ភ្នំពេញ៖ បណ្តឹងសាទុក្ខរបស់ក្រុមមេធាវីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធការប្តឹងប្រឆាំងនឹងដីកាសម្រេចឃុំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នឹងត្រូវតុលាការកំពូល នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ បើកសវនាការជំនុំជម្រះ។
យោងតាមដីការបស់តុលាការកំពូល បង្ហាញថា សវនាការនេះដឹកនាំដោយលោកឃឹម ប៉ុណ្ណ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក អ៊ុក គឹមសិទ្ធិ អគ្គព្រះរាជអាជ្ញារងជាតំណាងមហាអយ្យការ។
គួរបញ្ជាក់ថា សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ កាលពីថ្ងៃទី២៦ ខែកញ្ញា កន្លងទៅ បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ចំពោះមេធាវីរបស់ជនត្រូវចោទ ដែលជាអ្នកប្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាឃុំខ្លួន របស់ជនត្រូវចោទ ។ ប៉ុន្តែបែរជាធ្វើពហិការដើរចេញ មិនបាននៅលើកពីមូលហេតុ នៃបណ្តឹងឧទ្ធរណ៍របស់ខ្លួននៅក្នុងបន្ទប់សវនាការទៅវិញ។
សេចក្តីប្រកាសព័ត៌មានរបស់លោក ទូច ថារិទ្ធិ អ្នកនាំពាក្យសាលាឧទ្ធរណ៍ បញ្ជាក់ទៀតថា ការបកស្រាយពីការប៉ះពាល់ដល់សិទ្ធិ របស់ជនត្រូវចោទរបស់ ក្រុមមេធាវីការពារ លោក កឹម សុខា ជាសាធារណៈ មិនមានលក្ខណៈត្រឹមត្រូវឡើងយ។ សូមបញ្ជាក់ថា សំណុំរឿងនេះ គឺជាសំណុំរឿងមុខអង្គសេចក្តី មិនមែនជាសំណុំរឿងអង្គសេចក្តី ដែលចាំបាច់ត្រូវមានជនជាប់ចោទទេ ភាពខុសគ្នានេះ គឺមានចែងក្នុងច្បាប់ច្បាស់លាស់។
សាលាឧទ្ធរណ៍បញ្ជាក់ថា «នៅក្នុងដំណាក់កាលស៉ើបសួរឈ្មោះ កឹម សុខា មានឋានៈជាជនត្រូវចោទនៅឡើយ ដូច្នេះការលើកយកតាមមាត្រា៣០០ និង៣០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ របស់ក្រុមមេធាវីការពារឲ្យឈ្មោះ កឹម សុខា ដើម្បីទាមទារ ឲ្យមានវត្តមានជនត្រូវចោទក្នុងសវនាការ គឺជាការយល់ច្រឡំធ្ងន់ធ្ងរណាស់ ព្រោះមាត្រានេះចែក មានអត្ថន័យទាក់ទងនឹងជនជាប់ចោទ ដូច្នេះការលើកឡើងរបស់ក្រុមមេធាវីនេះ ហាក់បែរជាទទួលស្គាល់ថា ឈ្មោះ កឹម សុខា គឺជាជនជាប់ចោទ»។
សូមជម្រាបថា ក្រោយបញ្ចប់ការសួរដេញដោលជា អសាធារណៈ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា នេះ លោក ឃុន លាងម៉េង អនុប្រធានសាលាឧទ្ធរណ៍ និង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសភាស៊ើបសួរ សម្រេចតម្កល់ការសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល ពោលគឺ បន្តឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងពន្ធនាគារដដែល ។ នេះបើតាមការបញ្ជាក់របស់លោក ទូច ថារិទ្ធិ អគ្គលេខាធិការរង និងជាអ្នកពាក្យសាលាឧទ្ធរណ៍ ៕ ចេស្តា