នាង Jacinda Ardern អាយុ៣៧ឆ្នាំ ក្លាយជានាយករដ្ឋមន្ត្រីស្រីវ័យក្មេងបំផុតរបស់ New Zealand និងជាមេដឹកនាំដែលមានវ័យក្មេងបំផុតលើពិភពលោក។
សារព័ត៌មាន Bloomberg បានផ្សាយថា លោកស្រី Arden ដែលជាកូនស្រីរបស់ មន្ត្រីប៉ូលិសម្នាក់បានក្លាយជាមេដឹកនាំស្រីវ័យក្មេងបំផុត ក្រោយពេលទទួលបានជោគជ័យនៅក្នុងការបង្កើត រដ្ឋាភិបាលចម្រុះនៅក្នុងប្រទេស។ លោកស្រីJacinda Ardernបានឡើងកាន់តំណែងខ្ពស់បំផុតក្នុងប្រទេស រយៈពេលមិនដល់៣ខែផងដែរ ដែលលោកស្រីបានឡើងកាន់តំណែងជាប្រធានគណបក្សពលករ ដែលជាគណបក្សប្រឈមនឹងវិបត្តិនាពេលកន្លងមក។ ការលេចធ្លោរបស់លោកស្រី Jacinda Ardern ត្រូវបានគេប្រៀបធៀបថា ជាការផ្លាស់ប្តូ របបដឹកនាំ ជំនន់ថ្មីដែលមានភាពវ័យក្មេង ។ កន្លងមក មានប្រទេស អូទ្រីស អៀកឡង់ កាណាដា បារាំង មានមេដឹកនាំវ័យក្មេងក្នុងចំណោមមេដឹកនាំលើពិភពលោក។
លោកស្រីJacinda Ardernមានការទាក់ទាញយ៉ាងខ្លាំង ចាប់តាំងពីលោកស្រី ក្លាយជាមេដឹកនាំគណបក្សពលករកាលពីថ្ងៃទី១ ខែសីហា ។ ដោយសារតែការប្តេជ្ញារបស់លោកស្រី ក្នុងបញ្ហាសង្គម និងកុមារក្រីក្រ និងលំនៅឋានសម្រាប់ពលរដ្ឋដែលមានប្រាក់ចំណូលតិច ធ្វើឲ្យការគាំទ្រ លោកស្រីកើនឡើងយ៉ាងឆាប់រហ័ស។
ដោយសារតែមិនទទួលបានសម្លេងគាំទ្រគ្រប់គ្រាន់ក្រោយការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកញ្ញា ក៏ត្រូវបង្កើតរដ្ឋាភិបាលជម្រុះដោយមានគណបក្សពីរចូលរួម។ ក្រោយពិភាក្សារយៈ១២ថ្ងៃ គណបក្សនយោបាយនៅ New Zealand បានគាំទ្រក្នុងការបង្កើតរដ្ឋាភិបាលជាមួយលោកស្រី។
កន្លងមកថ្មីៗ នៅក្នុងប្រទេសអូទ្រីសអ្នកនយោបាយវ័យក្មេងរាងសង្ហារ Sebastian Kurz ត្រូវបានកត់ត្រានៅក្នុងប្រវត្តិសាស្ត្រជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតក្នុងប្រទេសអូទ្រីស និងនៅតំបន់អឺរ៉ុបទាំងមូល។
លោកSebastian Kurzអាយុ៣១ឆ្នាំ បានឈានដល់កម្រិតកំពូលក្នុងវិស័យនយោបាយរបស់ខ្លួន នៅពេលដែលគណបក្ស VOP របស់លោកទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោតនៅប្រទេសអូទ្រីស។
សារព័ត៌មានរ៉យទ័របានផ្សាយថា តាមលទ្ធផលបោះឆ្នោតដែលបានប្រកាសកាលពីថ្ងៃទី១៦ ខែតុលា គណបក្ស OVP ទទួលបានសម្លេងគាំទ្រ៣១,៤ភាគរយ។ ចំណែកលំដាប់ទីពីរ គឺគណបក្សសេរី FPO ទទួលបានសម្លេងគាំទ្រ២៧,៤ភាគរយ ដោយឡែកគណបក្សសង្គមប្រជាធិបតេយ្យ ទទួលបានសម្លេងគាំទ្រ២៦,៧ភាគរយ។
លោក Sebastian Kurzទទួលបានការចាប់អារម្មណ៍ តាំងពីឆ្នាំ២០១៣ ពេលដែលលោកត្រូវបានតែងតាំងធ្វើជារដ្ឋមន្ត្រីការបរទេស ក្នុងអាយុ២៧ឆ្នាំ និងជាបេក្ខភាពលេចធ្លោជាងគេនៅក្នុងគណបក្ស VOP ។ ដល់ខែឧសភាឆ្នាំ២០១៧ លោកត្រូវបានជ្រើសរើសជាមេដឹកនាំគណបក្ស OVP ហើយប្រកាសដកខ្លួនចេញពីរដ្ឋាភីបាលចម្រុះ និងរៀបចំការបោះឆ្នោតមុនកំណត់៕ ម៉ែវ សាធី