ភ្នំពេញ៖ ភាពយន្តបរទេសប្រមាណជាង៣ពាន់រឿង ត្រូវបានបញ្ជូនមកវាយតម្លៃឋ និងជ្រើសរើសយកមកចាក់បញ្ចាំងនៅក្នុងកម្មវិធីមហាស្របភាពយន្តខ្លីចតុមុខ ឆ្នាំ២០១៧នេះ។ ក្នុងនោះ ភាពយន្តខ្លីចំនួន១៥៨ប៉ុណ្ណោះ ដែលត្រូវបានជាប់ហើយយកមកចាក់បញ្ចាំងនៅតាមរោងភាពយន្ត និងបណ្តាមជ្ឈមណ្ឌលវប្បធម៌ជាច្រើនកន្លែងទៀត។
ការប្រកាសនេះ ត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី២៥ ខែតុលាក្នុងកម្មវិធីប្រកាសបើកកម្មវិធីមហោស្រពភាពយន្តខ្លីចតុមុខឆ្នាំ២០១៧ នៅសាលមហោស្រពចតុមុខ ក្រោមវត្តមានភ្ញៀវជាតិ អន្តរជាតិ សិល្បករ ផលិតករ មន្ត្រីក្រសួងនានាជាច្រើនចូលរួមផងដែរ។
ក្នុងឆ្នាំនេះ កម្មវិធីមហោស្រពភាពយន្តខ្លីចតុមុខ នឹងចាក់បញ្ចាំងរឿងសរុប១៥៨រឿង ដែលក្នុងនោះ មានភាពយន្តខ្មែរជាប់ការប្រកួតចំនួន២៨រឿង និងរឿងសម្រាប់ចាក់បញ្ចាំងពិសេសចំនួន២៧រឿង ដែលនឹងត្រូវចាក់បញ្ចាំងនៅរោងភាពយន្ត និងសាលនានាចំនួន១១កន្លែង ក្នុងនោះមានសាលចតុមុខ រោងភាពយន្ត Legend ទាំង៣សាខា រោងភាពយន្តMajor Cineplex , រោងភាពយន្ត Prim Cineplex, សាលបូផានណា , កោះពេជ្រ , ផ្ទះមេត្តា ,សាលសាលាបារាំង និងសាលបារាយអណ្តែតខេត្តសៀមរាប ដែលការបញ្ចាំងនេះ ចូលរួមទស្សនាដោយសេរី ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧។
លោកជា សុខហ៊ី ប្រធានមហោស្រពភាពយន្តខ្លី២០១៧ បានថ្លែងប្រាប់ភ្នាក់ងារយកព័ត៌មាននគរវត្តថា មហោស្រពនេះ គឺជាកម្មវិធីមួយរៀបចំឡើងសម្រាប់យុវជនខ្មែរ ដែលស្រលាញ់វិស័យភាពយន្ត ដោយការផ្តល់ឱកាសបញ្ចេញស្នាដៃ និងការទទួលបានព័ត៌មានកាន់តែច្រើនពីវិស័យភាពយន្ត ហើយក៏ជាស្ពានតភ្ជាប់យុវជនទៅកាន់វិស័យភាពយន្តដែរ។ លោកថា កម្មវិធីនេះក៏នឹងជួយពង្រឹង និងពង្រីកវិស័យភាពយន្តខ្មែរឲ្យកាន់តែរីកចម្រើននាថ្ងៃអនាគត។
លោកសោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងកោតសរសើរចំពោះកម្មវិធីមហោស្រពនេះ ដែលជួយជំរុញឲ្យវិស័យភាពយន្តនៅកម្ពុជាកាន់តែរីកចម្រើន។ លោកក៏ស្នើឲ្យការបង្កើតស្នាដៃថ្មីៗចូលរួមលើកតម្កើងតម្លៃសិល្បៈ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ខ្មែរ ។ ក្រសួង ក៏គាំទ្រឲ្យមានកម្មវិធីនេះជាបន្តទៀត និងស្នើឲ្យយុវជនបន្តការខិតខំប្រឹងប្រែងបណ្តុះការយល់ដឹងអំពីតម្លៃនៃវិស័យភាពយន្ត និងបង្កើតស្នាដៃថ្មីៗទាំងបរិមាណ និងគុណភាព និងក្លាយជាអ្នកបន្តវេន និងជានិរន្តរភាព ទប់ស្កាត់លំហូរចូលនៃវប្បធម៌មិនល្អពីបរទេស។
គួរបញ្ជាក់ដែរថា ក្នុងឆ្នាំនេះផងដែរមហោស្រពភាពយន្តខ្លី ក៏ដាក់ឲ្យមានការបោះឆ្នោតវាយតម្លៃពីសំណាក់ទស្សនិកជនចូលរួមទស្សនាផងដែរ៕ វឌ្ឍនា