំរាមជាភារកិច្ចប្រមូលរបស់ប្រធានក្រុមហ៊ុនអនាម័យសំរាមក្រុង។ ចំណែកខាងប្រធានក្រុមហ៊ុនអនាម័យ សំរាមក្រុងថាខាងប្រធានក្រុមហ៊ុនវិនិយោគផ្សារមិនបានបង់ថ្ងៃដឹកជញ្ជូនសំរាមជិត មួយឆ្នាំមកហើយ ។
លោកឧកញ៉ា សា លាង ប្រធានក្រុមហ៊ុនវិនិយោគផ្សារមានជំនាញខ្លាំងបំផុតគឺខាងប្តឹងអ្នកណាម្នាក់ដែលហានលូកដៃ ចូលកកូរកកាយរឿងវិនិយោគផ្សារនេះនឹង ត្រូវដកចេញពីតំណែងភ្លាម។ ព្រោះលោក ឧកញ៉ា សា លាង មានខ្នង ក្រាស់ចាំជួយពីសាលាខេត្តតួយ៉ាងដូចអតីតអភិបាលក្រុងបានលុងត្រូវដកចេញយ៉ាងផុយដូច្នោះដែរ។
លោក ជា គួង ប្រធានក្រុមហ៊ុនវិនិយោគសំរាមក្រុងបានលុងបានលើកឡើងថា លោកឧកញ៉ា សា លាង មិនបានឲ្យប្រាក់ថ្លៃដឹកជញ្ជូនសំរាមទេ។ ជាមួយគ្នានេះបាន ប្តឹងលោកទៅកាន់ក្រសួងមហាផ្ទៃឲ្យចាប់ខ្លួនលោកដាក់គុកព្រៃសថែមទៀត ដោយសហការជាមួយនឹងបុគ្គលព្រះរាជអាជ្ញារងម្នាក់នៃសាលាដំបូងរាជធានីទៅវិញ ។
លោក ជា គួង បានរំលឹកថា កន្លងមកលោកធ្លាប់បានប្តឹងលោកឧកញ៉ា សា លាង នេះទៅក្រសួងមហាផ្ទៃម្តងរួចមកហើយ ព្រោះតែមិនបង់លុយថ្លៃប្រមូលសំរាម តែត្រូវបានគេរត់ការបិទជាប់មិនឃើញមានការដោះស្រាយឡើយ។ យ៉ាងណាលោក អះអាងជាថ្មីថា បើទោះមានគេរត់ការបិទក៏ ដោយក៏លោកនឹងថែមបណ្តឹងថ្មីសើរើករណី នេះឡើវិញដែលគេហៅថា បណ្តឹងលើកទី២ដោយភ្ជាប់ទៅជាមួយបណ្តឹងចាស់ដែល ក្រសួងកប់ចោលមិនចាត់ការនោះ ។
ប្រធានក្រុមហ៊ុនវិនិយោគសំរាមក្រុងបានលុងរូបនេះក៏បានបន្ថែមថា ក្រៅពី ពាក្យបណ្តឹងនេះក៏នឹងមានបណ្តឹងដូចគ្នានេះទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយដែរចៀសវាងការបាត់បង់នូវបណ្តឹងឬការ រត់ការបិទសំណុំរឿងដូចមុនៗទៀត ។
គួរបញ្ជាក់ថា បញ្ហាសំរាមនៅផ្សារបាន លុងបានក្លាយទៅជាបញ្ហាចម្រូងចម្រាស ស៊ីសាច់ហុតឈាមគ្នារវាងប្រធានក្រុមហ៊ុនវិនិយោគផ្សារនឹងប្រធានក្រុមហ៊ុនអនាម័យ សំរាមក្រុងបានលុង ព្រោះតែចង់ឈ្នះ ដោយមិនចង់បង់ខាត ហើយប្រើប្រព័ន្ធ តុលាការតាមរយៈចៅក្រម ព្រះរាជអាជ្ញា ខិលខូចខ្លះដែលជាបក្ខពួកខ្លួន ។
គួររំលឹកថា បញ្ហាសំរាមនៅផ្សារក្រុង បានលុងមិនដឹងថា ពេលណានឹងត្រូវបញ្ចប់ ឡើយបន្ទាប់ពីក្រុមហ៊ុនវិនិយោគផ្សារ និង ក្រុមហ៊ុនអនាម័យសំរាមមានទំនាស់ពី បញ្ហាបង់លុយមិនគ្រប់ចំនួនតាំងពីឆ្នាំ ២០១០មកម្លេ៉ះ ។
