ភ្នំពេញ៖ រថយន្តម៉ាកសាំយ៉ុងកូរ៉េ១គ្រឿង ធ្វើដំណើរពីត្បូងទៅជើង តាមផ្លូវជាតិលេខ២ លុះមកដល់ចំណុចកើតហេតុក្បែរស្នាក់ការកណ្តាលគណបក្សប្រឆាំង ក៏ជ្រុលទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យខូចខាតបែកកង់មុខ និងក្រោយទៅមុខលែងរួច។ ចំណែកអ្នកបើកបរឃើញសភាពមិនស្រួល ក៏ចុះពីលើរថយន្តជិះម៉ូតូគេចខ្លួនបាត់តែម្តង បន្សល់ទុករថយន្តចោលកន្លែងហេតុឲ្យក្រុមសមត្ថកិច្ចជួយមើល។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩និង០០នាទីយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចនៅកន្លែងកើតហេតុបានប្រាប់ថា មុនពេលកើតហេតុ រថយន្តបង្កហេតុបើកបរពីត្បូងមកជើង តែមិនដឹងមានមនុស្សប៉ុន្មាននាក់ទេ។ លុះមក ដល់ចំណុចកើតហេតុខាងលើ មិនដឹងថាជាយ៉ាងម្តេចទេ ក៏ជ្រុលបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យប៉ើងថ្មក្បាលនាគ ហើយរថយន្តបែកកង់មុខខូចខាតយ៉ាងដំណំទៅមុខលែងរួច។
សមត្ថកិច្ចបន្តថា ភ្លាមៗនោះសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ តែពុំឃើញអ្នកបើកបររថយន្តទេ គេចខ្លួនបាត់។
សមត្ថកិច្ចឲ្យដឹងទៀតថា រថយន្តបង្កហេតុម៉ាកសាំយ៉ុង ពណ៌ស្ក ពាក់ ស្លាកលេខ ភ្នំពេញ2N-3378។ ក្រោយកើតហេតុរថយន្តនេះ ត្រូវបានសមត្ថកិច្ច ស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ ទុកឱកាសឲ្យម្ចាស់រថយន្តចូលខ្លួនដោះស្រាយ៕តាឡឹម