ព័ត៌មានទាន់ហេតុការណ៍៖

ឆេះរោងចក្រផលិតកាំជ្រួចផ្កាភ្លើងស្លាប់កើនឡើង៤៧នាក់នៅប្រទេសឥណ្ឌូនេសុី

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយ ឥណ្ឌូនេស៊ីបានឲ្យដឹងនៅថ្ងៃទី២៦ ខែសីហាថា មានករណី ផ្ទុះឆេះរោងចក្រផលិតកាំជ្រួចផ្កាភ្លើងនៅតំបន់ភាគខាងលិចទីក្រុងហ្សាការតា បណ្តាលឲ្យអ្នកស្លាប់កើនឡើងដល់ទៅ៤៧នាក់ និងរងរបួសជាច្រើននាក់ទៀត។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ កើតឡើងនៅតំបន់ឧស្សាហកម្ម Tangerang ជាទីក្រុង «រណប» នៅក្នុងក្រុងហ្សាការតា។ នៅពេលមានគ្រោះថ្នាក់កើតឡើង មានកម្មករធ្វើការនៅក្នុងរោងចក្រនោះរហូតដល់១០៣នាក់។

លោក Nico Afinta ជាប៉ូលិសទីក្រុងហ្សាការតាបញ្ជាក់ថា ជនរងគ្រោះឆេះខ្លោចមិនអាចកំណត់អត្តសញ្ញាណបានឡើយ។ ផ្នែកជាច្រើននៃអគារបានស្រុតទាំងស្រុង ក្រោយពេលភ្លើងឆាបឆេះ។ សាក្សីនៅកន្លែងកើតហេតុបានរៀបរាប់ឲ្យដឹងថា ពួកគាត់បានឮសូរសំឡេងផ្ទុះខ្លាំងៗចេញពីរោងចក្រខាងលើ។

ចំណែកទូរទស្សន៍ CNN បានផ្សព្វផ្សាយកាល ពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ថា កាលពីថ្ងៃព្រហស្បតិ៍ យ៉ាងហោចណាស់មានមនុស្ស៤៧នាក់បានស្លាប់ និងជាច្រើននាក់ទៀត រងរបួស នៅក្នុងករណីផ្ទុះឆេះរោងចក្រផលិតកាំជ្រួច១កន្លែង នៅជិតរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។

លោក Argo Yuwono អ្នកនាំពាក្យ និងជាមន្ត្រីប៉ូលិសក្នុងតំបន់បានបញ្ជាក់ថា “យើងមិនដឹងទេថា ហេតុការណ៍កើតឡើងបែបម្តេចនោះ ប្រសិនបើកម្មករ១០នាក់នោះ ពិតជានៅក្នុងរោងចក្រនោះ គ្រាមានករណីផ្ទុះឆេះ ពិតណាស់ថា ពួកគេនឹងស្លាប់ទាំងអស់”៕ ម៉ែវ សាធី

 


ចែករំលែក៖