បញ្ហានេះមិនត្រឹមដោះស្រាយរឿងចាស់មិនរួចនោះទេ រហូតដល់ពេលនេះកើតមាន បញ្ហាថ្មីមួយគឺក្រុមហ៊ុនអនាម័យសំរាមមិនបានទទួលប្រាក់ថ្លៃសេវាប្រចាំខែពីក្រុមហ៊ុន ហេង ដារ៉ា វិនិយោគផ្សារក្រុងបានលុង ចាប់តាំងពីខែមេសា ឆ្នាំ២០១៧រហូតមក ដល់ខែកញ្ញានេះ ។
លោកឧកញ៉ា សា លាង ធ្លាប់បាន និយាយថា អាជ្ញាធរក្រុងបានជួលរថយន្ត មកដឹកសំរាមនោះចេញ ដូច្នេះក្នុងខែមេសា នោះខាងសាលាក្រុងលោកមិនបង់ប្រាក់ទៅឲ្យក្រុមហ៊ុនអនាម័យនោះទេ។ ក៏ប៉ុន្តែ ចាប់ពីខែឧសភាមកលោករង់ចាំបង់់ប្រាក់ដែរតែមិនឃើញខាងក្រុមហ៊ុនមកយក មិនមែនលោកមិនបង់ទេគឺខាងក្រុមហ៊ុន អនាម័យខ្លួនឯងមិនមកយក ។
លោក ងិន ណែល អភិបាលក្រុងបានលុងបានឲ្យដឹងកាលពីកន្លងទៅថា ករណី បង់សេវាសំរាមលោកមិនបានហាមឃាត់ មិនឲ្យបង់នោះទេ លោកគ្រាន់តែឲ្យខាង ក្រុមហ៊ុនសំរាមចេញថ្លៃឈ្នួលកើបដឹកតែប៉ុណ្ណោះ ប៉ុន្តែក្រុមហ៊ុនអនាម័យសំរាមមិនបានចេញថ្លៃកើបដឹកនោះឡើយ ។
លោកអភិបាលក្រុងបានបន្តថា បើ ទោះជាថ្លៃដឹកសំរាមនៅថ្ងៃកើតហេតុការណ៍នោះក្រុមហ៊ុនសំរាមមិនសងលោកក៏អត់ទៅចុះលោកមិនគិតទេតែចំពោះថា លោក មិនឲ្យក្រុមហ៊ុន ហេង ដារ៉ា បង់ប្រាក់សេវាប្រចាំខែឲ្យក្រុមហ៊ុនអនាម័យមិនពិតទេ ។
ដោយឡែកលោក ជា គួង នាយកក្រុម ហ៊ុន គីម ជ្រា អនាម័យសំរាមក្នុងផ្សារបានលុងក៏ធ្លាប់បញ្ជាក់កន្លងមកដោយច្រានចោលការលើកឡើងរបស់លោក សា លាង ហើយលោកថ្លែងចំអកថា គេធ្វើការដើម្បី រកលុយមិនដែលគេឲ្យលុយហើយមិនទៅ យកនោះទេនេះគ្រាន់តែជាពាក្យឆ្លើយដោះសាយកត្រូវប៉ុណ្ណោះ ។
អភិបាលរងខេត្តរតនគិរីលោក ញ៉ែម សំអឿន បានឲ្យដឹងថា មានករណីមិនបង់ ប្រាក់ទាំងស្រុងលោកមិនបានដឹងទេចាំលោកឲ្យគេដោះស្រាយរឿងនេះ ។
ចំណែកលោក ទន់ សុថារ័ត្ន ប្រធាន មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា លោកនឹង ជំរុញឲ្យខាងក្រុមហ៊ុនវិនិយោគផ្សារបង់ប្រាក់ថ្លៃសេវាអនាម័យប្រចាំខែឲ្យទៅក្រុមហ៊ុនអនាម័យសំរាម។ តែលោកមិនបាន បញ្ជាក់ពីការផាកពិន័យបង់ប្រាក់មិនទៀងទាត់យ៉ាងណានោះទេ ។
បើទោះជាយ៉ាងណាអាជ្ញាធរក្រុង និង អាជ្ញាធរខេត្តមិនគួរទុកឲ្យក្រុមហ៊ុនវិយោគទាំង២ចេះតែបង្កបញ្ហាជាបន្តបន្ទាប់មិនចេះចប់រឿងរ៉ាវនោះទេ។ ម្យ៉ាងទៀតរឿង មិនទាន់ដោះស្រាយថែមទាំងបង្កបញ្ហាថ្មីថែមទៀតធ្វើឲ្យផ្សារក្រុងបានលុងមាន សំរាមស្អុយរលួយពេញផ្សារដោយសារ ក្រុមហ៊ុនវិនិយោគមិនគោរពកិច្ចសន្យាសៀវភៅបន្ទុកស្តុកសំរាមខុសទីតាំង ៕ ហេង សូរិយា