ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុងហ្វីលីពីនទទួលបានប្រាក់រង្វាន់៥លានដុល្លារដោយជួយឲ្យសម្លាប់មេដឹកនាំISនៅហ្វីលីពីនដោយមិនដឹងខ្លួន

ចែករំលែក៖

មេដឹកនាំ២រូបរបស់ក្រុមភេរវកម្ម IS នៅទីក្រុងម៉ារ៉ាវី ត្រូវបានសម្លាប់យ៉ាងងាយស្រួល ដោយសារតែមានការជួយពីកុមារអាយុ១៦ឆ្នាំម្នាក់។

មេដឹកនាំភេរវកម្ម Isnilon Hapilon អ្នកដែលគេចាត់ទុកថាជាមេដឹកនាំតំបន់អាស៊ីភាគអាគ្នេយ៍របស់ក្រុម IS ត្រូវបានអាមេរិកប្រកាសផ្តល់ប្រាក់រង្វាន់៥លានដុល្លារ ក្នុងការចាប់ខ្លួន ឬសម្លាប់ និង Omar khayam Maute មេដឹកនាំក្រុមម៉ៅទេ ដែលមានភាពជិតស្និតនឹងក្រុមភេរវកម្ម IS បានគ្រប់គ្រងទីក្រុងម៉ារ៉ាវីនាពេលកន្លងមក ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ពីម្លាំងទាហានហ្វីលីពីន។ ទីក្រុងម៉ារ៉ាវី ត្រូវបានរំដោះទាំងស្រុង ពីក្រុងភេរវកម្ម IS ដែលគ្រប់គ្រងនៅទីនោះអស់ជាច្រើនខែ។

អ្នកដែលមានស្នាដៃក្នុងការជួយដល់កម្លាំងទាហានហ្វីលីពីន អាចសម្លាប់មេដឹកនាំភេរវកម្ម សំខាន់ទាំង២រូប គឺកុមារអាយុ១៦ឆ្នាំ ជាអ្នកភូមិនៅក្នុងតំបន់នោះ។ នៅពេលដែលទាហានហ្វីលីពីនជួយរំដោះចេញពីដៃក្រុម IS កុមារខាងលើបានផ្តល់ព័ត៌មានស្តីពីទីតាំង មេដឹកនាំទាំង២រូបយ៉ាងច្បាស់ គឺនៅក្នុងអគារមួយក្នុងទីក្រុងម៉ារ៉ាវី។

កន្លងមក ក្រសួងការបរទេសអាមេរិកធ្លាប់បានប្រកាសផ្តល់ប្រាក់រង្វាន់៥លានដុល្លារ ដល់បុគ្គលណាមួយ ដែលប្រាប់ពីទីតាំងឈានដល់ការចាប់ខ្លួនមេភេរវកម្ម Hapilon។ មេភេរវកម្មរូបនេះ រងការចោទប្រកាន់ថា បានសម្លាប់ពលរដ្ឋអាមេរិកជាច្រើនរូប កាលពីឆ្នាំ២០០១ ហើយធ្លាប់កាត់ក្បាលជនជាតិអាមេរិកម្នាក់នៅក្នុងខេត្ត Basilan ហ្វីលីពីន។

អ្នកនាំពាក្យអគ្គរដ្ឋទូតអាមេរិកប្រចាំនៅហ្វីលីពីនបានឲ្យដឹងថា តាមលទ្ធផលត្រួតពិនិត្យ DNA បង្ហាញឲ្យឃើញថា អ្នកដែលត្រូវទាហានហ្វីលីពីនសម្លាប់នោះពិតជា Hapilon ជាបុគ្គល ដែលអាមេរិកតាមចាប់ខ្លួន។ ក្រោយជោគជ័យខាងលើ កុមារអាយុ១៦ឆ្នាំ នឹងទទួលបានប្រាក់រង្វាន់ពី FBI អាមេរិកចំនួន៥លានដុល្លារ។

ប៉ុន្តែសារព័ត៌មាន Daily mail បានផ្សាយថា ប្រាក់ទាំងនោះ មិនទាន់អាច ប្រគល់ឲ្យកុមារខាងលើក្នុងរយៈពេលខ្លីបានឡើយ។ ទាហានហ្វីលីពីនជាច្រើនរូប ក៏បានប្រកាសថា ខ្លួនគួរតែទទួលបានប្រាក់រង្វាន់មួយចំណែក ដោយសារតែបានចូលរួមផ្ទាល់ក្នុងការសម្លាប់ Hapilon។

ក្រោយពេល Hapilon និងមេដឹកនាំម៉ៅទេត្រូវបានសម្លាប់ ទាហានហ្វីលីពីនបានថតរូប សាកសពទាំង២នាក់ខាងលើ ផ្សាយជាសាធារណៈ។ ក្រៅពីនេះ មេដឹកនាំ មួយរូបផ្សេងទៀតជនជាតិម៉ាឡេស៊ី ស្និតនឹង Hapilonក៏ត្រូវបានសម្លាប់នៅទីក្រុងម៉ារ៉ាវីផងដែរ។

ក្រុមអ្នកវិភាគបញ្ជាក់ថាទាំងនោះមិនមែនជាជោគជ័យរបស់ហ្វីលីពីនតែម្នាក់នោះឡើយ គឺជាជោគជ័យក្នុងតំបន់អាស៊ានទាំងមូល។ បើមេដឹកនាំក្រុមភេរវកម្មទាំង២រូបខាងលើ មិនទាន់ស្លាប់ទេនោះ វាជាបញ្ហាដ៏ធំបំផុត ដល់សន្តិសុខស្ថេរភាពនៅក្នុងតំបន់៕ ម៉ែវ សាធី


ចែករំលែក៖